
បាត់ដំបង៖ បុរសម្នាក់ដែលបានជាប់ខ្លួន៣យប់ ៤ថ្ងៃក្នុងរូងភ្នំ ត្រូវបានសមត្ថកិច្ចចម្រុះជួយសង្គ្រោះរួចរាល់ហើយ បន្ទាប់ពីរូបគាត់ឡើងកើបអាចម៌ប្រចៀវ ហើយរអិលជើងធ្លាក់ចូលក្នុងរូងភ្នំនោះចាប់តាំងពីថ្ងៃទី ០៤រហូតដល់ថ្ងៃទី ៨ខែសីហានេះ នៅភ្នំចក្រី ស្ថិតក្នុងភូមិក្បាលហុងទឹក ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ប៉ុន្ដែមិនបង្កឲ្យប៉ះពាល់ដល់ជីវិតទេ។
លោក សៅ រតនា អធិការរងនគរបាលស្រុកភ្នំព្រឹកបានប្រាប់ ភ្នំពេញប៉ុស្ដិ៍ ថា បុរសម្នាក់ដែលជាប់ខ្លួននៅក្នុងរូងភ្នំចក្រីនោះឈ្មោះ ស៊ិន បូរ៉ា អាយុ ២៧ឆ្នាំ រស់នៅភូមិទឹកថ្លា ឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង ត្រូវបានសមត្ថកិច្ចចម្រុះប្រមាណជាង ២០០នាក់ ជួយសង្គ្រោះរួចចេញពីក្នុងរូងភ្នំនោះហើយត្រឹមថ្ងៃម្សិលមិញនេះ ប៉ុន្ដែមិនមានប៉ះពាល់ដល់ជីវិតទេ ដោយគ្រាន់តែអស់កម្លាំង ព្រោះគាត់មិនមានអាហារបរិភោគអស់រយៈពេល ៤ថ្ងៃហើយ។
លោកបន្តថា ការទទួលដំណឹងនេះ បន្ទាប់ពីម្ដាយជនរងគ្រោះបានមកដាក់ពាក្យប្ដឹងសមត្ថកិច្ចថា គាត់បានបាត់កូនប្រុសឈ្មោះ ស៊ិន បូរ៉ា អាយុ ២៧ឆ្នាំ រយៈពេល៤ថ្ងៃហើយ ដោយមិនទាន់ឃើញត្រឡប់មកផ្ទះវិញទេ។ ភ្លាមៗនោះ សមត្ថកិច្ច និងប្រជាពលរដ្ឋ បានសហការគ្នាចុះតាមរកគ្រប់កន្លែង ក្រោយមកមានប្រជាពលរដ្ឋប្រទះឃើញនៅក្នុងរូងភ្នំចក្រីនេះតែម្ដង។
លោក សៅ រតនា បញ្ជាក់ថា៖«ពេលនៅន្លែងកើតហេតុហ្នឹង ជនរងគ្រោះ គាត់អាចនិយាយឆ្លើយឆ្លងជាមួយយើងបានធម្មតា មិនទាន់សន្លប់បាត់ស្មារតីទេ ហើយគាត់បានប្រាប់សមត្ថកិច្ចយើងថា គាត់បានឡើងមករកកើបអាចម៌ប្រចៀវដូចសព្វមួយដង ហើយភ្លាមនោះក៏បានជ្រុះពិល ហើយគាត់ក៏បានដើររកពិល ក៏រអិលធ្លាក់ចូលជាប់ក្នុងរូងថ្មហ្នឹងតែម្ដង ប៉ុន្ដែចេញមកវិញរួច ខំស្រែកឲ្យគេជួយដែរ តែគ្មានអ្នកនៅក្បែរហ្នឹងទេ»។
ក្រុមគ្រួសារជនរងគ្រោះដែលជាប់នៅក្នុងរូងភ្នំចក្រីឈ្មោះ ស៊ិន បូរ៉ា នេះ កាលពីម្សិលមិញមិនទាន់អាចស្វែងរកប្រភពទាក់ទងសុំការបញ្ជាក់ជុំវិញករណីនេះបានទេ ប៉ុន្ដែម្ដាយជនរងគ្រោះបានទៅប្ដឹងសមត្ថកិច្ច ដោយប្រាប់ថា កូនគាត់បានបាត់ពីផ្ទះរយៈ ៤ថ្ងៃហើយ ដោយមិនទាន់ឃើញត្រឡប់វិញទេ។
អ្នកស្រីប្រាប់សមត្ថកិច្ចបន្តថា ការបាត់ខ្លួននេះ ដោយកូនប្រុសអ្នកស្រីមិនបានប្រាប់ថា រូបគេចេញទៅណា ឬទៅធ្វើអ្វីទេ ព្រោះពួកគាត់រស់នៅជាមួយគ្នា ហើយពេលទៅណាមកណា កូនប្រុសអ្នកស្រីក៏មិនដែលប្រាប់គាត់ដែរ ប៉ុន្ដែបាត់ខ្លួនច្រើនថ្ងៃពេក ទើបអ្នកស្រីតាមរកបែបនេះ៕