ប៉េងប៉ោង!បង្ហើបរឿងអភិនិហា មុនពេលធ្វើបុណ្យខួប១០០ថ្ងៃជូនឪពុក

ក្រោយពីបានបញ្ចប់ការសាងសង់ចេតីយសម្រាប់ឱពុកខ្លួនគឺលោកវីតាមីនសេ តារាកំប្លែងល្បីឈ្មោះអ្នកនាង ប៉េងប៉ោង និងក្រុមគ្រួសារបានសម្រេចធ្វើពិធីបុណ្យខួប១០០ថ្ងៃ នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខ័ន្ទសព្វ និងលើករាសីសុំសេចក្ដីសុខសម្រាប់គ្រួសារទាំងមូល គ្រាដែលព្រលឹងរបស់តារាកំប្លែងរូបនេះបានបង្ហាញកូនស្រីបានឃើញភ្នែកស្រស់តែម្ដង។

យោងតាមការបង្ហើបប្រាប់របស់តារាកំប្លែងអ្នកនាងប៉េងប៉ោងបានលើកឡើងថា មុននឹងពិធីបុណ្យខួប១០០ថ្ងៃនេះបានប្រារព្ធឡើយ ក្រុមគ្រួសារក៏ដូចជាអ្នកនាងផ្ទាល់បានទៅពិនិត្យចេតីយ និងមើលរូបសំណាករបស់លោកវីតាមីនសេ ឡើងវិញ គ្រាដែលជាងឆ្លាក់បានអញ្ជើញពួកគាត់ទៅពិនិត្យនិងកែកុនបន្ថែមបើមានការកន្លែងណាមិនពេញចិត្ដ។

អ្នកនាងប៉េងប៉ោង បន្ថែមថា គ្រាន់តែទៅពិនិត្យនៅចេតីយនិងរូបសំណាក់ ពិសេសពេលនាងសម្លឹងទៅរូបសំណាក់នោះស្រាប់តែឃើញមុខឪពុកខ្លួនផុសចេញមកដោយបង្ហាញពីការយល់ព្រម ញញឹមលាយឡំនឹងទឹកភ្នែកមិនអោយកែកុនរូបសំណាកនោះបន្ថែមទៀតឡើយ។

តារាកំប្លែងរូបនេះបញ្ជាក់ថា៖«រយៈពេលកន្លងមកគាត់បានអោយសមាជិកក្នុងក្រុមគ្រួសារឃើញជាញឹកញាប់ ប៉ុន្ដែលើកនេះសម្រាប់តែអោយខ្ញុំឃើញតែម្ដងពេលខ្ញុំទៅពិនិត្យរូបសំណាក់របស់គាត់។ ប៉ាបង្ហាញមុខអោយខ្ញុំឃើញ និងបង្ហាញសញ្ញាថាគាត់ឯកភាពទទួលយករូបសំណាកដែលជាងបានធ្វើរួចរាល់ដោយពុំកែប្រែ ដូច្នេះខ្ញុំសង្ឃឹមថា អ្វីដែលខ្ញុំនឹងក្រុមគ្រួសារបានធ្វើសម្រាប់ប៉ាគាត់នឹងអាចស្ងប់ចិត្ដស្ថិតក្នុងសុខគតិភព ព្រោះប៉ាហត់នឿយពេញមួយជីវិតហើយក្នុងការរកប្រាក់ចិញ្ចឹមជីវិតកូនៗ»។

គួរបញ្ជាក់ថា ពិធីបុណ្យខួប១០០ថ្ងៃនិងឆ្លងចេតីយរបស់តារាកំប្លែងជើងចាស់នាយវីតាមីនសេ នាថ្ងៃទី០៨ ខែកក្កដាកន្លងទៅនេះបើទោះជាមានភ្លៀងធ្លាក់ខ្លាំងក៏ដោយប៉ុន្ដែនៅតែមានតារាសិល្បៈចាស់ក្មេងថ្មីចាស់ចូលរួមយ៉ាងកុះករ គ្រាដែលម្ចាស់ដើមទានបានចំណាយថវិកាប្រមាណ៧ពាន់ដុល្លារអាមេរិកដើម្បីរៀបចំពិធីនោះអោយសក័្កសមនិងកិត្ដិយសល្បីល្បាញរបស់សព្វលោកវីតាមីនសេ៕