
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅថ្ងៃទី០៥ ខែសីហានេះ បានប្រកាសជួយសាងសង់ អគារបណ្ឌិត្យសភានគរបាលកម្ពុជា ១ ខ្នងដែលមានកម្ពស់ចំនួន ៥ ជាន់ ចំណាយខ្នង់តម្លៃ ១ លានដុល្លារអាមេរិក ដើម្បី សម្រាប់ផ្ដល់ជាកន្លែងបណ្ដុះបណ្ដាល និងហ្វឹកហាត់ដល់មន្ត្រីនគរបាលកម្ពុជា។
ការប្រកាសនេះ ក្នុងឱកាសសម្ដេច អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រវិទ្យាសាស្ដ្រនគរបាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងវិញ្ញាបនបត្រ ជូនដល់និស្សិតនាយនគរបាលបន្តវេន និងសិក្ខាកាមជ័យលាភី ១,៤៦៥នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នៅថ្ងៃទី០៥ ខែសីហានេះ។
សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ថា តបតាមការស្នើសុំពីនាយកនៃបណ្ឌិត្យសភានគរបាលកម្ពុជា ទាក់ទងនឹងកាស្នើសុំអគារសំរាប់ហ្វឹកហ្វឺនមន្ត្រីនគរបាលនោះ សម្តេចបានប្រកាសជួយកសាងអគារ ៥ជាន់ ផ្នែកហ្វឹកហ្វឺន និងស្នាក់នៅ ដល់និស្សិត និងសិក្ខាកាមនៅបណ្ឌិត្យសភានគរបាលកម្ពុជានេះ ដើម្បីរួមចំណែកក្នុងការបណ្តុះបណ្តាល មន្ត្រីនគរបាលយើងឲ្យមានចំណេះ ជំនាញកាន់តែល្អប្រសើរបន្ថែមទៀតនាពេលខាងមុខ។
សម្ដេចបន្តថា ក្នុងឱកាសនេះ សម្តេចក៏បានមានប្រសាសន៍ទាក់ទងទៅនឹងការងារសំខាន់ៗរបស់ក្រសួងមហាផ្ទៃ ដែលជាក្រសួងមួយដែលទទួលបន្ទុកលើកិច្ចការងារជាច្រើនក្នុងកិច្ចការបំរើនូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
សម្ដេចបានបញ្ជាក់ថា៖«យើងត្រូវតែមានកន្លែងហ្វឹកហាត់មួយដ៏ល្អ…ត្រូវពង្រឹងសមត្ថភាពនៃការបណ្ដុះបណ្ដាល នៅក្នុងសាលានេះ ដែលរាប់ទាំងវិជ្ជាដែលមានស្រាប់ និងវិជ្ជាដែលត្រូវចងក្រងមកដាក់បញ្ចូលបន្ថែម»។
សម្តេចនាយករដ្ឋមន្ដ្រី បានលើកឡើងថា ក្រសួងមហាផ្ទៃ និងនគរបាល គឺជាប្រតិបត្តិករដ៏សំខាន់ក្នុងរក្សានូវសន្តិភាព ស្ថេរភាព និងសន្តិសុខសណ្តាប់ធ្នាប់សង្គម។ សម្តេចតេជោ បានថ្លែងថា កិច្ចការធ្វើកំណែទម្រង់ ត្រូវតែបន្តដើរទៅមុខ។
ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ការសាងសង់អគារ៥ជាន់ របស់បណ្ឌិត្យសភានគរបាលជាតិ មិនប្រើប្រាស់ថវិកាជាតិនោះទេ គឺសម្តេចនឹងប្រឹងប្រែងកៀរគរថវិកាពីសប្បុរសជន៕