
តារាចម្រៀងប្រចាំផលិតកម្មមរតកមេឌៀ កញ្ញា គ្រីប លក្ខិណា បានសម្រេចចិត្តកាត់កេរ្តិ៍ខ្មាសលើកដៃសុំជំនួយពីមហាជន ក្រោយពីនាងអស់លទ្ធភាពព្យាបាលជំងឺម្តាយ ដែលកំពុងរលួយជើង ហើយត្រូវការថវិកាព្យាបាលបន្ត។ ក្រៅពីមើលជំងឺម្តាយ នាងក៏មានបន្ទុកចិញ្ចឹមក្មួយកំព្រាៗប្រមាណ៨នាក់ផ្សេងទៀត។
ច្រៀងរាំសប្បាយតែលើឆាកតន្ត្រី គ្រីប លក្ខិណា កំពុងបៀមទុក្ខធំប៉ុនភ្នំ ពិបាកនឹងបរិយាយព្រោះតែម្តាយនាងកំពុងសម្រាកព្យាបាលជំងឺដំបៅរលះរលួយជើងគួរឲ្យបារម្ភ និងត្រូវការថវិកាបន្តការព្យាបាល ខណៈលុយដែលនៅជាប់ខ្លួនទាំងប៉ុន្មានចំណាយអស់គ្មានសល់ពីខ្លួន។
តាមការបញ្ជាក់ពីតារាចម្រៀងរូបនេះថា ដើមឡើយម្តាយរបស់នាង មានជំងឺដំបៅជើងបន្តិចបន្តួប៉ុណ្ណោះ ប៉ុន្តែដោយសារមិនចង់រំខាននាងជាកូន ទើបចេះតែលាក់បាំងហើយព្យាយាមស្វែងរកថ្នាំបុរាណតាមការប្រាប់របស់អ្នកស្រុកភូមិមកបិទ និងត្រាំរហូតរលះរលួយជើង ទើបនាងដឹងហើយបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យ។
នាងបន្តថា ម្តាយនាងមិនមានជំងឺទឹកនោមផ្អែមទេ ខណៈដែលក្រុមវេជ្ជបណ្ឌិត លើកឡើងថាកើតឡើងពីការប្រើប្រាស់ថ្នាំខ្មែរមិនសមស្រប។ នាងថា ជើងរបស់ម្តាយនាង ត្រូវកោសរុំថ្នាំ និងហូរឈាមជាញឹកញាប់ រហូតក្រុមសិល្បកររួមអាជីព និងផលិតករក្នុងផលិតកម្ម ដែលជិតដិតបានជួយទាំងថវិកា និងផ្តល់ឈាមស្ទើរខ្សោះពីខ្លួនម្នាក់ៗទៅហើយ។
ដើរដល់ផ្លូវទាល់តារាស្រីរូបនេះ មានតែលើកដៃសំពះសុំការជួយពីសំណាក់សប្បុរសជនមេត្តាជួយនាងតាមទឹកចិត្តសុទ្ធា ព្រោះនាងគ្មានប្រាក់នៅក្នុងខ្លួនទៀតទេ ខណៈដែលទ្រព្យជាដុំកំភួនសម្រាប់លក់ក៏គ្មាន។
តារាស្រីរូបនេះបញ្ជាក់ទាំងទឹកភ្នែកថា ក្រៅពីម្តាយនាង ក៏ត្រូវមើលថែទាំចិញ្ចឹមក្មួយប្រមាណ៨នាក់ផ្សេងទៀត ដែលកំពុងនៅសិក្សា ខណៈដែលម្តាយឪពុកពួកគេ បានបោះបង់ចោលនោះ។ នាងថា ពិតជាពិបាកចិត្តរកអ្វីថ្លែងមិនបាន ខណៈដែលខ្លួនមិនមានលទ្ធភាពជួយ គ្រួសារ ព្រោះតែចំណូលពីការងារសិល្បៈខ្លះៗ មិនអាចទប់ទល់នឹងការចំណាយប្រចាំគ្រួសារបាន។ នាងរំពឹងថា សប្បុរសជន និងជួយម្តាយ និងក្មួយៗនាង ដែលកំពុងរស់ក្នុងទុក្ខវេទនាដោយក្តីអនុគ្រោះ។
សម្រាប់សប្បុរសជន ដែលមានបំណងជួយជាថវិកាសម្រាប់នាងអាចធ្វើការទំនាក់ទំនងទៅកាន់នាងផ្ទាល់តាមរយៈទូរស័ព្ទលេខ 015243456 / 078721213 / 098700739 / 070800993 ។
គួរបញ្ជាក់ដែរថា តារាចម្រៀង គ្រីប លក្ខិណា ធ្លាប់ទទួលបានការសរសើរច្រើនពីទស្សនិកជនបន្ទាប់ពីនាងមានសំនៀងក្រអួនស្រដៀងគ្នាទៅនឹងអ្នកស្រី ហួយ មាស។ នាងមានបទចម្រៀងជាច្រើនចុងក្រោយ នៅក្នុងផលិតកម្មមរតកមេឌៀ៕