មោទកភាពនិងអបអរ តារាសម្ដែង អ៊ុំ សំ​ថា​រ័ត្ន​ ទទួលប័ណ្ណសរសើរផ្សព្វផ្សាយអំពីវប្បធម៏ខ្មែរ និង មរកតក្បាច់គុនល្បុកតោនៅឯសហរដ្ឋអាមេរិក

តារាសម្ដែង និងជាកីឡាការិនី​ល្បុក្កតោ​ ​អ៊ុំ សំ​ថា​រ័ត្ន​ ​ដែល​ល្បីល្បាញ​ក្នុង​ខ្សែភាពយន្ត​បែប​វាយតប់​ ​និង​លើ​សង្វៀន​ប្រយុទ្ធ​បែប​ ​MMA​ ​និង​សង្វៀន​ប្រដាល់​នានា​នោះ ដែលកន្លងទៅប៉ុន្មានសប្តាហ៍មុននេះ តារាសម្ដែងបានធ្វើដំណើរទៅដល់សហរដ្ឋអាមេរិក ក្នុងគោលបំណងផ្សព្វផ្សាយភាពយន្តឯកសារ “ការរស់ឡើងវិញនៃក្បាច់គុណល្បុក្កតោ Surviving Bokator” ។

តួស្រីនៅក្នុងរឿង « ការពារឧក្រិដ្ឋជន» រូបនេះបានអះអាងថា ដើម្បីចូលរួមកម្មវិធីអន្តរជាតិ Festival Of Nations តាមការរៀបចំរបស់ផលិតករភាពយន្តឯកសារ “Surviving Bokator” ជនជាតិកាណាដា គឺលោក Mark Bochsler និងអង្គការ IKARE ដែលមានទីតាំងនៅរដ្ឋ Minnesota។ គឺប្រយោជន៍ធ្វើរួមទាំងវប្បធម៌ នៃក្បាច់គុណល្បុក្កតោ និងចង់បង្ហាញពីមោទនភាព គួរឲ្យកោតស្ងប់ស្ងែង ដើម្បីបង្ហាញឲ្យពិភពលោក បានស្គាល់ក្បាច់គុណខ្មែរបុរាណកាន់តែច្រើន។ នាងថា ដើមឡើយនាងមកធ្វើការផ្សព្វផ្សាយ និងសម្តែងនៅរដ្ឋប៊ូស្តុន ក្រុងឡូវ៉ែល និងរដ្ឋមីនីសូតា។ មិនថាទាំងជនបរទេស ប្រជាជនខ្មែរ ពិសេសក្មេងៗខ្មែរ ដែលកើតនៅទីនេះ ពិតជាមានការភ្ញាក់ផ្អើល និងកោតសរសើរចំពោះការបង្ហាញវត្តមាន និងសម្តែងរបស់នាងខ្លាំង ដែលពួកគេធ្លាប់តែលឺនិយាយ ពីសង្គ្រាមនៅកម្ពុជា ហើយបានឃើញពីសិល្បៈវប្បធម៌ខ្មែរ នាំឲ្យពួកគេបង្ហាញអារម្មណ៍ចង់សិក្សាស្រាវជ្រាវបន្ត ធ្វើដំណើរមកឃើញដោយផ្ទាល់ នៅកម្ពុជា។នាងថាពួកគេចង់ឲ្យមានសាលាក្បាច់គុណល្បុក្កតោ នៅសហរដ្ឋអាមេរិក ដើម្បីធ្វើការហ្វឹកហាត់ក្បាច់គុណដ៏ល្អមួយនេះ។

នាងបន្តទៀតថា ជាមោទនភាព និងរំភើបជាខ្លាំង ព្រោះតែការធ្វើដំណើរមកលើកនេះ ជាឱកាសបង្ហាញស្នាដៃកេរដំណែល សិល្បៈវប្បធម៌ខ្មែរនៅលើឆាកអន្តរជាតិ ហើយការធ្វើដំណើរមកលើកនេះ ក៏ជាឱកាសជួយស្វែងរកមូនិធិមួយ ជួយទ្រទ្រង់សកម្មភាពក្បាច់គុណល្បុក្កតោ ឲ្យបានផ្សព្វផ្សាយនៅបណ្តាប្រទេសនានាបន្តទៀត នៅជុំវិញពិភពលោក។

សូមជម្រាបផងដែរថា រហូតមកទល់ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០១៩ នេះ តារាសម្ដែងស្រី អ៊ុំ សំថារ័ត្ន ត្រូវបានប្រកាសអោយដឹងបន្ថែមថា នាងបានទទួលបានប័ណ្ណសរសើរពីស្ថាប័ន State Senate ចំពោះការខិតខំផ្សព្វផ្សាយអំពីវប្បធម៏ខ្មែរ និង មរកតក្បាច់គុនល្បុកតោនៅឯសហរដ្ឋអាមេរិក។ នេះជាភាពជោគជ័យដ៏គួរអោយស្ញប់ស្ញែងមួយសម្រាប់ប្រជាជាតិកម្ពុជាយើង៕