
កាលពីពេលថ្មីៗនេះអ្នកនាង ម៉ី ហ្ស៊ីនយ៉ា តារារៀមច្បងមួយរូបបានសម្តែងនូវអារម្មណ៍រីករាយក្រៃលែងគ្រាដែលនាងទទួលបានមេដាយកិត្តិយសបំពាក់ជូននាងលើវេទិកា។លើសពីនេះនាងបានសម្ដែងនូវអារម្មណ៍សោកស្ដាយដែលពុំអាចបន្ដអាជីពសិល្បៈបន្ដ។
កញ្ញាម៉ី ហ្ស៊ីនយ៉ា បានបញ្ជាក់ថា នាងនៅតែចង់ប្រឡូកចូលសិល្បៈ ប៉ុន្ដែពេលវេលាមិនអំណោយផលសម្រាប់នាង ព្រោះនាងត្រូវគ្រប់គ្រងអាជីវកម្មពុំអាចដកឃ្លាបាន។នាងបន្ដថា ទោះមិនអាចសម្ដែងបានក៏ពិតមែនតែនាងមិនព្រមកាត់ផ្ដាច់ពីសកម្មភាពជាមួយអ្នកសិល្បៈដទៃក្នុងការជួយសង្គមទេ។
ក្នុងកិច្ចការជួយសង្គមជាច្រើនត្រូវបានគេសង្កេតឃើញថា ទោះបីជាម៉ី ហ្ស៊ីនយ៉ា មិនបានទទួលពានរង្វាន់ក្នុងនាមជាតារាសម្ដែងតុបតែខ្លួនក្នុងឈុតបុរាណស្អាតដាច់គេក៏ដោយក៏តារាសម្តែងរូបនេះត្រូវបានថ្នាក់ដឹកនាំ អ្នកសិល្បៈជើងចាស់ទទួលស្គាល់ពីសកម្មភាពនាង។ អ្នកនាងម៉ី ហ្ស៊ីនយ៉ា ជាក់សម្ដែងកន្លងមកនាងពិតជារីករាយណាស់ ក្រោយពេលចូលជាសមាជិកក្រុមគ្រួសារតារាកម្ពុជា ហើយអ្នកសិល្បៈថ្មីចាស់នាំគ្នាធ្វើកិច្ចការជួយសង្គមដូចជាបរិច្ចាគឈាម រៃអង្គាសប្រាក់ជួយពេទ្យគន្ឋបុប្ឋា និងជួយដល់តារាសិល្បៈមានទុក្ខលំបាក។
ម៉ី ហ្ស៊ីនយ៉ា បន្ថែមថា៖«ខ្ញុំពិតជាសប្បាយចិត្ដមែនព្រោះអ្វីដែលខ្ញុំធ្វើពុំរំពឹងការតបស្នងមិននឹកស្មានថា នៅថ្ងៃខួបគ្រួសារតារាកម្ពុជា បែជាទទួលបានលទ្ធផលល្អ និងមានការទទួលស្គាល់ពីមហាជន ឯកឧត្តម លោកជំទាវ និងរៀមច្បងសិល្បៈទាំងមុន និងក្រោយអីចឹងនោះទេ»៕