
ភ្នំពេញ៖ ក្នុងដំណើរចុះពិនិត្យប្រឡាយបឹងត្របែក កាលពីព្រឹកថ្ងៃ ៦ ខែសីហា ឆ្នាំ ២០១៩ នេះ អភិបាលរាជធានីភ្នំពេញ លោក ឃូង ស្រេង បានលើកឡើងថា ក្រុមយុវជនមួយចំនួន(យុវជនសំរាម) មកធ្វើរឿងបរិស្ថានក្នុងន័យនយោបាយខ្លួន និងដើម្បីតែការផ្សព្វផ្សាយសម្រាប់ក្រុមខ្លួនតែប៉ុណ្ណោះ ។
លោកលើកឡើងថា «តាមការចាប់អាម្មរណ៍របស់ខ្ញុំក្រុមយុវជនដែលមានគ្នាបួនដប់នាក់តែប៉ុណ្ណោះ ដែលបានដាក់ពោងបណ្តែតនិងរើសសំរាមចេញពីប្រឡាយក្នុងរូបភាពដែលមិនស្មើនឹងការអនុវត្ត របស់មន្ត្រីជំនាញដែលមានឧបករណ៍គ្រប់គ្រាន់ក្នុងការស្តារប្រឡាយហើយសឹងតែធ្វើមិនទាន់។ ចុះ ទំរាំពួកគេបួនដប់នាក់នោះពិតជាមិនអាចទៅរួចឡើយ។ តែបើទៅដើម្បីផ្សព្វផ្សាយ គឺប្រសើរជាង។ »
អភិបាលរាជធានីភ្នំពេញ លោក ឃូង ស្រេង ក៏បានជម្រុញឲ្យយុវជនបរិស្ថានតាមប្រឡាយក្នុងក្រុងភ្នំពេញ គួរសហការជាមួយក្រសួងបរិស្ថាន ល្អជាងការអនុវត្តដោយផ្ទាល់ ព្រោះគ្មានកម្លាំង និង ឧបករណ៍គ្រប់គ្រាន់ឡើយ ។
លោកបានសង្កត់ធ្ងន់ថា បើយុជនប៉ុន្មាននាក់នេះ ធ្វើកិច្ចការបរិស្ថានក្នុងន័យនយោបាយ វាជាសិទ្ធិរបស់ពួកគេ តែកុំឲ្យប៉ះពាល់ដល់ប្រសិទ្ធភាពរដ្ឋបាលតាមមូលដ្ឋាន និងការដឹកនាំរបស់រាជធានីភ្នំពេញទៅបានហើយ។
សូមបញ្ជាក់ថា៖ កាលពីព្រឹកថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០១៩ នេះ អាជ្ញាធររាជធានីភ្នំពេញ បានចាប់ផ្ដើមកាយស្តារ ប្រឡាយបឹងត្របែក និងឲ្យប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន លើប្រឡាយរំកិលផ្ទះចេញ ដើម្បីបុកស៊ីផាយស្ថាបនាប្រឡាយឡើងវិញ ធ្វើយ៉ាងណាឲ្យចរន្តទឹកហូរ បានលឿនជៀសវាងការលិចលង់លំនៅដ្ឋាន ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។
អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា «នៅប្រឡាយបឹងត្របែក យើងមានម៉ូទ័របូមទឹករហូតដល់ ១១ គ្រឿង ប៉ុន្តែការបូមទឹកទាំងនោះ មិនអាចធ្វើសកម្មភាពបានគ្រប់ចំនួនម៉ូទ័រនោះទេ ដោយសារតែមានការ កកស្ទះទឹកហូរមិនទាន់»។
លោកថា ដើម្បីដោះស្រាយលើបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចធ្វើការស្តារប្រឡាយ និងឲ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយប្រឡាយ រំកិលផ្ទះរបស់ពួកគាត់ចេញពីមាត់ប្រឡាយ ដើម្បីយើងបន្តបុកស៊ីបាយជញ្ជាំងប្រឡាយនេះ ឲ្យបានប្រសើរឡើង។
លោកបន្តថា ពាក់ព័ន្ធនឹងការ ការងាររំដោះទឹកចេញពីរាជធានីភ្នំពេញនេះ អាជ្ញាធររាជធានីភ្នំពេញ បានដាក់ផែនការឲ្យខណ្ឌទាំង៥ នៅកណ្ដាលក្រុងធ្វើការស្ដារលូ ស្តារប្រឡាយនៅក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យបានល្អសំដៅធ្វើយ៉ាងណាឲ្យចរន្តទឹកហូរ មកដល់ស្ថានីយបូមទឹកបាន។
លោក ឃួង ស្រេង ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ រួមគ្នាថែរក្សាបរិស្ថាន ពិសេសគឺការរក្សាសំរាមទុកឲ្យបានល្អ កុំឲ្យសំរាមធ្លាក់ទៅក្នុងអណ្ដូងលូ និងប្រឡាយទឹក ។ ប្រជាពលរដ្ឋត្រូវរៀបចំខ្លួន ឲ្យបានល្អទៅតាមប្រទេសដែលកំពុង មានភាពស៊ីវីល័យ ពោលគឺត្រូវទុកដាក់សំរាមឲ្យបានត្រឹមត្រូវ៕