
ល្ងាចថ្ងៃទី២១ ខែ ឧសភា ឆ្នាំ ២០១៩ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា បានរៀបចំពិធីប្រគល់ផ្ទះដែលជាអំណោយដ៏ថ្លៃថ្លាពីសម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អាណិតអាសូរ ទិញផ្ទះឲ្យតារាចម្រៀង ចាន់ សម័យ ក្នុងបុរីឡេងណាវ៉ាត្រា។ ផ្ទះដែលសម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទិញឲ្យ តារាចម្រៀងចាន់ សម័យនោះ គឺជាវីឡាតឿ មានសល់ដីជុំវិញផ្ទះ ដែលមើលទៅគួរឲ្យចង់របស់នៅតែម្ដង ស្ថិតក្នុងបុរីឡេងណាវ៉ាត្រាគម្រោងទី៦ ជិតផ្សារទូលពង្រ។
ឧកញ៉ា ឡេង ណាវ៉ាត្រា បានថ្លែងថា លោកពិតជារំភើបចិត្តខ្លាំងជំនួស តារាចម្រៀងលោក ចាន់ សម័យ ដែលមានសំណាងត្រូវបានសម្ដេចទាំងពីរអាណិតអាសូរ ទិញផ្ទះឲ្យបែបនេះ។ ទទឹមគ្នានោះដែរ សម្រាប់ លោកឧកញ៉ាថា គឺជាមោទនភាពនិងមហាកិត្តិយសបំផុតដែលសម្ដេចម៉ែបាន សម្រេចទិញនៅក្នុងបុរីឡេងណាវ៉ាត្រានេះតែម្ដង។
ក្រោយពីទទួលបានផ្ទះយ៉ាងស្រស់ស្អាតហើយនៅក្នុងបុរីក្នុងរាជធានីភ្នំពេញថែមទៀត លោក ចាន់ សម័យ បានសម្ដែងអារម្មណ៍រំភើបខ្លាំងណាស់ ដោយកន្លងមកលោកមិនធ្លាប់ ស្រមៃថា និងមានផ្ទះផ្ទាល់ខ្លួនដើម្បីឲ្យប្រពន្ធកូនស្នាក់នៅឡើយ។ ម្ចាស់បទ”សុំមេមាន់មួយ” លោកសូមអរគុណខ្លាំងណាស់ ដល់សម្ដេចទាំងពី ដែលមានចិត្តប្រោសប្រណីដល់រូបលោកនិងក្រុមគ្រួសារ ដែលចាប់ពីពេលនេះ លោកមានផ្ទះសម្បែងផ្ទាល់ខ្លួនរស់នៅនឹងគេឯង ឈប់នៅផ្ទះជួលហើយ។ ជាមួយគ្នានេះ លោក ចាន់ សម័យ សូមជូនពរសម្ដេចទាំងពីរបានសម្រេចនូវពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ៕