
តាមរយៈការបង្ហោះអោយដឹងពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក ឯល ប៊ុនណា ដែលជាឪពុករបស់តារាចម្រៀង ណាំ ប៊ុណ្ណារ័ត្ន ទទួលបានការប្រគល់សិទ្ធិគ្រប់គ្រងស្នាដៃបទចម្រៀងចំនួន ៣០បទ ដែលលោកជាអ្នកនិពន្ធទំនុកច្រៀង និងបទភ្លេង។ សេចក្ដីប្រកាសនេះ បានត្រូវបង្ហោះនៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០១៩ នេះ។
លោក ឯល ប៊ុនណា ដែលជាឪពុករបស់តារាចម្រៀង ណាំ ប៊ុណ្ណារ័ត្ន ផងដែរនោះ បានដាក់សំណើសុំសិទ្ធិគ្រប់គ្រងចម្រៀង៣០បទ ដែលក្នុងនោះ ក្រសួងពិនិត្យឃើញថា ២៨បទជាស្នាដៃនិពន្ធបទភ្លេង និងទំនុកចម្រៀងដោយលោក ឯល ប៊ុនណា តែម្នាក់ឯង រីឯ២បទទៀត ជាស្នាដៃសហនិពន្ធ ហើយបានផ្ទេរសិទ្ធិជូនលោកជាតំណាង។ បទចម្រៀងដែលជាស្នាដៃនិពន្ធ និងទំនុកច្រៀងដោយ លោក ឯល ប៊ុនណា មានដូចជា ដំបៅដួងចិត្ត, បងស្រែកច្រៀងម្តេចនាងយំ, ណារីនឹមនួន ដែលច្រៀងដោយលោក ស៊ីន ស៊ីសាមុត បទប៉ុន្មានខែទៀតទើបបងរៀបការ, កុំនឹកអូនអី ដែលច្រៀងដោយអ្នកស្រី រស់ សេរីសុទ្ធា ជាដើម៕