
ទោះបីជាមហាជនបានដឹងថា បច្ចុប្បន្នស្ថានភាពគ្រួសាររបស់លោក ករុណា ពេជ្រ កំពុងតែជួបបញ្ហាដោយសារតែឪពុករបស់លោកមានជំងឺនិងកំពុងត្រូវការការព្យាបាលបន្ដពីគ្រូពេទ្យក៏ដោយក៏លោក រួមទាំងតារាចម្រៀងប្រុសស្រីល្បីៗ ប្រចាំផលិតកម្មថោន ជាច្រើនដួងបានចូលរួម នាំយកអំណោយ ព្រមទាំងថវិកាផ្ទាល់ខ្លួននិងការបរិច្ចាគរបស់បណ្តាក្រុមហ៊ុន និងសប្បុរសជន ក្នុង និងក្រៅប្រទេស ចែកជូនដល់អ្នក ដែលរងគ្រោះដោយសារទឹកជំនន់ នៅភូមិរំលោង សង្កាត់កណ្តោលដុំ ចំនួន៣៤៧គ្រួសារ។
គ្រាដែលស្ថានភាពទឹកជំនន់កំពុងតែវាយលុកនៅតាមបណ្ដាខេត្តជាច្រើនក្នុងប្រទេសកម្ពុជាពិសេសមានគ្រួសារជាច្រើនកំពុងតែជួបនូវបញ្ហាលំបាក ខ្វះទីជម្រក ចំណីអាហារបន្ទាប់ពីផ្ទះសម្បែងរបស់ពួកគាត់ត្រូវបានលិចលង់ ក្នុងថ្ងៃនេះលោកករុណា ពេជ្រ និងសប្បុរសជន និងអ្នកសិល្បៈ ជាច្រើនបានចូលរួម ផ្ដល់ជាអំណោយ ចុះទៅចែកជូននៅតាមតំបន់ដែលរងគ្រោះ។
ជាក់ស្ដែងយោងតាមគណនីហ្វេសប៊ុក ផ្ទាល់របស់ លោក បានឲ្យដឹងថា«ថ្ងៃនេះ ខ្ញុំបាទ ករុណា ពេជ្រ បានដឹកនាំ តារាចម្រៀងប្រចាំ ផលិតកម្ម ថោន ដូចជា អ្នកនាង កាតុ, លោក សុគន្ធ ថេរាយុ ,និង កញ្ញា ឈិត សុវណ្ណបញ្ញា បានចូលរួម វិភាគទាន និងបានពាំនាំនូវអំណោយ និងថវិកា របស់បណ្តាក្រុមហ៊ុន និង សប្បុរសជន ក្នុង និង ក្រៅប្រទេសន ជូន ដល់អ្នកដែលរងគ្រោះដោយសារទឹកជំនន់ នៅភូមិរំលោងសង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្ត កំពង់ស្ពឺ ចំនួន ១៩៧គ្រួសារ និង ឃុំ តាំងស្យា ស្រុកភ្នំស្រួច ខេត្ត កំពង់ស្ពឺ១៤៨ គ្រួសារ សរុប ទាំងអស់៣៤៧ គ្រួសារ ក្នុងនោះមាន ដូចជាមី ១កេះ អង្ក ២០គីឡូក្រាម ទឹកត្រី ១យួ ឃិត ១ កញ្ចប់ រួមទាំងថវិកា ២០,០០០៛ផងដែរ»។
យោងតាមការបញ្ជាក់ពីអ្នកជិតស្និទ្ធជាមួយលោកករុណា ពេជ្រ បានបង្ហើបប្រាប់ថា មូលហេតុលោកបានគៀងគ សប្បុរសជន មិត្ដភក្ដិក្នុងសិល្បៈ ក៏ដូចជាបរិច្ចាគថវិកាផ្ទាល់ខ្លួនជូនដល់ប្រជាពលរដ្ឋកំពុងតែរងគ្រោះដោយសារតែទឹកជំនន់នេះ ព្រោះលោកចង់បង្ហាញអោយឃើញពីសណ្ដានចិត្ដពលរដ្ឋខ្មែរដូចគ្នាមិនថា ជាតារាសិល្បៈ អ្នកជំនួញទេ សុទ្ធតែបានគិតដល់សុខទុក្ខពលរដ្ឋដូចគ្នា។ ជាមួយគ្នានេះប្រភពដដែលបានបន្ថែមថា អ្វីដែលជាបុណ្យកុសល្យលោកបានធ្វើនេះសូមឲ្យ ទេវតាជួយបីបាច់ថែរក្សា និងជួយឲ្យស្ថានភាពជំងឺឪពុកលោកបានធូរស្បើយនិងជំរុញសុខភាពវិវឌ្ឍមករកភាពប្រសើរឡើងវិញ៕