
នៅរសៀលថ្ងៃទី ២៣ ខែឧសភា នេះ លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា និងភរិយា បានដឹកនាំសិល្បករខ្មែរ មានវត្តមានលោក ខេម ជាតារាចម្រៀងនៅថោន និងលោក ហេង ឡុង តំណាងសមាគមសិល្បករខ្មែរ បាននាំថវិកាចំនួន ៨០ លានរៀល ដែលស្មើរនឹង ២ម៉ឺន ដុល្លារ ប្រគល់ជូនមន្ទីពេទ្យគន្ធបុប្ផា ដែលក្នុងនោះសុទ្ធតែក្រដាស់ប្រាក់ ៥០០ រៀល ដែលជាការលើកតម្កើងប្រាក់រៀលរបស់ខ្មែរ។ លោក ឡេង ណាវ៉ាត់ត្រា បានប្រាប់សារព័ត៌មាន The Plus News ថា ប្រាក់ចំនួន 20 លានរៀល គឺបានមកពីការប្រគំតន្ត្រីរ៉ៃអង្គាសនៅប្រទេសកូរ៉េ ដែលចេញពីទឹកចិត្តរបស់បងប្អូនពលករ ហើយលោកក៏បានបន្ថែម ៦០លានរៀលទៀត។
តារាចម្រៀងខេម តំណាងសិល្បករខ្មែរ បានបញ្ជាក់ស្របគ្នាថា ការប្រគល់ជូននូវថវិកានេះ គឺបង្ហាញយ៉ាងច្បាស់ថា ថវិការៃអង្គាសពីបងប្អូននៅក្នុងប្រទេសកូរ៉េ ត្រូវបានបហរគល់ដល់ដៃរបស់មន្ទីរពេទ្យគន្ធបុប្ផាហើយ លោកអ្នកទាំង2ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីនៅក្នុងប្រទេសកូរ៉េ បានបង្ហាញអារម្មណ៍សប្បាយចិត្ត។ លោកបានបន្ដទៀតថា នៅពេលបានប្រគល់ថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផាបែបនេះ កាន់តែធ្វើឱ្យលោកមានកម្លាំងច្រៀងរាំរៃអង្គាសនៅក្នុងសកម្មភាពនេះខ្លាំងឡើង ដោយលោកប្រកាសថា នឹងបន្តជួយច្រៀងមិនគិតកម្រៃបន្ថែមទៀត។ យ៉ាងណាមិញ លោក ហេង ឡុង ក៏អះអាងថាគឺជាលើកទីមួយផងដែរ ដែលការប្រគំតន្ត្រីនៅក្នុងប្រទេសកូរ៉េ តាមរយៈការរៀបចំរបស់ក្រុមហ៊ុន ឡេងណាវ៉ាត្រា ធ្វើការរៃអង្គាសប្រាក់ពីពលករកូរ៉េ។
លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានថ្លែងបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីលោកមើលឃើញពីភាពខ្វះខាត ក៏ដូចជាចង់ចូលរួមជាមួយមូលនិធិគន្ធបុប្ផានោះ ជារឿយៗ លោកតែងតែចូលរួម ក្នុងជាសកម្មភាពមនុស្សធម៌ ផ្ដល់ជាថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។ លោកបន្តថា នេះមិនមែនជាលើកទី១ទេ ដែលលោកបានផ្ដល់ជាជំនួយ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ពោលគឺ៣លើករួចមកហើយ ដោយលើកទី១ចំនួន៥០លានរៀល លើកទី២ ចំនួន៨០លានរៀល និងលោកទី៣ចំនួន៨០លានរៀលដូចគ្នា។ ជាមួយគ្នានេះ នៅមានសកម្មភាព មនុស្សធម៌ផ្សេងៗជាច្រើនទៀត ដែលលោក ឧកញ៉ាឡេង ណាវ៉ាត់ត្រា កំពុងតែត្រៀមធ្វើ ដើម្បីជាគោលដៅ ស្វែងរកមូលនិធិបន្តទៀត។
ជាមួយគ្នានេះផងដែរលោក ឧកញ៉ាឡេង ណាវ៉ាត់ត្រា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកមានធនធាន សូមចូលរួមចែករំលែកនូវធនធាន ដែលចំណេញពីមុខជំនួញ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលកំពុងតែខ្វះខាតខ្លាំង។ ក្នុងនោះសិល្បករ សិល្បការនី ក៏មានគោលដៅសំខាន់ដូចគ្នាដែរ ខណៈលោកក៏បានដឹកនាំធ្វើសកម្មភាពបន្តបន្ទាប់ ដើម្បីស្វែងរកមូលនិធិ ជួយដល់មន្ទីរពេទ្យនេះ។ សូមបញ្ជាក់ថា នៅក្នុងពិធីប្រគល់ ថវិកាជូនមន្ទីរពេទ្យ គន្ធបុប្ផានោះ គេសង្កេតឃើញវត្តមាន លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា និងភរិយា លោកហេង ឡុង និងតារាចម្រៀង ខេម ដែលតំណាងឲ្យអ្នកសិល្បៈមួយចំនួន ដែលបានទៅសម្ដែងច្រៀងរាំ នៅលើទឹកដីប្រទេសកូរ៉េ កាលពីដើមខែឧសភា កន្លងទៅ ដើម្បីជួបជុំបងប្អូនពលករខ្មែររស់នៅប្រទេសកូរ៉េ និងស្វែងរកមូលនិធិ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ៕