ឱក សុគន្ធកញ្ញា នៅបន្ដដើរកើបលុយពីឋានព្រះឥន្ទ មុនថ្ងៃចូលរោង

ថ្ងៃទី១៦ ឧសភា ខាងមុខនេះ តារាចម្រៀងល្បីល្បាញ នាង ឱក សុគន្ធ កញ្ញា នឹងចូលរោងការជាមួយអគ្គនាយកទូរទស្សន៍ហង្សមាស និងជាអ្នកគ្រប់គ្រងផលិតកម្មហង្សមាស ដែលត្រូវគេស្គាល់ថាជាប្អូនបង្កើតរបស់ថៅកែហង្សមាស ជាផ្លូវការហើយ។ ប៉ុន្តែមកដល់ថ្ងៃនេះហើយ គេនៅតែឃើញនាងសកម្មនឹងការកើបលុយតាមខេត្ត ដោយកាលពីថ្ងៃទី៦ ឧសភា នាងបានបង្ហាញខ្លួនទទួលច្រៀងក្នុងកម្មវិធីចាប់ឆ្នោតផ្ដល់រថយន្តម៉ាស្ដាឆ្នាំ២០១៩ យ៉ាងក្រឡឺម អោយក្រុមហ៑ុនហង្សម្ចាស់ដីក្នុងគម្រោងលក់ចម្ការឋានព្រះឥន្ទ នៅក្រុងប៉ោយប៉ែតជាយដែនថៃ។

តារាចម្រៀង នាង ឱក សុគន្ធកញ្ញា បានទទួលស្គាល់ថា បើទោះជានាងជិតរៀបការ តែនាងនៅបន្តចុះការងារដោយមិនទាន់មានគមហរោងបន្ទំសាច់នោះទេ ជាពិសេសគម្រោងរបស់ឋានព្រះឥន្ទ ដែលយកនាងច្រៀងរាំពីរបីលើកមកហើយ។ នាងថា ហេតុផលដែលនាងនៅតែទទួលការងារចុះខេត្តជាមួយកម្មវិធីមួយនេះ ក៍ដោយសារតែនេះជាការផ្ដល់រង្វាន់រថយន្តលើកដំបូងដល់អ្នកទិញចម្ការ និងជាកម្មវិធីដែលនៅរាងឆ្ងាយពីថ្ងៃមង្គលការខ្លួនផង។ អ្វីដែលសំខាន់គឺនាងចង់ជួបបងប្អូនអតិថិជនដោយផ្ទាល់ ដែលបានទិញចម្ការពីគម្រោងឋានព្រះឥន្ទ ហើយក៍ចង់អោយអ្នកមានឈ្មោះចាប់យករង្វាន់ទាំងអស់នៅខាងប៉ោយប៉ែត បានជួបមុខនាងដោយផ្ទាល់។ យ៉ាងណាមិញហេតុផលដែលនាងទទួលការងារ យ៉ាងសកម្មជាមួយក្រុមហ៑ុនហង្សម្ចាស់ដី ដែលជាក្រុមហ៊ុនពុះដីដីចម្ការលក់ជាហិកតារៗ នៅកៀកនឹងថ្ងៃចូលរោងការ កាន់តែកៀកមកដល់នេះ ក៍ដោយសារតែនាង និងក្រុមហ៊ុន មានទំនាក់ទំនងល្អផងដែរ ដោយមិនមែនព្រោះតែហេតុផលចង់បានលុយមួយមុខនោះទេ។ នាងបានបកស្រាយបទចម្រៀងច្រើនបទ ហើយក៍ចាប់ឆ្នោតផ្ដល់សំណាងដល់អតិថិជនផងដែរ ទើបឱកាសបង្ហាញខ្លួនរបស់នាង ក្នុងគម្រោងឋានព្រះឥន្ទលើកនេះ ទទួលបានការចាប់អារម្មណ៍លើសពីការបង្ហាញកាលពីលើកមុនៗ ដែលទៅតែច្រៀងរាំ។ ក្នុងពិធីនោះ គេឃើញអ្នកស្រី លឹម ហ៑ាង រស់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបានទិញចម្ការដូងក្រអូបនៅខេត្តសៀមរាប គឺជាអ្នកឈ្នះរង្វាន់រថយន្តម៉ាស្ដារស៊េរី២០១៩ ដោយតារាចម្រៀង នាង ឱក សុគន្ធកញ្ញា គឺជាអ្នកចាប់រង្វាន់ដោយផ្ទាល់ ផ្ដល់សំណាងអោយ។

លោក ហង្ស ព្រីន្សយ៉ា ម្ចាស់ក្រុមហ៊ុនហង្សម្ចាស់ដី បានអះអាងថាដោយសារតែក្រុមហ៑ុនចង់ផ្ដល់រង្វាន់រថយន្តមួយគ្រឿងជូនដល់អតិថិជននៅខាងប៉ោយប៉ែត ដែលបានទិញចម្ការពីគម្រោងឋានព្រះឥន្ទ ច្រើនគួរអោយកត់សម្គាល់ ទើបធ្វើពិធីចាប់ឆ្នោតផ្សងសំណាងដើម្បីផ្ដល់រថយន្តឆ្នាំ២០១៩ អោយមុនគេ ដោយបានទាំងអញ្ជើញតារាចម្រៀង ឱក សុគន្ធកញ្ញា អោយចូលរួមច្រៀងរាំ។ លោកថានាង និងក្រុមហ៊ុន មិនបានកុងត្រាគ្នាយូរខែនោះទេ តែដោយសារតែនាងធ្លាប់ជាតារាចម្រៀងដែលច្រៀងរាំក្នុងកម្មវិធីរបស់ក្រុមហ៊ុនច្រើនដងមកហើយ ទើបនាងទទួលច្រៀង បើទោះជាជិតដល់ថ្ងៃមង្គលការ។ លោកថាពិធីចាប់ឆ្នោតប្រគល់រថយន្តដូចគ្នានេះ នឹងត្រូវធ្វើឡើងនៅតាមបណ្ដាខេត្តជាច្រើនទៀត ដើម្បីលើកទឹកចិត្តអ្នកទិញចម្ការពីក្រុមហ៊ុនហង្សម្ចាស់ដី អោយកាន់តែមានកម្លាំងចិត្ត ក្រៅពីទិញចម្ការ និងបានដំណាំនោះ៕