សម្ដេចតេជោ និងឧកញ៉ាឡេង ណាវ៉ាត់ត្រា បានធ្វើអោយជីវិតចាន់ សម័យមានពន្លឺឡើងវិញ

ក្រោយពេលបានដឹងពីទុកលំបាកក្នុងជីវភាពរបស់តារាចម្រៀងចាន់ សម័យ គ្រាដែលលោកត្រូវបាត់បង់អាជីពជាអ្នកចម្រៀងត្រូវបានសប្បុរសធម៌នានាបានជួយជ្រោមជ្រែងភ្លាម ។ យ៉ាងណាមិញ ក្នុងចំណោមសប្បុរសជនទាំងអស់មានតែបុគ្គលពីររូបប៉ុណ្ណោះត្រូវគេកត់សម្គាល់ថាកំពុងជួយអោយអតីតតារាចម្រៀងរូបនេះមានសង្ឃឹមក្នុងជីវិតឡើងវិញ នោះគឺសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងលោកឧកញ៉ាឡេង ណាវ៉ាត់ត្រា។

យោងតាមការប្រកាសអោយដឹងជាសាធារណៈ និងការប្រកាសរបស់លោកអ៊ឹម ជីវ៉ា បានអះអាងថា លោកចាន់ សម័យ ដែលស្ថិតក្នុងសភាពទ័លខ្លាំង បានទទួលនូវការជ្រោមជ្រែងពីសប្បុរសជនច្រើនឡើង បន្ទាប់ពីលោកចេញមុខផ្សព្វផ្សាយ និងប្រកាសអំពាវនាវ។ អ្វីដែលលោកកាន់តែរំភើបនឹងសប្បាយចិត្តបំផុត គឺលោក ចាន់ សម័យ ត្រូវបានឧបត្ថម្ភថវិកាចំនួន១ម៉ឺនដុល្លារភ្លាមពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដើម្បីអោយលោកចាន់ សម័យ មានលទ្ធភាពបានធ្វើផ្ទះនៅ ។ ភ្លាមៗដែរបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលហើយនោះលោកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏ប្រកាសផ្ដល់ដីមួយកន្លែង ដើម្បីអោយលោកមានដីផ្ទាល់ខ្លួនសង់ផ្ទះនៅ។

លោកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលត្រូវមហាជនផ្ដល់រហស្សនាមថាឧកញ៉ាចិត្តធម៌  បានអះអាងថា លោកពិតជាសម្រេចចិត្តផ្ដល់អោយលោក ចាន់ សម័យ នូវដីមួយប្លង់ស្ថិតនៅផ្លូវជាតិលេខ៣ ស្ថិតក្នុងតំបន់នៅក្បែរទីប្រជុំជន ដើម្បីអោយអតីតតារាចចម្រៀង លោក ចាន់ សម័យ បានសង់ផ្ទះនៅពិតមែន បន្ទាប់ពីបានដឹងថាសម្ដេចតេជោ ផ្ដល់អោយ១ម៉ឺនដុល្លារ ដើម្បីអោយអតីតតារារូបនេះ មានដីសង់ផ្ទះ កុំអោយពិបាករកដីដើម្បីសង់ផ្ទះបន្ទាប់ពីទទួលបានការសន្ដោសពីសម្ដេច។

លោកឧកញ៉ាបន្ដថា ដីដែលលោកគម្រោងអោយនោះ គឺជាដីស្ថិតក្នុងតំបន់ដែលមានពលរដ្ឋរស់នៅ អាចរស់នៅបាន ហើយបើទោះជានៅជាយក្រុងបន្តិចមែន ប៉ុន្តែអាចរស់នៅបានយ៉ាងស្រួលមិនមែនជាកន្លែងស្ងប់ស្ងាត់។ ទោះយ៉ាងណាលោកមិនទាន់បញ្ជាក់ថាដីដែលអោយចាន់ សម័យ នឹងមានទំហំប៉ុន្មានអោយច្បាស់នោះទេ ដោយគ្រាន់តែបានបង្ហើបផ្ដល់អោយក្នុងទំហំដែលអាចអោយចាន់ សម័យ សង់ផ្ទះបានសមរម្យសម្រាប់ជីវិត។

ឧកញ៉ាឡេង ណាវ៉ាត់ត្រា បានប្រកាសទៀតថា ដីនោះបើទោះជាចាន់ សម័យ មិនសង់ផ្ទះនៅ ហើយចង់លក់ចោល ក៏លោកប្រគល់អោយដែរ ដោយលោកប្រកាសថា ទោះចាន់ សម័យ យកធ្វើអីក៏ធ្វើទៅ។ យ៉ាងណាមិញ យោងតាមការផ្សាយផ្ទាល់ពីសប្បុរសជនដែលបានទៅជួប លោក ចាន់ សម័យ គឺលោកនឹងសម្រេចចិត្តទទួលយកដីរបស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា ព្រមទាំងសម្រេចចិត្តទៅសង់ផ្ទះនៅលើដីនោះគ្រាដែលលោកកំពុងតែចង់បានផ្ទះសម្បែងផ្ទាល់ខ្លួនបំផុតនាពេលបច្ចុប្បន្ន៕