នាយតាក់ស៊ី និងភរិយា ត្រៀមធ្វើសន្និសីទកាសែតបកស្រាយរឿងគ្រួសារនៅថ្ងៃស្អែកនេះ

ប្រិយមិត្តជាច្រើនប្រាកដជា បានស្គាល់ហើយ តារាកំប្លែងដ៏មានប្រជាប្រិយភាពនៅក្នុងទ្រនំជាមួយនឹង នាយពាកមី គឺនាយតាក់ស៊ី បច្ចុប្បន្នលោកកាន់តែឃ្លាតឆ្ងាយពីការងារសិល្បៈ កាន់តែខ្លាំងឡើង មិនសូវឃើញឡើងឆាកដូចកាលពីមុន។ តែពេលនេះក៏ស្រាប់តែលោកអ៊ឹម ជីវ៉ា បានធ្វើការទម្លាយរឿងពិតរបស់តារាប្រុសរូបនេះ ជាសាធារណៈ ធ្វើឲ្យបណ្តាអ្នកលេងតាមបណ្តាញសង្គមជាច្រើន ពិតជាអាណិតដល់លោក និងបាននាំគ្នាចូលរូម លើកទឹកចិត្តដល់លោកគ្រប់គ្នា។

ដោយក្នុងនោះ ត្រូវបានគេដឹងថា ការស្ងាត់ពីសិល្បៈរបស់លោក ក៏ដោយសារតែជំងឺនៅក្នុងខ្លួន ត្រូវការប្រាក់ព្យាបាលច្រើន សុខចិត្តត្រឡប់ទៅបួស សូម្បីតែប្រពន្ធ និងក្រុមគ្រួសារ ឬអ្វីគ្រប់យ៉ាងក៏លោក បានលះបង់ចោលទាំងអស់ ព្រោះមិនចង់ពិបាកដល់គ្រួសារព្រោះតែជំងឺរបស់លោក។ បន្ថែមពីនេះ លោកក៏អ៊ឹម ជីវ៉ា ក៏បានរៀបរាប់ឲ្យកាន់តែច្បាស់ តាមរយៈសម្តីរបស់លោកថា៖ «ជីវ៉ាអើយបងជិតផ្អាកពីសិល្បៈហើយ ខ្ញុំសួរគាត់វិញថា ថីបានបងឯងឈប់ ?? គាត់ថាគាត់ទៅបួសរហូត!! ខ្ញុំសួរថា ចុះក្រុមគ្រួសារប្រពន្ធកូន? គាត់ឆ្លើយថា ខ្ញុំទៅបួសនេះគឺមិនយកអ្វីទៅទាំងអស់ គឺសុំផ្ញើខ្លួនតែលើព្រះសង្ឃទេ ហើយខ្ញុំក៏បានប្រាប់ប្រពន្ធខ្ញុំដែលថា ឲ្យគាត់ទៅរកអ្នកណាថ្មីទៅ ខ្ញុំសុខចិត្តលះបង់ទាំងអស់ !!! បងតាក់ស៊ីគាត់និយាយទាំងទឹកមុខក្រៀមក្រំថា ខែ៥ គឺខែឧសភានេះ បងទៅបួសហើយ រាល់ថ្ងៃបងមិនអាចទប់ និងជំងឺទឹកនោមផ្អែម និងជំងឺផ្សេងទៀតបានទេ គឺបងពិបាកទ្រាំណាស់ប្អូនអើយ ពេលខ្លះថប់ដង្ហើមសន្លប់ស្ទើររាល់ថ្ងៃក៏មាន។ ខ្ញុំប្រាប់គាត់ថាម៉េចក៏បងមិនទៅពេទ្យគាត់ថាគាត់ទៅអស់ហើយ តែពិបាកណាស់អូនអើយ គាត់និយាយទាំងទឹកមុខក្រៀមក្រំ ។ ខ្ញុំពិតជាអាណិតបងតាក់ស៊ីណាស់ អ្វីដែលខ្ញុំអាចជួយបងបានមានតែផ្តល់កម្លាំងចិត្តឲ្យ បងឆាប់ជាពីជំងឺ សូមបងកុំអស់សង្ឃឹម»៕

ទោះជាយ៉ាងណាក្ដី នាយតាក់ស៊ី និងភរិយា ត្រូវបានបង្ហើបប្រាប់សារព័ត៌មាន The Plus News ថា លោកត្រៀមនឹងបង្ហាញវត្តមានក្នុងសន្និសីទសារព័ត៌មានបកស្រាយជុំវិញបញ្ហាទាំងអស់នេះ នៅថ្ងៃស្អែកត្រូវនឹងទី 23 ខែមករា ឆ្នាំ 2019 ដើម្បីបញ្ចប់ចម្ងល់របស់បងប្អូនអ្នកគាំទ្រទាំងអស់៕