ឈុតស្អាតៗសម្រាប់អាពាហ៍ពិពាហ៍ ឱក សុគន្ធកញ្ញា ត្រូវបានច្នៃដោយសម្អាងការប្រណិតពិធី

ថ្មីៗនេះកំពូលតារាចម្រៀងស្រីប្រចាំព្រះរាជាណាចក្រកម្ពុជាកញ្ញា ឱក សុគន្ធកញ្ញា បានធ្វើឲ្យមហាជន ជាពិសេសប្រិយមិត្តអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំងក្រោយប្រកាសចូលរោងការជាមួយលោក អ៊ឹង សុខលី ដែលជាប្អូនប្រុសថៅកែផលិតកម្មយក្សក្រុមហ៊ុនរស្មីហង្សមាស។ កាលពីប៉ុន្មានថ្ងៃមុនគូស្នេហ៍មួយគូនេះក៏បានបង្ហាញថ្ងៃរៀបអាពាហ៍ពិពាហ៍​ជាក់លាក់ដែលធ្វើឡើងនៅថ្ងៃទី១៦ ខែឧសភា ខាងមុខនេះផងដែរ។

មុនពេលមង្គលការសម្រាប់កំពូលតារាចម្រៀងរូបនេះឈានចូលមកដល់ រូបភាព Pre-Wedding របស់អ្នកទាំងពីរត្រូវបានគេទម្លាយនៅលើបណ្តាញសង្គមដែលទទួលបានការចាប់អារម្មណ៍ និងកោតសរសើរជាខ្លាំងពីសំណាក់បងប្អូនមហាជន ដោយមានការចែករំលែកពីគណនីមួយទៅគណនីមួយទៀត។ លើសពីនេះគឺរូបភាព Pre-Wedding របស់អ្នកទាំងពីរត្រូវបានទទួលការកោតសរសើរមិនដាច់ពីមាត់ដោយរូបភាពស្អាតត្រជាក់ភ្នែកជាពិសេសនោះគឺ បែបប្រពៃណីខ្មែរមានទាំងបុរាណ រូបបែបជំនាន់សម័យអាណនិគមបារាំង ព្រមទាំងសម័យបច្ចុប្បន្នកាលបញ្ចូលគ្នា។ តាមការបង្ហោះរបស់គណនីហ្វេសប៊ុកមួយបានឱ្យដឹងថា ឈុតអាពាហ៍ពិពាហ៍របស់ ឱក សុគន្ធកញ្ញា ត្រូវបានជ្រើសរើសយកសម្អាងការ ប្រណិតពិធី ។ ហើយម្ចាស់សម្អាងទៀតបាន ក៏បានបញ្ជាក់ប្រាប់មហាជនតាមរយៈខម្មិន្ដថា នឹងធ្វើឱ្យ ឱក សុគន្ធកញ្ញា ក្លាយជាកូនក្រមុំដែលស្រស់ស្អាតបំផុតក្នុងថ្ងៃជ័យមង្គល។

យ៉ាងណាមិញ តារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា ត្រូវបានគេដឹងថា ក្រោយរៀបការ នាងនឹងកាន់តំណែងមួយចំនួនជួយដល់អនាគតស្វាមី ដែលបច្ចុប្បន្នគឺជាអគ្គនាយករងទូរទស្សន៍ហង្សមាស និងជាអ្នកគ្រប់គ្រងផលិតកម្មហង្សមាស ខណៈដែលកម្មវិធីផលិតមួយចំនួន រូបនាងក៍ក្លាយជាអ្នកមានសិទ្ធិលូកដៃផងដែរ ដែលមានន័យថា នាងលែងជាអ្នកចម្រៀងប្រចាំផលិតកម្មតែមួយមុខដូចមុនទៀតហើយ ប៉ុន្តែនឹងក្លាយជាអ្នកកាន់មុខតំណែងមួយចំនួន ដែលស្វាមីរបស់នាងប្រគល់អោយ ដែលជួយអោយនាងកាន់តែមានឥទ្ធិពលនៅក្នុងត្រកូលហង្សមាស។ យ៉ាងណាមិញគេនៅមិនទាន់ដឹងថា តើនាងនឹងជួយស្វាមីលើផ្នែកណាមួយក្នុងការងារទូរទស្សន៍ ឬ ការងារនៅក្នុងផលិតកម្មចម្រៀងនោះទេ ក្នុងពេលដែលនាងក៍ត្រូវបានអនាគតស្វាមីបង្រៀននូវការងារមួយចំនួនរួចទៅហើយ ដើម្បីអោយនាងបានជួយការងារបន្ថែមនៅហង្សមាស បន្ថែមពីលើតំណែងជាអ្នកចម្រៀង។

ប្រភពដែលបានទម្លាយចេញបានអះអាងថា ឥទ្ធិពលរបស់តារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា នឹងលែងធម្មតាដូចពេលមិនទាន់រៀបការទៀតហើយ បន្ទាប់ពីនាងរៀបការនៅថ្ងៃទី១៦ ឩសភា ជាមួយអឋគ្គនាយករងទូរទស្សន៍ហង្សមាស លោក អ៊ឹង សុខលី ដែលជាប្អូនប្រុសរបស់ថៅកែហង្សមាស។ មង្គលការរបស់នាងត្រូវបានគេមើលឃើញថានឹងកក្រើកស្រទាប់មហាជន និងអ្នកសិល្បៈ ខណៈដែលនាងក៍បានក្លាយជាប្អូនថ្លៃរបស់ថៅកែហង្សមាស ដែលជាអ្នកជំនួញសំបូរទ្រព្យ និងក្លាយជាភរិយារបស់អគ្គនាយករងទូរទស្សន៍ហង្សមាស ដែលមានឥទ្ធិពលខ្លាំងទាំងការងារផលិតកម្មវិធីទូរទស្សន៍ និងក្នុងការផលិតកម្មបទចម្រៀង។ នាងត្រូវគេសន្និដ្ឋានថា នឹងឡើងកាន់តំណែងណាមួយជួយដល់លោក អុឹង សុខលី ក្នុងពេលដែលនាងក៍ត្រូវបានស្ថាប័នមួយនេះលើកស្ទួយ តាំងពីមានទំនាក់ទំនងជាមួយលោក អ៊ឹង សុខលី ហើយមិនទាន់មានការទទួលស្គាល់។ បើទោះជាក្រោយរៀបការ នឹងមិនមានការប្រគល់តំណែងណាមួយនៅក្នុងទូរទស្សន៍ ឬក្នុងផលិតកម្មហង្សមាស ក៍គេមើលឃើញថាតារាស្រីរូបនេះ នឹងក្លាយជាគ្រួសារហង្សមាស ដែលមានសិទ្ធិអំណាចពេញលេញ ក្នុងការសម្រេចកិច្ចការមួយចំនួន ដែលស្វាមីរបស់នាងទទួលខុសត្រូវ។ យ៉ាងណាមិញគេជឿជាក់ថា កញ្ញា ឱក សុគន្ធកញ្ញា នឹងមិនប្រើឥទ្ធិពលជាភរិយាអគ្គនាយករងទូរទស្សន៍ហង្សមាស ធ្វើអោយតារាៗក្រោមទ្រនំស្រពោនចិត្តនោះទេ ក្នុងពេលដែលនាង ក៍ត្រូវការជួអោយក្រុមហ៑ុនហង្សមាស កាន់តែមានកេរ្តិ៍ឈ្មោះ និងមានស្នាដៃ ក្រោយក្លាយជាសមាជិកពេញសិទ្ធិរបស់ត្រកូលមួយនេះ។