
រាជធានីភ្នំពេញ៖ នៅថ្ងៃទី 10 ខែ មេសា ឆ្នាំ 2019 នេះ ក្រុមហ៊ុន PassApp សហការជាមួយនឹងកាកបាទក្រហមកម្ពុជា ចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយអំពីសារសុវត្តិភាពចររាចរណ៍ តាមទីប្រជុំជនសំខាន់ៗ ក្នុងរាជធានីភ្នំពេញ។ គោលបំណងនៃយុទ្ធនាការ ដែលធ្វើឡើងនាមុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរឈានចូលមកដល់នេះ គឺដើម្បីដាស់តឿន និងជំរុញឲ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចររាចរណ៍ ដើម្បីសុវត្ថិភាពក្នុងពេលធ្វើដំណើរទៅជួបជុំក្រុមគ្រួសារនៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំនេះ។
សម្រាប់យុទ្ធនាការនេះ PassApp និងកាកបាទក្រហមកម្ពុជា បានដាក់គោលដៅរចុះផ្សព្វផ្សាយ និងចែកខិត្តបណ្ណសារចរាចរណ៍ ក្នុងមួយគោលដៅមានម៉ូតូកង់បីឥណ្ឌា (TukTuk) ចំនួន 10 ម៉ូតូ ដូច្នេះ ដោយមាន 4 គោលដៅស្មើនឹង 40 កង់បីឥណ្ឌា សមាជិកយុវជនកាកបាទក្រហមកម្ពុជា 20 នាក់ ចាប់ព្រឹករហូតដល់ម៉ោង 11 និង 30 នាទីព្រឹក ដោយគោលដៅទាំង 4 រួមមាន៖
- រង្វង់មូលចោមចៅ ចំណុចប្រសព្វទីប្រជុំជនផ្សារជម្ពូវ័ន្ត (ខណ្ឌពោធិ៍សែនជ័យ)
- រង្វង់មូលព្រហ្មមុខបួន ចំណុចប្រសព្វស្ពានជ្រោយចង្វារត្រើយកើត (ខណ្ឌជ្រោយចង្វារ)
- ស្ពានព្រះមុនីវង្ស ចំណុចប្រសព្វផ្សារច្បារអំពៅ (ខណ្ឌច្បារអំពៅ) និង
- រង្វង់មូលកួរស្រូវ និងចំណុចប្រសព្វស្ពានដែកចំការដូង (ខណ្ឌដង្កោ)
យុទ្ធនាការនេះ ចាប់ផ្តើមដោយការជួបជុំបណ្តាញអ្នករត់កង់បី និងយុវជន នៅស្នាក់ការកាកបាទក្រហមកម្ពុជា ការថ្លែងចំណាប់ពីតំណាងក្រុមហ៊ុន PassApp និងការណែនាំពីថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា មុននឹងបែងចែកក្រុម ទៅ តាមគោលដៅនីមួយៗដែលបានកំណត់។ នេះបើតាមក្រុមហ៊ុនPassApp។
យុទ្ធនាការនេះ ក៏បង្ហាញឲ្យឃើញផងដែរថា ជានិច្ចកាលក្រុមហ៊ុនដឹកអ្នកដំណើរ PassApp តែងតែយកចិត្តទុកដាក់ និងជំរុញដៃគូដេលជាអ្នកបើកបររបស់ខ្លួនទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ៕