
តាមរយៈសារព័ត៌មាន MThai បានចេញផ្សាយនៅពេលមុននេះបន្ដិចបានអះអាងថា មេក្រុមចម្រៀងរបស់ iKON ដែលធ្លាប់មានប្រវត្តិទាក់ទងនឹងបញ្ហាប្រើប្រាស់គ្រឿងញៀនតាំងពីអំឡុងឆ្នាំ 2016 មកម្លេះ ខណៈនេះខ្លួនបានប្រកាសចាកចេញពីផលិតកម្ម YG Entertainment ដើម្បីអះអាងភាពបរិសុទ្ធរបស់ខ្លួន។ តែទីបំផុតខាងផលិតកម្មបានបញ្ជាក់ថា B.I សមាជិកក្រុមចម្រៀង iKON បានទទួលខុសចំពោះមុខច្បាប់នូវទោសកំហុសរបស់ខ្លួនដែលបានកើតឡើង ដោយការលាឈប់ពីក្រុម។
B.I ជាមេដឹកនាំក្រុមចម្រៀង iKON បានសរសេរសាររៀបរាប់ថា « ខ្ញុំមានអារម្មណ៍ខូចចិត្តជាខ្លាំងចំពោះព័ត៌មានដែលផ្សព្វផ្សាយចេញមកខាងក្រៅនេះ និងព្រមទទួលស្គាល់ថា គ្រាកន្លងមកខ្ញុំធ្លាប់បានពឹងពាក់ចំពោះនរណាខ្លះ ដើម្បីក្រោកចេញពីភាពតោកយ៉ាកក្នុងជីវិត។ តែខ្ញុំក៏មិនបានពាក់ព័ន្ធជាមួយគ្រឿងញៀននោះទេ។ ខ្ញុំមានអារម្មណ៍ខ្មាសអៀនចំពោះអ្នកគាំទ្រនិងសមាជិកនៅក្នុងក្រុមខ្លាំងណា់ស ដែលអារម្មណ៍នេះធ្វើឱ្យខ្ញុំឈឺចាប់ចំពោះកំហុសខ្លួន។ តែខ្ញុំត្រូវសម្រេចចិត្តចាកចេញពីមិត្តរួមក្រុម ដើម្បីទទួលរាប់រងចំពោះកំហុសនោះចុះ។ ខ្ញុំសុំទោសចំពោះអ្នកគាំទ្រគ្រប់រូប និងសមាជិករួមក្រុមដែលមានចិត្តស្រឡាញ់ចំពោះខ្ញុំ»៕