
ព្រាប សុវត្ថិ បាននាំកូនប្រុសទាំង3 គឺសុវត្ថិ មុនីនាថ, សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវុឌ្ឍ ចេញទៅច្រៀងសម្តែងនៅសហរដ្ឋអាមេរិក រួមគ្នាជាលើកដំបូង កាលពីថ្ងៃទី21 ខែមីនា ដែលមានម្ចាស់ Sponsor ជាអតីតតារាសម្តែងលោកហង្ស ឈា ហើយតាមគម្រោង តារាចម្រៀងហង្សមាស និងកូនៗ នឹងវិលមកស្រុកវិញនៅដើមខែឧសភា នេះហើយ។
ទាមរយៈសកម្មភាពសម្តែងនៅអាមេរិក ព្រាប សុវត្ថិ និងកូនប្រុសទាំង3 ពិតជាទទួលបានការគាំទ្រច្រើនពីអាណិកជនខ្មែរ នៅទីនោះ បើទោះជាមុនឡើងយន្តហោះចេញទៅអាមេរិក ព្រាប សុវត្ថិ ត្រូវអាណិកជនខ្មែរ នៅទីនោះ បានព្រមានធ្វើពហិកាមិនចូលទស្សនាការសម្តែងរបស់លោក ដោយសំអាងថា លោកជាតារាដង្ហែបក្សក៏ដោយ ប៉ុន្តែពេលនេះ អ្វីៗបានបញ្ជាក់ច្បាស់ថា តារាជើងចាស់របស់ហង្សមាស និងកូនៗ នៅតែមានការគាំទ្រច្រើនជាងអ្នកមិនពេញចិត្ត។ ព្រាប សុវត្ថិ បានច្រៀងបទល្បីរបស់លោក ដែលល្បីជាង10ឆ្នាំមុន មកច្រៀងបំពេឱ្យអាណិកជនខ្មែរនៅអាមេរិក ស្តាប់កម្សាន្ត ដូចជាបទ “ស្រក់ទឹកភ្នែក មិនមែនគ្មានបញ្ហា” ហើយលោកច្រៀងសម្តែងរួមគ្នាជាមួយកូន ដូចជាបទ “រាំកូរណាស់ចែ” និង “មាន់ស្រែ បន្លែស្រស់” ជាដើម។
លោកមិញ សុធីវណ្ណ ធ្លាប់និយាយថា ពេលនេះ ព្រាប សុវត្ថិ កំពុងតែចង់ឱ្យកូនៗដើរតាមគន្លងរបស់លោក ដែលធ្លាប់ជោគជ័យលើវិថីសិល្បៈ បានជាលោកឱ្យកូនទាំង3 ចូលហង្សមាស ជាមួយលោក និងមានការច្រៀងសម្តែងរួមគ្នាទៀតផង។ ចំណែកលោកនូ ស៊ិប និយាយថា លោកមិនទាន់ដឹងថា ក្នុងចំណោមកូនប្រុសទាំង3 របស់ព្រាប សុវត្ថិ នោះ មានម្នាក់ណាអាចស្នងតំណែងលោកបានទេ តែបើរូបសម្រស់ គឺកូនប្រុសច្បង ឈ្មោះសុវត្ថិ មុនីនាថ លេចធ្លោជាងគេ គឺដូចកូនបារាំងអ៊ីចឹង។
ទោះជាយ៉ាងណា អ្នកជំនាញសិល្បៈបានលើកឡើងថា ក្នុងចំណោមកូនប្រុសទាំង3 របស់ព្រាប សុវត្ថិ នោះ មានតែកូនកូនប្រុសទី2 ឈ្មោះសុវត្ថិ មុនីនាគ ប៉ុណ្ណោះ ដែលមានលក្ខណៈដូចទាំងសំឡេង និងចរិតទៅព្រាប សុវត្ថិ ជាងគេ ហេតុនេះហើយ គេជឿថា មុនីនាគ នឹងអាចស្នង ព្រាប សុវត្ថិ ពេលដែលតារាហង្សមាស នេះ ចូលនិវត្តន៍ពីអាជីពចម្រៀង នាពេលខាងមុខនេះជាមិនខាន។ ក្រៅពីព្យាយាមផ្តល់បទពិសោធន៍ឱ្យកូនប្រុសទាំង3 ច្រៀងសម្តែងនៅអាមេរិក នេះ ព្រាប សុវត្ថិ ក៏ធ្លាប់នាំកូនៗទៅច្រៀងនៅប្រទេសជប៉ុន ក្នុងកម្មវិធី Asian Music ផងដែរ ខណៈដែលនៅក្នុងស្រុកវិញ លោកច្រៀងសម្តែងជាមួយកូនកំលោះទាំង3 ស្ទើរគ្រប់ឆាកទៅហើយ៕