ស៊ិម ស្រីពេជ្រ រំភើបចិត្ដខ្លាំង ពេលបានសម្ដែងដូចចរិតហ្ស៊ីន

ទោះបីកញ្ញាស៊ិម ស្រីពេជ្រ ហៅស្រីនិច  ធ្លាប់បានគ្របគ្រងតំណែងតួឯកស្រីចំនួន២០រឿងរួចទៅហើយក្ដី តែនាងតែសម្ដែងការរំភើបចិត្ដជាខ្លាំង គ្រាដែលទទួលបានតំណែងតួឯកនៅក្នុងរឿងភាគថ្មីរបស់របស់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥គឺរឿង«កញ្ញាជើងខ្លាំង» ។

មានការលើកឡើងជាច្រើនក្នុងពិធីក្រុងពាលីរឿង«កញ្ញាជើងខ្លាំង»កាលពីព្រឹកម៉ិញថា រឿងនេះនឹងមានការទាក់ទាញយ៉ាងខ្លាំងដល់អ្នកទស្សនា គ្រាដែលសាច់រឿងក៏ល្អលើកយកពីសង្គមនៃការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរយើង ដែលបច្ចុប្បន្នមានគ្រួសារខ្លះមានសមាជិកកំពុងតែធ្លាក់ជ្រៅទៅក្នុងរណ្ដៅនរកប្រឡូកប្រឡាក់និងគ្រឿងញៀន។ រីឯតួសម្ដែងក៏ត្រូវបានជ្រើសរើសយ៉ាងសក្ក័សមតែរឿងនេះត្រូវទាមទារការសម្ដែងអោយបានល្អពីតួឯកស្រីប្រុសនិងតារាកិត្ដិយសទាំងអស់។

 

ទោះយ៉ាងណាកញ្ញាស៊ិម ស្រីពេជ្រ ពុំបានបង្ហាញពីក្ដីបារម្ភឡើយទោះជាសកម្មភាពសម្ដែងរបស់តួស្រីឈ្មោះ សិកា មានការលំបាកក្នងការខ្លះក៏ដោយ។ ស្រីពេជ្រ បញ្ជាក់ថា៖«សម្រាប់ការសម្ដែងក្នុងរឿងនេះខ្ញុំអត់បារម្ភទេ ផ្ទុយទៅវិញខ្ញុំសប្បាយចិត្ដ ព្រោះចរិតតួស្រីនៅក្នុងរឿងនេះមិនខុសពីចរិតខ្ញុំខាងក្រៅ។ ម្យ៉ាងខ្ញុំបានត្រៀមខ្លួនរួចជាស្រេចដូចជាការហាត់ក្បាច់គុណដើម្បីតម្រូវទៅតាមសាច់រឿង»។

កញ្ញាស៊ិម ស្រីពេជ្រ បន្ថែមថា ចរិតរបស់នាងពីធម្មជាតិគឺម៉ឺងម៉ាត់ ហ្មត់ចត់ ពោលគឺរឹងមាំដូចមនុស្សប្រុសតាំងពីនាងនៅក្មេងមកម្លេះ ម្លោះហើយនៅពេលបានសម្ដែងរឿង«កញ្ញាជើងខ្លាំង»ពិតជាមិនលំបាករៀបឫកនៅពេលសម្ដែងឡើយ។ទោះយ៉ាងណាតារាសម្ដែងស្រីវ័យក្មេងញញឹមស្រស់រូបនេះបញ្ជាក់ថាទោះបីជានាងជាស្រីមានចិត្ដរឹងមាំដូចប្រុសក៏ដោយតែដាច់ខាត ចិត្ដនិងបេះដូងរបស់នាងនៅតែប្រក្រតី ទៅតាមធម្មជាតិពោលគឺមិនមែនជាប្រភេទមនុស្សស្រីស្រលាញ់ស្រីឡើយ៕