គ្រួសារតារាកម្ពុជាលើកស្ទួយក្រមាខ្មែរក្នុងព្រឹត្តិការណ៍ប្រកួតវាយនភណ្ឌ

ខុសពីឆ្នាំមុនដែលគ្រួសារតារាកម្ពុជាប្រមាណជាង៧០រូបដូចគ្នាតែងខ្លួនបែបបុរាណដើម្បីបង្ហាញពីទម្រង់សំលៀកបំពាក់ក្នុងសម័យកាលនីមួយៗ  នៅក្នុងព្រឹត្តិការណ៍ប្រកួតបុរសនារីឯកវាយនភណ្ឌនៅក្នុងឆ្នាំនេះគ្រួសារតារាកម្ពុជាប្រមាណជាង៧០រូបដែលទទួលបានឱកាសអញ្ជើញអោយចូលរួមដដែលបានពួតដៃគ្នារំលេចសំលៀកបំពាក់ខ្មែរអមដោយក្រម៉ាវិញដែរដែលធ្វើអោយនៅតែមានការចាប់អារម្មណ៍ពីសំណាក់អ្នករៀបចំនិងភ្ញៀវកិត្តិយសដែលបានចូលរួម។

ការបង្ហាញវត្តមានរបស់តារាសិល្បៈនៅក្នុងការប្រកួតដ៍សំខាន់ប្រចាំឆ្នាំកាលពីថ្ងៃទី១ឩសភាក្នុងទិវារពលកម្មអន្តរជាតិនោះតារាៗក្នុងគ្រួសារតារាកម្ពុជាមានការចូលរួមទាំងសិល្បករជំនាន់ចាស់និងជំនាន់ថ្មីចម្រុះគ្នាតែម្ដងដោយសិល្បករភាគច្រើនត្រូវគេឃើញរំលេចឈុតហូលផាមួងនិងអាវករកុតបែបខ្មែរហើយលម្អដោយក្រម៉ាដើម្បីលើកកម្ពស់ផលិតផលខ្មែរគឺក្រម៉ាដែលប្រទេសភាគច្រើនមិនច្រលំនឹងវប្បធម៍នៃប្រទេសជិតខាង។តារាៗដែលចូលរួមនៅក្នុងព្រឹត្តិការណ៍នោះរួមមាន  លោកសុះម៉ាចតារារៀមច្បង  ទ្រង់សុីសុវត្ថិសិរីវុឌតារាសម្ដែងល្បីល្បាញនិងអ្នកម្នាង  លោកមាសសុខរតនៈអ្នកដឹកនាំផលិតកម្មថោន  លោកនូសុភេនផលិតករកម្មវិធី  លោកសុខរ៉ាសុីពិធីករហង្សមាស  អ្នកស្រីរីយ៉ាមីសែលត្រាណេភរិយាបណ្ឌិត្យមីសែលត្រាណេអ្នកនាងភីមតារាកំប្លែងលោកសុិនសុធារិទ្ធតារាសម្ដែងលោករុនណាកូតារាសម្ដែងលោកម៉ៃសុគន្ធតារាចម្រៀងលោកសុគន្ធដេវីដតារាចម្រៀងកញ្ញាហ៑ុនម៉ាលីសអតីតបេក្ខនារីក្នុងកម្មវិធីចម្រៀងឯកក្រុមកំប្លែងឌីជេឆ្លាម  អ្នកនាងយីវម៉ូនីកាតារាសម្ដែងអ្នកនាងសាងសុរិយាតារាសម្ដែងក្រុមតារាRA Group ក្រុមតារាប្រចាំក្លិបលោកច័ន្ទណារ័ត្នកញ្ញាចូចូតារាសម្ដែងនិងតារាចាស់ក្មេងជាច្រើនរូបទៀតដែលរូបសម្រស់របស់តារាម្នាក់សុទ្ធតែមើលទៅឃើញស្រស់ស្អាតនិងលេចធ្លោនៅក្នុងកម្មវិធីនៅពេលគ្រងឈុតហូលផាមួងអាវប៉ាក់ហើយភាគច្រើនរំលេចដោយក្រម៉ាខ្មែរ។ក្នុងនោះតារាសម្ដែងកញ្ញាកុសុម៉ាហៅព្រះអាទិត្យតូចក៍បានគ្រងមួយឈុតច្នៃពីក្រម៉ាខ្មែរយ៉ាងស្រស់ស្អាតធ្វើអោយម្នាក់ៗកោតសរសើរនឹងការតុបតែងកាុរបស់នាងផង។

