
វីរៈសិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ បានធ្វើការអំពាវនាវ សុំការជួយអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការជួយអន្តរាគមន៍ករណីចោរចូលគាស់ផ្ទះ ដោយបានរុករើ ក្នុងបន្ទប់យកលុយអស់ប្រមាណ៥ម៉ឺនដុល្លារ ទាំងដែលលោកហាក់បីអស់សង្ឃឹមក្នុងការពឹងពាក់លើសមត្ថកិច្ចខណ្ឌទួលគោក។ លោកព្រហ្ម ម៉ាញ បានបង្ហាញនូវក្តីសង្ឃឹមជាខ្លាំង ប្រសិនបើមានការជួយអន្តរាគមន៍ពីសម្តេចតេជោ ព្រោះលោកមានជំនឿជឿជាក់យ៉ាងមុតមាំថា បើមានការជួយពីសម្តេច នោះនឹងឆាប់ស្រាវជ្រាវរកជនល្មើសបានយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ជាក់ជាពុំខាន។
តាមរយៈវីដេអូដែលបង្ហោះជាសាធារណៈក្នុងបណ្តាញសង្គមហ្វេសប៊ុក លោក ព្រហ្ម ម៉ាញ រៀបរាប់ថា«ខ្ញុំបាទក៏សូមរំឭក ក៏ដូចជាផ្តាំដែរ ដល់អាជ្ញាធរដែនដីបឹងកក់២នេះ និងខណ្ឌទួលគោក ឥឡូវខ្ញុំមកធ្វើកោសល្យវិច្ច័យផង មកកត់ត្រាឡើងពីរថ្ងៃ អ៊ីចឹងសុំឲ្យខ្ញុំមានសង្ឃឹមផង ព្រោះខ្ញុំសំណូមពរនេះ ដោយសារលើកទី១ ខ្ញុំបានបាត់ខ្សែកតម្លៃ៣ពាន់ជាង ហើយគ្រាន់តែមកកត់ត្រាចុះឡើង ៥ទៅ៦ឆ្នាំហើយ អត់មានរកឃើញ អត់មានដំណឹងមកប្រាប់ខ្ញុំទៀត អ៊ីចឹងខ្ញុំអស់សង្ឃឹម តែឥឡូវនេះ ខ្ញុំសុំឲ្យមានទំនុកចិត្ត ជាពិសេសសុំឲ្យថ្នាក់លើមេត្តាជួយដាសតឿនបន្ថែមផង បីថ្ងៃហើយ….ឲ្យតែមានប្រសាសន៍សម្តេច គឺត្រូវបានផលតែម្តង»។
គួរបញ្ជាក់ផងដែរថា លោកព្រហ្ម ម៉ាញ ត្រូវចោរចូលគាស់ផ្ទះ ដោយបានរុករើ ក្នុងបន្ទប់យកលុយអស់ប្រមាណ៥ម៉ឺនដុល្លារកាលពីយប់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ខណៈបើគិតមកទល់នឹងពេលនេះ គឺមានរយៈពេល៣ថ្ងៃហើយ តែហាក់មិនទាន់ឃើញតម្រុយនៅឡើយទេ។ ហេតុនេះហើយ ទើបធ្វើឲ្យលោកបង្ខំចិត្ត អំពាវនាវតាមបណ្តាញហ្វេសប៊ុក សុំការជួយអន្តរាគមន៍ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