
ក្រោយពីបានរស់នៅគៀកកិតស្និទ្ធស្នាលដូចស្រមោចនិងស្កគ្នាប្រមាណ២ខែមក សង្សារបណ្ដូលចិត្ដអូនម៉ី ដែលប្រើគណនេយ្យហ្វេសឈ្មោះ Mrr Sakkal បានចេញទៅបន្ដការសិក្សានៅប្រទេសឥណ្ឌាវិញហើយ។ មុននឹងចេញទៅអ្នកទាំងពីរបានផលិតបទចម្រៀងមានចំណងជើងថា«កម្មសិទ្ធិផ្ដាច់មុខ»ទុកជាអនុស្សាវរីយពេលនឹកគ្នា។ បើតាមការបញ្ជាក់ពីសាមីខ្លួនខាងប្រុសគឺលោក Sakkal បទនេះចំណាយពេលមិនដល់មួយខែក្នុងការតែងនិពន្ធសាច់ភ្លេងនិងទំនុកថ្មីទាំងអស់។
លើសពីនេះត្រូវចំណាយថវិកាប្រមាណ៦០០ដុល្លារដើម្បីថតជាMVផងដែរ។ អត្ថន័យបទចម្រៀងនេះបានបង្ហាញពីអារម្មណ៍របស់បុរសម្នាក់ដែលស្រលាញ់សង្សារសំណព្វចិត្ដរបស់ខ្លួនស្មគ្រ័ចិត្ដតាមមើលថែមិនថាមានរឿងអ្វីកើតឡើងនោះទេ។ ពោលគឺខ្លឹមសារចង់បញ្ជាក់ថា អ្វីដែលនារីម្នាក់នោះមានចិត្ដ បេះដូង ក្ដីស្រលាញ់គឺជាកម្មសិទ្ធផ្ដាច់មុខរបស់រូបគេតែម្នាក់មិនអោយបបុរសផ្សេងមកលូកលាន់ឡើយ។ ជាមួយគ្នាលោក Sakkal បន្ថែមថា MV នេះបានផ្ដិតរូបភាពទាំងស្រុងពីខេត្ដកោះកុង ខណៈអ្នកទាំងពីរត្រូវផលិត MVផងនិងជាការដើរលេងកម្សាន្ដជាមួយគ្នាផង។
លោកបញ្ជាក់ថា៖«ក្រោយពីបានរស់នៅជិតគ្នារយៈពេលខ្លីមកពួកយើងមានអនុស្សាវរីយ៍ច្រើនណាស់។ពេលនេះខ្ញុំត្រូវបែកចេញពីអូនម៉ីមកបន្ដការសិក្សានៅប្រទេសឥណ្ឌារយៈពេលយូរទៀតដូច្នេះខ្ញុំតែងបទនេះទុកជាអនុស្សាវរីយ៍សម្រាប់ស្នេហារបស់ពួកយើង និងចែកជូនដល់ប្រិយមិត្ដដែលមានរឿងរ៉ាវស្នេហាដូចជាខ្ញុំទស្សនាផង។ យ៉ាងណាខ្ញុំក៏មានគម្រោងផលិតបទថ្មីមួយបទទៀតបង្ហាញពីអារម្មណ៍និងចិត្ដនឹករបស់ពួកយើងទាំងពីរចំពោះគ្នាទៅវិញទៅមកគ្រាដែលរស់នៅឆ្ងាយពីគ្នារយៈពេលយូរ។ពិសេសចង់បង្ហាញថាពួកយើងរស់នៅឆ្ងាយមែនតែមិនមានចិត្ដក្បត់គ្នាឡើយ»៕