មកស្គាល់តារាចម្រៀងលាក់មុខបទ « ផឹកមិនកើត » កំពុងល្បីនៅលើ TikTok

« ផឹកមិនកើត » បទចម្រៀងថ្មីថ្វីត្បិតតែបទនេះពីរោះ និងមានការចាប់អារម្មណ៍ច្រើនមែន ប៉ុន្តែមនុស្សជាច្រើននៅពុំទាន់ដឹងនៅឡើយទេថា ម្ចាស់​សំនៀង​លាក់មុខ​ទាំងពីររូប​នៅក្នុងបទនេះជាអ្នកណា ដោយសារតែ​នៅក្នុងវីដេអូ​ចម្រៀង​ដាក់រូប​ភាព​តុក្កតា និងពុំទាន់​បាន​បង្ហាញ​អត្តសញ្ញាណ​អ្នកច្រៀង​នៅឡើយ។ ការពិត​ម្ចាស់សំឡេង​ទាំងពីររូប​នៅក្នុងចម្រៀងនេះ គឺជាអតីតបេក្ខជនរបស់កម្មវិធី The Voice Cambodia កាលពី​ប៉ុន្មាន​ឆ្នាំ​មុន គឺលោក អ៊ិន សេរីវង្ស និងលោក ជឿន ចិត្ត។

បើតាមការឲ្យដឹងពីលោក អ៊ិន សេរីវង្ស បានប្រាប់ថា កម្លាំងចិត្តដែលនាំឲ្យលោកចាប់ដៃគ្នាជាមួយ ជឿន ចិត្ត ដែលជាមិត្តនឹងគ្នា​ដើម្បី​ធ្វើ​បទនេះ គឺបន្ទាប់​ពីចម្រៀង​មួយបទ «កាលណាយកប្ដី» ដែលលោកទើបចេញប៉ុន្មានសប្តាហ៍មុន ទទួលបានការគាំទ្រ​យ៉ាង​ខ្លាំង ដោយ​បទ​​នោះ​ជា​ប្រភេទចម្រៀង Cover ដែលលោកសរសេរប៉ារ៉ូលថ្មី និងមានន័យចាក់ដោត ឬដុតអារម្មណ៍មនុស្សស្រី​អាយុ​ច្រើន​តែមិន​ទាន់​​រៀបការ។ ហេតុនេះទើបលោកចាប់ផ្ដើមបន្តធ្វើបទទី២ ផឹកមិនកើត នេះជាបន្តទៀត ក្នុងន័យផ្ដល់ការ​កម្សាន្ត​ភាគ​ច្រើន​ទៅដល់​​ទស្សនិកជន និងអ្នកគាំទ្រដែលតែងតែចូលចិត្តស្ដាប់ចម្រៀងរបស់លោក។ ម្យ៉ាងទៀតបទ ផឹកមិនកើត នេះដែរ ពុំ​មាន​បំណង​ចង់​បំផុស​​ពីការ​ផឹកស៊ី​អ្វី​ទៅដល់យុវជន​ឡើយ គឺគ្រាន់តែចង់ផ្ដោតសំខាន់លើការកម្សាន្ត និងចង់ឲ្យអ្នកដែល​ចូលចិត្ត​ពិសា​គ្រឿង​ស្រវឹង ឲ្យ​ងាក​មក​យកចិត្តទុកដាក់​គិតគូរពីសុខភាព​របស់ខ្លួនផង។

គួរបញ្ជាក់ថាបទ ផឹកមិនកើត ទើបតែ​បញ្ចេញវីដេអូខ្លីតែប៉ុណ្ណោះ ហើយបើតាមម្ចាស់បទ​បង្ហើប​ឲ្យដឹងថា នឹងបញ្ចេញពេញជា​ផ្លូវការ​​នៅក្នុងពេលឆាប់ៗនេះហើយ។ ចង់ដឹងថា ចំណងដៃទី២ បន្ទាប់ពីបទ ពេលណាយកប្ដី របស់លោក អ៊ិន សេរីវង្ស ដែលបកស្រាយរួមគ្នា ជាមួយលោក ជឿន ចិត្ត ពីរោះ និង​កំប្លុកកំប្លែង​ប៉ុណ្ណា? សូមរីករាយស្ដាប់ដូចតទៅ៖