
ម្សិលមិញនេះគេឃើញមានការចុះផ្សាយយ៉ាងច្រើន នូវព័ត៌មានទាក់ទងនឹងតារាចម្រៀងប្រុសលោក បញ្ញាសិទ្ធ ដែលបច្ចុប្បន្នកំពុងសម្តែង និងច្រៀងនៅប្រទេសអូស្រ្តាលី ក្រោយពី Sound Club បានបង្ហោះសារមួយចំនួនឲ្យតារាប្រុសរូបនេះ ចូលខ្លួនមកដោះស្រាយលុយដែលជំពាក់មិនព្រមសង អំឡុងពេលធ្វើការជាមួយក្រុមហ៊ុន។ រហូតដល់មានមតិខ្លះលើកឡើងថា «លុយត្រឹមជាង២ពាន់ដុល្លារសោះ តារាប្រុស បញ្ញាសិទ្ធ ចង់គេចវេចមិនព្រមសង!»។
យ៉ាងណាមិញ រាល់ការលើកឡើងខាងលើ បានធ្វើឲ្យលោក បញ្ញាសិទ្ធ ផ្ទាល់សម្តែងនូវការមិនពេញចិត្តជាខ្លាំង ព្រោះស្តាប់ទៅហាក់បីដូចជាការចោទប្រកាន់ ថា លោកបានគេចខ្លួន និងហាក់មិនឲ្យតម្លៃលោកជាសិល្បករទាល់តែសោះ ដោយបង្ខំចិត្តឲ្យតារាប្រុសរូបនេះ ចេញមុខមកដោះស្រាយជាមួយ Sound Club ក៏ដូចជាធ្វើការបកស្រាយភ្លាមៗ ដើម្បីបញ្ឈប់ការយល់ច្រឡំរបស់មហាជន។ លោក បញ្ញាសិទ្ធ បានធ្វើការបកស្រាយតាមរយៈវីដេអូ ពីប្រទេសអូស្ត្រាលី យ៉ាងដូច្នេះថា ដោយមានការចុះផ្សាយជាច្រើន តាមបណ្តាសារព័ត៌មាននានា ដាក់ថាសូមឲ្យលោក បញ្ញាសិទ្ធ ចូលខ្លួនមកដោះលុយជំពាក់។ លោកបានសំណូមពរឲ្យឈប់ប្រើពាក្យ «ដោះបំណុល» ព្រោះគ្រាន់តែជារឿងយល់ច្រឡំបន្តិចបន្តួចប៉ុណ្ណោះ ព្រោះការប្រើពាក្យចូលខ្លួននេះ បានន័យថាលោករត់គេច ប៉ុន្តែការពិតមិនដូច្នោះទេ គឺលោកកំពុងតែខំសម្តែង ចម្រៀងនៅប្រទេសអូស្ត្រាលី ដើម្បីរកលុយសង់ Sound Club។
តារាចម្រៀងលោក បញ្ញាសិទ្ធ បន្តថា រវាងលោក និង Sound Club បានចរចាគ្នារួចអស់ហើយ និងចំនួនលុយតែលោកបានចំពាក់ Sound Club គឺ ២,៧១៥ដុល្លារ និង៨០សេន ហើយលោកបានសងចំនួន ៥០០ដុល្លារ ហើយបច្ចុប្បន្ននៅខ្វះតែ ២,២០០ដុល្លារ និង៨០សេនប៉ុណ្ណោះ ហើយលោកកំពុងខំរកចំណូលនៅអូស្តា្រលី ដើម្បីធ្វើការសងឲ្យរួចរាល់។
តារាប្រុសរូបនេះ បានសង្កត់ធ្ងន់ថា សូមទុកផ្លូវឲ្យលោកដើរផង ហើយសូមទុកឱកាស និងផ្តល់កិត្តិយសដល់សិល្បករផង ជាពិសេសលោកបានផ្តាំទៅអ្នក ដែលជេរប្រមាថលោកសព្វគ្រប់បែបយ៉ាងសូមឲ្យបញ្ឈប់ ដោយលោកគិតថា «ចង្កៀងផ្ទះអ្នកណា ភ្លើងផ្ទះអ្នកនោះ»។
គួរជម្រាបថា ការចេញមុខមកបកស្រាយខាងលើ ពីសំណាក់តារាប្រុស បញ្ញាសិទ្ធ បន្ទាប់ពីថ្មីៗនេះ Sound Club បានប្រកាសឲ្យតារាប្រុសរូបនេះ មកចូលខ្លួនដោះស្រាយបំណុល ខណៈលោកកំពុងស្ថិតនៅអូស្ត្រាលី ហើយរហូតមកទល់នឹងបច្ចុប្បន្ននេះ ភាគី Sound Club និងលោក បញ្ញាសិទ្ធ បានសម្របសម្រួលគ្នារួចហើយ ដោយខាង sound Club បានលើកឡើងថា «លោក បញ្ញា សិទ្ធ បានទាក់ទងមកក្រុមហ៊ុនហើយ ពីព្រោះគាត់ជាប់រវល់នៅក្រៅប្រទេស ទើបមិនអាចទាក់ទងបាន»៕