ភ្ញាក់ផ្អើលតារាមួយក្រុមកាន់ហិបមូនិធិរៃអង្គាស់ពេញហាងស៊ុបនាកោះពេជ្រ

មានការភ្ញាក់ផ្អើលពីសំណាក់មជ្ឈដ្ឋានមហាជនជាច្រើនដែលបានចូលទៅលេងកម្សាន្តនៅតំបន់កោះពេជ្ររាជធានីភ្នំពេញស្រាប់តែភ្ញាក់ព្រឺតឃើញមានសុទ្ឋតែតារាលេចធ្លោច្រើនដួងនាំគ្នាស្រែកច្រៀងពេញហ្នឹងខ្លះឈឱបកាន់ហិបលុយរៃអង្គាស់ប្រាក់នៅចំពីមុខហាងមួយ។អ្វីដែលប្លែកសិល្បករទាំងនោះប្រមូលគ្នាលើកទ័ពមករាល់ៗល្ងាចរហូតដល់យប់មិនដឹងផ្តោតលើកម្មវិធីអ្វីឡើយ។

ពាក់ព័ន្ឋជាមួយការភ្ញាក់ផ្អើលនេះត្រូវបានបណ្តាតារាដែលបានចូលរួមកិច្ចការមនុស្សធម៌ខាងលើនាំគ្នាបញ្ជាក់រៀងៗខ្លួនក្នុងនោះតារាកំប្លែងអ្នកនាងគ្រតបានឲដឹងថាអ្នកនាងឆ្លៀតពេលមកជួយកិច្ចការមនុស្សធម៌ខាងលើជាមួយហាង«មីស៊ុបកូនកាត់»ដែលរាប់អានថៅកែស្រី។ម្យ៉ាងទៀតក្នុងនោះនៅថ្ងៃទី១៩ មេសា ខាងមុខនេះយើងមានកម្មវិធីចែកអំណោយដល់«មជ្ឈមណ្ឌលជាតិថែទាំកុមារនិងទារក»ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤រាជធានីភ្នំពេញ។ ម្ល៉ោះហើយទើបសិល្បករទាំងអស់បានរៀបចំដុតដៃដុតជើងគ្នាចែករំលែកការងារជួយកិច្ចការមួយនេះឲបានដើម្បីអំពាវនាវដល់សប្បុរសជនជួយការងារដល់មជ្ឈមណ្ឌលខាងលើ។

មិនខុសពីគំនិតរបស់បងគ្រតលោក សាយសៀរ៉ា តារាសម្តែងក៍បានចូលរួមក្នុងការងារខាងលើជាមួយហាងមីស៊ុបកូនកាត់ដែរដោយលើកឡើងទៀតថា៖ លោករាប់អានជាមួយបងស្រីថៅកែហាងដោយបងស្រីជាមនុស្សមានចិត្តបុណ្យជួយគេគ្រប់រូបភាពមិនរើសអើង។ ម្ល៉ោះហើយនាថ្ងៃទី១៩ មេសា ក្រោយបុណ្យចូលឆ្នាំយើងរៀបចំអំណោយធំមួយដល់កុមារទារកជាង២០០នាក់។ អ៊ីចឹងហើយទើបម្នាក់ៗយកពេលទំនេរស្រែកច្រៀងខ្លះកាន់ហិបជួយអំពាវនាវនៅមុខហាងមិនខ្មាស់ទេដើម្បីឲបងប្អូនដឹងបរិច្ចាកប្រាក់មកជួយអ្នកអត់តិចតួចក្តីចែករំលែកគ្នាខ្មែរតែមួយ។

ដៃឱបធុងហិបប្រាក់ទឹកមុខញញឹមចេញដោយបេះដូងរំពឹងបានដល់ដៃកុមារទារកទីទ័លលោកស្រីថៅកែហាង«មីស៊ុបកូនកាត់»បានថ្លែងដែរថាលោកស្រីកាន់គោលការណ៍ជួយគ្រប់រូបភាពរាលកិក្ចការមនុស្សធម៌ព្រោះលោកស្រីធ្លាប់អត់រស់នៅក្រីក្រកូនកំព្រាយល់ច្បាស់ពីភាពខ្វះខាត។ អ៊ីចឹងមានតែព្យាយាមជួយតាមលទ្ឋភាពដែលអាចធ្វើបានកម្រិតណាយើងជួយតាមកម្លាំង។ មិនត្រឹមតែប៉ុណ្ណឹងទេលោកស្រីរមែងលើកស្ទួយដល់សិប្បកម្មស្មូនឆ្នាំងដីដោយហាងស៊ុបរបស់លោកស្រីប្រកាន់យកស្មូនឆ្នាំងដីធ្វើជារបស់ដាក់មីស៊ុបប្រយោជន៍ជួយដល់អ្នកស្មូនឆ្នាំងតាមខេត្ត។ តាមរយៈដំណឹងនេះសូមមិត្តយុវវ័យប្រជាពលរដ្ឋទាំងអស់ជួយបរិច្ចាកហើយមកលេងកោះពេជ្រកុំភ្លេចមកទីតាំងស៊ុបចែករំលែកក្តីស្រឡាញ់ទាំងអស់គ្នា។