
នៅយប់ថ្ងៃទី ១០ ខែមេសា នេះ កំពូលតារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស ឱក សុគន្ធកញ្ញា បានមកជួបតារាចម្រៀងប្រុសនៅសាន់ដេ ខាត់ ជេមស៍ បានព្រួតដៃគ្នាធ្វើឱ្យកក្រើកផាតធីឋានព្រះឥន្ទ ដែលជាកម្មវិធីជប់លៀងអបអរឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងផ្ដល់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលគិតជាទឹកប្រាក់គឺប្រមាណជា២៥ម៉ឺនដុល្លារ។
លោក ហង្ស ព្រីន្សយ៉ា អគ្គនាយកក្រុមហ៊ុនហង្សម្ចាស់ដី និងជាអ្នកបង្កើតគម្រោងឋានព្រះឥន្ទ បានប្រាប់ The Plus News ឱ្យដឹងថា ដោយសារតែមុនឱកាសចូលឆ្នាំ លោកមានបំណងផ្ដល់ជូនរង្វាន់ធំៗលើកទឹកចិត្តដល់បុគ្គលិករបស់លោក និងចង់ឱ្យអ្នកជំនាញៗប្រចាំក្រុមហ៊ុនបានជួបជុំគ្នា ក្នុងឱកាសមុនបុណ្យចូលឆ្នាំខ្មែរផង ទើបលោកបង្កើតពិធីជួបជុំនេះឡើងនៅភោជនីយដ្ឋានThe Terrace TK ដោយផ្ដល់ទាំងរង្វាន់ជាចម្ការៗ ជាដំណើរកម្សាន្តទៅទីក្រុងឌូបៃ និងផ្ដល់រថយន្តជូនដល់បុគ្គលិកឆ្នើមៗជាការលើកទឹកចិត្តតែម្ដង ដែលសរុបជាទឹកប្រាក់ប្រមាណ២៥ម៉ឺនដុល្លារអាមេរិក ដោយមិនរាប់បញ្ចូលការចំណាយលើពិធីជប់លៀង ដែលចូលរួមសុទ្ធតែកំពូលតារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា និង លោក ខាន់ ជេមស៍ ដែលត្រូវបានគេស្គាល់ថាជាកំពូលតារាចម្រៀងល្បីៗ ហើយមានតម្លៃខ្លួនខ្ពស់នោះផង។
លោកបន្ដថា រង្វាន់រថយន្ត និង ដីចម្ការដែលលោកចែកជូនទៅឱ្យបុគ្គលិកនេះ សម្រាប់អ្នកផ្ដល់ជូនដោយមិនមានការចាប់ឆ្នោត គឺមានការពិភាក្សាឆ្លងយោបល់ពីក្រុមប្រឹក្សារបស់ក្រុមហ៊ុន និងដោយយោងលើបុគ្គលិកឆ្នើមៗទាំងនោះ សុទ្ធតែមានសមត្ថភាពលក់ដីចម្ការរបស់ឋានព្រះឥន្ទ បានគ្រប់លក្ខណ្ឌតាំងពីគម្រោងឋានព្រះឥន្ទបង្កើតឡើង។
ឱក សុគន្ធកញ្ញា ក្រោយពីក្លាយជាម្ចាស់ដីនៅគម្រោងសៀមរាបហើយនេះ កញ្ញាថា មិនត្រឹមតែទិញផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏នាំសាច់ញាតិ មិត្តភ័ក្ត្រមកទិញចម្ការដូងក្រអូបជាប់ព្រំរបស់ខ្លួនផងដែរ ទើបមានការប៉ាន់ស្មានថា កញ្ញាទំនងទិញមិនតិចហិកតារតិចជាង ពិធីការិនី ចាន់ កែវនិមលនោះទេ ស្របគ្នាដែលការចូលរួមទិញចម្ការរបស់នាង និងអតិថិជនទាំងអស់ ត្រូវបាន លោក ហង្ស ព្រីន្សយ៉ា ជាម្ចាស់គម្រោងប្រកាសថា គឺជាការរួមចំណែកធ្វើអោយកម្ពុជា ក្លាយជាហង្សធំមួយក្នុងពេលដ៍ខ្លី នៅក្នុងតំបន់អាស៊ី។
សូមបញ្ជាក់ផងដែរថា រង្វាន់ដែលប្រគល់ជូនទៅកាន់បុគ្គលិកតាមរយៈការផ្សងសំណាង និងប្រគល់ជូនតែម្ដងទៅកាន់បុគ្គលិកឆ្នើមៗនោះរួមមាន សំបុត្រទស្សនកិច្ចទៅកម្សាន្តនៅទីក្រុងឌូបៃ ការចាប់ឆ្នោតយកចម្ការប័រនៅខេត្តមណ្ឌលគីរី ចម្ការដូងក្រអូបនៅខេត្តពោធិសាត់ ចម្ការដូងក្រអូបនៅខេត្តសៀមរាប និងចម្ការធុរ៉េននៅខេត្តកំពត ជាច្រើនហិកតារជូនដល់បុគ្គលិក ដែលមកចូលរួមនៅក្នុងពិធីនោះ។ ដោយឡែកសម្រាប់រង្វាន់ដែលប្រគល់ជូនទៅកាន់ Eco Hero ឬ បុគ្គលិកឆ្នើមក្នុងគម្រោងឋានព្រះឥន្ទនោះ គឺរឹតតែច្រើនសន្ធឹកសន្ធាប់ជាងការចាប់ឆ្នោតផ្ដល់រង្វាន់ឱ្យទៅទៀត ដោយបុគ្គលិកឆ្នើមខ្លះបានដីក្នុងមួយម្នាក់មួយហិកតារៗ តាមប្រភេទដំណាំ និង តាមខេត្តដែលស្ថិក្នុងគម្រោងឋានព្រះឥន្ទ ហើយបុគ្គលិកមួយចំនួនទៀតទទួលបានរថយន្តស៊ែរីថ្មីម៉ាក Prus និងបុគ្គលិកឆ្នើមម្នាក់ក្នុងចំណោមបុគ្គលិករបស់ឋានព្រះឥន្ទ បានទទួលរថយន្តស៊ែរីទំនើបម៉ាក Mazda មួយគ្រឿង។