ហង្ស ព្រីន្សយ៉ា ៖ « នេះជាករណីចាប់ជំរិត និងធ្វើស៊ីពីភាគីណាមួយដែលចង់បង្ខូចឈ្មោះក្រុមហ៊ុនលោក »

ខណៈដែលមានព័ត៍មានបំផ្លើសថា ក្រុមហ៊ុនហង្សម្ចាស់ដីបានលក់ដីខ្យល់ និងបានបំផ្លើសថាម្ចាស់គម្រោងមួយនេះ បានគេចពីការចោទប្រកាន់របស់ព្រះរាជអាជ្ញាខេត្តបាត់ដំបងនោះ លោក ហង្ស ព្រីន្សយ៉ា ដែលជាអ្នកសេដ្ឋកិច្ចវិទូ និងជាម្ចាស់ក្រុមហ៊ុនបានអះអាង ក្រោយមានការចោទប្រកាន់ពីព្រះរាជអាជ្ញានៅខេត្តបាត់ដំបង លោកបានយកឯកសារទិញដីក្នុងគម្រោងឋានព្រះឥន្ទអោយមើលដោយមិនបានគេច និងហ៑ានយកកក្បាលមកធានា ប្រសិនបើមានអតិថិជនណាម្នាក់ទិញដីក្នុងគម្រោងឋានព្រះឥន្ទ របស់លោក ហើយមិនបានចម្ការ។ លោកថា នេះជាករណីចាប់ជំរិត និងធ្វើស៊ីពីភាគីណាមួយដែលចង់បង្ខូចឈ្មោះក្រុមហ៊ុនលោកដោយបានដាក់បណ្ដឹងបំផ្លើសទៅកាន់ព្រះរាជអាជ្ញាខេត្តបាត់ដំបង ហើយនៅពេលដែលលោកចូលខ្លួនទៅបំភ្លឺក៌មានសារព័ត៌មានផ្សាយបំផ្លើសទាំងមិនទាន់ស្វែងយល់រឿងសុំជម្រៅ។

លោកថា ក្រោយពេលអាជ្ញាធរបានចាប់តំណាងរបស់ក្រុមហ៊ុនលោកទៅសួរចម្លើយ លោកបានចូលខ្លួនទៅបកស្រាយភ្លាមៗ ដោយបានទាំងប្រមូលឯកសារយកទៅបញ្ជាក់ ដើម្បីអោយដឹងថា គម្រោងលក់ដីចម្ការពុះឡូតិ៍របស់លោកទាំងអស់ មិនថានៅខេត្តបាត់ដំបង ពោធិសាត់ ឬ សៀមរាប ដែលបានប្រកាសឡើង គឺសុទ្ធតែមានដីសម្រាប់ប្រគល់ជូនអតិថិជនទាំងអស់។ លោកថានៅពេលលោកទៅជួបមន្ត្រីអាជ្ញាធរប្រចាំខេត្តបាត់ដំបង ហើយបានអោយកូនចៅប្រមូលយកឯកសារទិញដីពីពលរដ្ឋ ដើម្បីបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកពិតជាមានដីតាមចំនួនហិកតារ ដែលបានប្រកាសលក់។ លោកថាខ្លួនមានឯកសារបញ្ជាក់ច្បាស់លាស់ពីគម្រោងឋានព្រះឥន្ទ និងថាខ្លួនមានដីសម្រាប់ប្រគល់អោយអតិថិជន។ លោកប្រកាសចាត់វិធានការចំពោះសារព័ត៍មានដែលផ្សាយបំផ្លើសដោយគ្មានសម្ដីបកស្រាយរបស់លោក តែលោកបង្ហាញការកោតសរសើរចំពោះអាជ្ញាដែលបារម្ភខ្លាចរឿងពលរដ្ឋច្រលំទិញដីខ្យល់ ហើយឈានដល់ការសាកសួរដល់ក្រុមហ៑ុនលោកលើករណីនេះ។

លោក ហង្ស ព្រីន្សយ៉ា បានអះអាងថា ខ្លួនហ៑ានយកក្បាលមកធានា ប្រសិនបើប្រជាពលរដ្ឋណាម្នាក់ទិញចម្ការនៅកន្លែងណាមួយ ពីក្រុមហ៊ុនហង្សម្ចាស់ដី ហើយមិនទទួលបានដី។ លោកថាខ្លួនកំពុងឈូសឆាយដីដែលប្រមូលទិញពីពលរដ្ឋ ដើម្បីដាំជាចម្ការផ្សេងៗ ហើយពុះជាឡូតិ៍ប្រគល់អោយអតិថិជនតាមដំណាក់កាល ដែលបានសន្យា ដោយមិនមែនប្រកាសលក់ដីខ្យល់ដូចការចោទប្រកាន់នោះទេ។ លោកថាមិនអាចទទួលយកបាននោះទេ ចំពោះបណ្ដាញផ្សព្វផ្សាយមួយចំនួន ដែលផ្សាយបំផ្លើសថាក្រុមហ៊ុនលោកលក់ដីខ្យល់ និងគេចពីការចង់សាកសួរ ទើបមានការចាប់ឃាត់ខ្លួនជាដើម។ លោកថាមន្ត្រីអាជ្ញាធរចាប់ឃាត់ខ្លួនតែក្រុមភ្នាក់ងារ ដែលជាអ្នកផ្សព្វផ្សាយលក់របស់លោកប៉ុណ្ណោះ បន្ទាប់ពីមានការចោទប្រកាន់ពីព្រះរាជ្ញាខេត្តបាត់ដំបងដែលលោកយល់ថាកើតពីបណ្ដឹងរបស់បុគ្គលណាមួយដែលចង់បង្ខូចឈ្មោះលោក ឬ អាចជាការយកចិត្តទុកដាក់របស់អាជ្ញាធរ ដែលព្រួយបារម្ភខ្លាចពលរដ្ឋទិញដីខ្យល់។ លោកអះអាងថា តើក្រុមហ៊ុនរបស់លោក ដល់ដំណាក់កាលប្រគល់ដី ហើយមិនមានដីចម្ការប្រគល់ជូនអតិថិជន ឬនៅ ទើបមកចោទថាលោកលក់ដីខ្យល់ ហើយលោកក៍រឹតតែមិនទទួលយកទៅទៀត នៅពេលដែលលោកទៅបំភ្លឺ ដោយមានទាំងឯកសារច្បាស់លាស់ ហើយមានបុគ្គលដែលលោកមិនស្គាល់ថាជាអ្នកណាពន្យល់លោកថាអោយដាក់លុយ៩ម៉ឺនដុល្លារទៅ ទើបស្រួលរួចផុតពីការចោទប្រកាន់។ លោកថាខ្លួនលក់ដីមានដី ហើយបើអ្នកទិញមិនបានដីលោកសុខចិត្តយកក្បាលមកធានា ដោយមិនមែនរកស៊ីយកដីខ្យល់មកលក់នោះទេ។