រៀបការហើយ!! តារាសម្ដែង ឈឹម អារីយ៉ា ក្លាយជាជំទាវ និងក្ដោបជំនួញធំៗក្នុងដៃ

ស្ងាត់ៗ ឈឹម អារីយ៉ា បានចូលរោងការយ៉ាងភ្ញាក់ផ្អើល កាលពីថ្ងៃទី៤ ឧសភា ឆ្នាំ២០១៩ ដោយមានវត្តមានមិត្ត​ភក្តិជាច្រើន ចូលរួមអបអរសាទរ។ ស្ថិតក្នុងសម្លៀកបំពាក់កូនក្រមុំ ឈឹម អារីយ៉ា ពិតជាស្រស់ស្អាតខ្លាំងណាស់ មានមិត្តភក្តិជាច្រើនលាន់មាត់សរសើរថា អារីយ៉ា ពិតជាស្រស់ស្អាតខុសប្លែកពីថ្ងៃធម្មតា ជាក់ស្តែងតាមរយៈ រូបភាព ដែលទស្សនិកជន បានឃើញស្រាប់។

មិនសរសើរមិនបាន នឹងសំណាងរបស់តារាសម្ដែងកញ្ញា ឈឹម អារីយ៉ា ដែលមានវាសនាបានស្វាមីជាមន្ត្រីផ្កាយ២ប្រចាំនៅក្រសួងមហាផ្ទៃ។ តំណែងរបស់នាង ត្រូវបានស្ដែងឡើង តាមរយៈមង្គលការជាមួយមន្ត្រីផ្កាយ២ប្រចាំក្រសួងមហាផ្ទៃ ដែលត្រូវគេអះអាងថា នឹងឡើងផ្កាយ៣ឆាប់ៗ។

កញ្ញា ឈឹម អារីយ៉ា ដែលបានក្លាយជាជំទាវវ័យក្មេង បានថ្លែងបញ្ជាក់ថា ស្វាមីរបស់នាង គឺជាអគ្គនាយករងនៅក្នុងនាយកដ្ឋានមួយប្រចាំក្រសួងមហាផ្ទៃ ដោយក្រោយមង្គលការដែលទើបបញ្ចប់ក្ដៅៗនេះ រូបនាងនឹងផ្អាកទទួលការងារសម្ដែង ដោយនៅទទួលតែការងារមួយចំនួន ដែលនាងកុងត្រា ហើយថតមិនទាន់ចប់ប៉ុណ្ណោះ។

នាងថា ពន្លកស្នេហ៍ជាមួយបុរសពោះម៉ាយផ្កាយ២ជាស្វាមី បានកើតមានឡើងរង្វង់មួយឆ្នាំចុងក្រោយ ហើយដោយលោកហ៊ា​នស្ដីដណ្ដឹងរូបនាងតាមផ្លូវប្រពៃណីផង ទើបនាងកាន់តែមានភាពកក់ក្ដៅ និងស្រលាញ់ពេញចិត្ត។ នាងប្រកាសបោះបង់សិល្បៈទាំងអាល័យ ដើម្បីទៅជួយមើលមុខជំនួញលក់ឡាន និងបើកហាងបញ្ចាំរបស់ស្វាមី តែបើពេលវេលាអំណោយផល រូបនាងក៏ត្រឡប់មកសម្ដែងកុំឲ្យមហាជនបាត់មុខម្ដងម្កាលនៅពេលបន្ទាប់នោះដែរ។ យ៉ាងណាមិញនាងថា សម្រាប់ការអញ្ជើញរបស់តារាសិល្បៈក្នុងកម្មវិធីជួបជុំ ឬក្នុងកម្មវិធីសប្បុរសធម៌ជាដើម ឲ្យតែមានការអញ្ជើញ គឺនាងនឹងចំណាយពេលចូលរួម។

ឈឹម អារីយ៉ា បន្តថា នាងមិនដែលនឹកស្មានថា ខ្លួនមានសំណាងបានក្លាយជាជំទាវស្របច្បាប់តាមរយៈមង្គលការ ដែលបានកើតឡើងនេះទេ តែនាងក៏នឹងរៀបចំខ្លួនមិនឲ្យមានការរិះគន់ថា នាងក្រោយមានឋានៈ និងក្លាយជាជំទាវ ក៏លែងរឹកពារនោះ។ នាង និងស្វាមីគម្រោងដើរកម្សាន្ត១០ប្រទេសនៅតំបន់អឺរ៉ុប នៅអំឡុង២ខែក្រោយ តែសម្រាប់ពេលនេះ គឺអត់មានពេលចេញទៅលម្ហែកាយ ដើម្បីទៅក្រេបទឹកឃ្មុំនោះទេ ដោយសារតែនាងក៏ត្រូវថតបញ្ចប់ភាពយន្តដែលជាប់កុងត្រា ហើយចំណែកស្វាមីរបស់នាង ក៏រវល់នឹងការងារនៅក្នុងស្រុក។

ក្នុងពិធីមង្គលការរបស់នាង ក្រៅពីភ្ញៀវកិត្តិយសដែលជាមន្ត្រីជាន់ខ្ពស់នៅក្នុងក្រសួងមហាផ្ទៃ ក៏មានវត្តមានផលិតករ និងតារាសិល្បៈជាច្រើនចូលរួមផងដែរ៕