លោកផាត់តារារដ្ឋស្ថាបនិកគ្រួសារតារាកម្ពុជាបានថ្លែងបញ្ជាក់ថាជាលើកទី២ហើយដែលលោកដឹកនាំសិល្បករចាស់ក្មេងយ៉ាងច្រើនកុះករចូលរួមលើកកម្ពស់ការប្រកួតបុរសនារីឯកវាយនភណ្ឌដោយកាលពីឆ្នាំសិល្បករជាសមាជិកដែលស្ម័គ្រចិត្តចូលរួមទាំថអស់បានចំណាយធនធានផ្ទាល់ខ្លួនជ្រើសឈុតក្នុងសម័យបុរាណដោយឡែកៗពីគ្នារួមមានឈុតក្នុងសម័យអង្គរឩដុង្គនិងចតុមុខជាដើមដើម្បីរំលេចនូវវប្បធម៍ខ្មែរ។ដោយឡែកនៅក្នុងឆ្នាំនេះលោកនិងក្រុមតារាសិល្បៈបានសម្រេចជ្រើសយកឈុតបែបប្រពៃណីគឺហូលផាមួងអាវប៉ាក់និងអាវករត្រង់ហើយរំលេចដោយក្រម៉ាវិញម្ដង។លោកថានេះជាការបង្ហាញទម្រង់វប្បធម៍មួយដើម្បីផ្សព្វផ្សាយដល់សាធារណៈជនហើយក៍ជាលើកកម្ពស់វប្បធម៍និងផលិតផលខ្មែរគឺក្រម៉ាដែលមួយរយៈមុនសិល្បកម្មមួយនេះធ្លាក់ដល់ដង្ហើមចង្រឹតទៅហើយអោយមានទីផ្សារឡើងវិញ។លោកថាតារាសិល្បៈគឺជាអ្នកផ្សព្វផ្សាយវប្បធម៍អរិយធម៍ដ៍មានប្រសិទ្ធិភាពដូច្នេះបើក្នុងកម្មវិធីផ្សេងៗតារាសិល្បៈមិនរួមចំណែកលើកស្ទួយទម្រង់បុរាណនិងប្រពៃណីខ្មែរទេនោះក្មេងៗជំនាន់ក្រោយក៍មិនអោយតម្លៃសំលៀកបំពាក់ខ្មែរទៅតាមនោះដែរ។

គួរបញ្ជាក់ផងដែរថានៅក្នុងការប្រកួតនៅក្នុងយប់នោះបេក្ខនារីយ៉ុនកាន់ទីម៉ាកម្មការិនីកាត់ដេរមកពីខេត្តកំពង់ស្ពឺពាក់ស្លាកលេខ២និងលោកលឿងវិសាលកម្មករកាត់ដេរមកពីខេត្តតាកែវពាក់ស្លាកលេខ៨ទទួលបានចំណាត់ថ្នាក់លេខ១។បេក្ខនារីសុនស្រីពៅមកពីខេត្តស្វាយរៀងនិងបេក្ខជនសុខមនោចិនមកពីខេត្តបន្ទាយមានជ័យទទួលបានចំណាត់ថ្នាក់លេខ២និងបេក្ខនារីលីណៃហ៑ាងមកពីភ្នំពេញនិងបេក្ខជនរដ្ឋាថៃលីមកពីកំពង់ចាមទទួលចំណាត់ថ្នាក់លេខ៣ដោយម្នាក់ៗទទួលបានម៉ូតូម្នាក់១គ្រឿងនិងប្រាក់រង្វាន់ខុសៗគ្នា៥លាន៤លាននិង៣លានរៀល។