
បាត់ដំបង៖ ម្សិលមិញនេះ ប្រជាពលរដ្ឋកាប់គាស់ដីធ្វើចំការបានប្រទះឃើញកេសគ្រាប់កាំភ្លើងនៅក្បែរអូរព្រំដែន ក្នុងចំណុច 39TV 163635 ស្ថិត ក្នុងក្រុមទី 03 ភូមិ អូរ ឃុំ ពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ក្រោយទទួលដំណឹងនេះ លោកវរសេនីយ៍ទោ សារ៉េត វិសេដ្ឋ អធិការនគរបាលស្រុកភ្នំព្រឹក បានដឹកនាំកម្លាំងជីកគាស់ក្នុងដីព្រៃមួយកន្លែងនោះ បានរកឃើញកេសគ្រាប់ចំនួន 54 កេស ដោយមានកេសគ្រាប់៖
– គ្រាប់កាំភ្លើងប្រភេទ RPK ចំនួន 09 កេស
– គ្រាប់កាំភ្លើងប្រភេទ AK47 ចំនួន 01 កេស
– គ្រាប់កាំភ្លើងប្រភេទ 12,7 ចំនួន 44 កេស
ក្រោយហេតុការណ៍នេះ សមត្ថកិច្ចនគរបាលបានដាក់ខ្សែបម្រាមហាមប៉ះពាល់ និងបានរាយការណ៍ជូនទៅអង្គភាពកម្ចាត់ម៉ីនកម្ពុជា CMAC ដើម្បីបន្តរុករកតាមជំនាញ។ លោកវរសេនីយ៍ទោ សារ៉េត វិសេដ្ឋ បានបញ្ជាក់ថា យុទ្ឋភ័ណ្ឌទាំង 54 កេសនោះ ទំនងត្រូវកប់ទុកអំឡុងពេលសម័យសង្គ្រាមបង្ហូរឈាមពីអតីតកាល ហើយទីតាំងនេះស្ថិតនៅកៀកបំផុតពីខ្សែបន្ទាត់ព្រំដែនកម្ពុជា–ថៃ។
លោកបន្តថា តាមប្រភពពីបងប្អូន (អតីតជាទាហ៊ាន) ដែលរស់នៅទីនេះពីពេលមុនធ្លាប់បាននិយាយថា មានទីកន្លែងផ្សេងទៀតក្នុងភូមិសាស្ត្រជាប់ព្រំដែន ជាចំណុចលាក់កប់យុទ្ឋភ័ណ្ឌពីអតិតកាល ហើយរហូតមកដល់ពេលនេះ មិនអាចនៅចាំទីកន្លែងនោះដោយជាក់លាក់បានទេ។
ទោះជាយ៉ាងណាក៏ដោយ យុទ្ឋភ័ណ្ឌជាគ្រាប់កាំភ្លើងចំរុះទាំងនេះ មានតែគ្រាប់ប្រភេទ 12,7 ប៉ុណ្ណោះដែល អាចនៅប្រើប្រាស់បានខ្លះ ឯគ្រាប់កាំភ្លើងផ្សេងពីនេះមានសភាពពុកផុយប្រើការលែងកើតទៅហើយ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង