
ក្រោយពីចេញបទថ្មីរួមគ្នាបើកឆាកក្រោមចំណងជើងថា” ចាំស្កកខកអស់” គេកត់សម្គាល់ថាបទចម្រៀងមួយនេះ របស់ តារាចម្រៀងសំនៀងពិរោះ អ្នកនាង មាស លក្ខិណា និងដៃគូចម្រៀង គឺ លោក អ៊ុង សុផល្លី មិនផ្ទុះក្នុងពេលចូលឆ្នាំនោះទេ ប៉ុន្តែបទចម្រៀងមួយនេះ ស្រាប់តែមានគេចាប់អារម្មណ៍ខ្លាំងនៅក្នុងពេលនេះ និងមានលាន់មាត់កាន់តែច្រើនថា ស្នាដៃដំបូងរបស់អ្នកទាំងពីរស្ដាប់កាន់តែយូរ ទើបដឹងថាពិរោះ ហើយមានអត្ថន័យកំប្លុកកំប្លែងមិនធម្មតា។
ក្រោយពីចេញចម្រៀងមួយបទ បើកឆាកជាមួយគ្នា តារាទាំងពីរក៏ប្រកាសពីជំហរថា នឹងចេញបទចម្រៀងថ្មីៗរួមគ្នាបន្តបន្ទាប់ និងកាន់តែធ្វើជាស្នាដៃស្និទ្ធស្នាល ដោយមិនខ្វល់មាត់ចាបមាត់ព្រាបនោះផង។ ចម្រៀងរបស់អ្នកទាំងពីរមិនផ្ទុះដូចការគ្រងទុក ក្នុងអំឡុងពេលចូលឆ្នាំនោះទេ ប៉ុន្តែនៅក្រោយចូលឆ្នាំ បែរជាត្រូវគេចាក់ស្ដាប់ច្រើន ជាក់ស្ដែងនៅតាមវិទ្យុ និងក្នុងកម្មសង្គមយូធូប គឺត្រូវគេចូលមើលកើនឡើង និងចែកចាយច្រើន។
អ្នកនាង មាស លក្ខិណា ដែលត្រូវគេស្គាល់ថា ជាអ្នកលក់ត្រីងៀត គ្មានជាតិគីមីល្បីល្បាញ នៅលើហ្វេសប៊ុកកផង ប្រកាសថា ក្រោយចេញបទដំបូង”ចាំស្កកខកអស់” ជាមួយលោក អ៊ុង សុផល្លី អ្នកនាងនឹងមានគម្រោងចេញបទថ្មីៗរួមគ្នាបន្ថែមទៀត ក្រៅពីច្រៀងឆ្លងឆ្លើយគ្នា នូវបទចាស់ៗរហូតមានឈ្មោះបោះសំទ្បេង និងមានទីផ្សារទាំងគូ ក្នុងវិថីសិល្ប:។ អ្នកនាងប្រកាសថា លោក គឺជាដៃគូចម្រៀង ហើយបើទោះជាមានការលើកឡើងថា ជាដៃគូស្នេហាស្នេហ៍ហឺតអី ក៏អ្នកនាងមិនខ្វល់ នោះដែរ សំខាន់អ្នកនាង និងលោក បន្តចេញបទចម្រៀងអន្ទងចិត្តមហាជន ក្រោយពីបទថ្មីដំបូងរបស់ខ្លួន មានអ្នកស្ដាប់សរសើរថាពិរោះ ហើយកំប្លុកកំប្លែង និងគាំទ្រឲ្យចេញបទថ្មីៗ រួមគ្នាទៀតនោះ។
ក្រៅពីកំពុងឡើងកូដក្នុងអាជីពចម្រៀង អ្នកនាងក៏ត្រូវគេឃើញសកម្មក្នុងការបរិច្ចាគជាថវិកា និងត្រីងៀត ជួយដល់តារាសិល្ប:ចាស់ៗ ធ្លាក់ខ្លួនឈឺ ដូចជាទើបតែជួយដល់នាយសានម៉ៅ មុននេះជាដើមផងដែរ៕