
ភ្នំពេញ: សពអតីតបងធំទី ២ នៃរបបខ្មែរក្រហមលោក នួន ជា ត្រូវបានដឹកទៅដល់គេហដ្ឋានរបស់គាត់នៅផ្សារព្រំ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នៅថ្ងៃទី០៥ ខែសីហានេះ ដោយនឹងត្រូវបូជានៅវត្តព្រំគិរីមរកត តាមបណ្ដាំកាលពីគាត់នៅរស់ដែលមានទីតាំងនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ នៅខេត្តប៉ៃលិន ដើម្បីធ្វើបុណ្យតាមប្រពៃណី។
ព្រះតេជគុណ វ៉ែន ចាន់សុម៉ៃ ព្រះចៅអធិការវត្តព្រំគិរីមរកត បានមានសង្ឃដីកាឲ្យដឹងថា សពលោក នួន ជា ត្រូវបានរៀបចំធ្វើបុណ្យនៅក្នុងវត្តព្រំមរកត ដោយកូនចៅនាំគ្នារៀបចំធ្វើបុណ្យសពក្នុងវត្តខាងលើនេះតាមបណ្តាំរបស់លោកនួន ជា កាលពីនៅរស់ ដោយប្រាប់ថា ពេលគាត់អស់ជីវិតទៅត្រូវតែយកសពរបស់គាត់មកបូជានៅវត្តនេះ ព្រោះគាត់ធ្វើបុណ្យទាននៅវត្តនេះតាំងពីដើមមក ។
ព្រះចៅអធិការវត្តព្រំគិរីមរកត បានមានសង្ឃដីកាបន្តឱ្យដឹងថា ម្យ៉ាងវិញទៀត នៅទីធ្លាផ្ទះរបស់លោកនួន ជា តូចចង្អៀត ពិបាកក្នុងការទទួលភ្ញៀវ ខណៈបងប្អូនកូនចៅ និងសាច់ញាតិមកចូលរួមបុណ្យសពមានចំនួនច្រើន។
ជាមួយគ្នានេះ នេះបើតាមលោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានឲ្យដឹងដែលថា៖ «សាកសព នួន ជា ត្រូវបានធ្វើនីតិវិធីប្រគល់ជូនដល់ក្រុមគ្រួសារ និងបានដឹកចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតនៅម៉ោង ៤៖៤៧ នាទីព្រឹកព្រលឹមថ្ងៃទី៥ ខែសីហា ឆ្នាំ ២០១៩។ សពជនជាប់ចោទ នួន ជា ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តមួយស្ថិតក្នុងទីលំនៅរបស់គាត់នៅខេត្តប៉ៃលិន។ សពបានទៅដល់ទីកន្លែងពិធីបុណ្យនៅម៉ោង ១២៖៣០នាទី»។
ជនជាប់ចោទ នួន ជា បានទទួលមរណភាពនៅវេលាម៉ោង ៦៖០០ល្ងាច ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យសហភាពខ្មែរ -សូវៀត ក្នុងជន្មាយុ៩៣ឆ្នាំ បន្ទាប់ពីបានបញ្ជូនពីមន្ទីរឃុំឃាំង ដើម្បីសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះ អស់រយៈពេល១ខែ។
លោក នួន ជា កើតនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ១៩២៦ មានតួនាទីជាអនុលេខាបក្សកុម្មុយនីស្តកម្ពុជា សមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍ និងគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តកម្ពុជា និងជាប្រធានសភាតំណាងប្រជាជននៃ របបកម្ពុជាប្រជាធិបតេយ្យ។
លោក នួន ជា ត្រូវបានរកឃើញថា មានពិរុទ្ធភាពពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតនៅក្នុងសំណុំរឿង ០០២/០១ ។ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ អង្គជំនុំជម្រះតុលាការកំពូល បានបដិសេធពិរុទ្ធភាពមួយចំនួន ប៉ុន្តែតម្កល់ការផ្តន្ទាទោសរបស់អង្គជំនុំជម្រះសាលាដំបូងឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នួន ជា ត្រូវបានផ្តន្ទាទោសពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ នៅក្នុងសំណុំរឿង ០០២/០២ ជាមួយ ខៀវ សំផន។ នេះបើតាមការប្រកាសរបស់ សាលាក្តីខ្មែរក្រហម។
អង្គជំនុំជម្រះសាលាដំបូង បានរួមបញ្ចូលទោសជាប់ពន្ធនាគារអស់មួយជីវិតនៅក្នុងសំណុំរឿង ០០២/០១ និងសំណុំរឿង ០០២/០២ ទៅជាការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតតែមួយ៕