
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៩ ខែសីហានេះ បានចេញសេចក្ដីប្រកាសព័ត៌មានថ្មីមួយទៀត ដោយព្រមានពីការបន្ដជន់លិចនៅខេត្តព្រះសីហនុ និងខេត្តរតនគីរី ដោយសារតែឥទ្ធិពលភ្លៀងទឹក ព្រោះភ្លៀងនឹងនៅតែបន្ដធ្លាក់យ៉ាងគំហុកជាប់ៗគ្នាទៅប៉ុន្មានថ្ងៃខាងមុខទៀត។
ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ ខែសីហានេះ ភ្លៀងធ្លាក់គំហុកជាប់ៗគ្នា ក្នុងកម្រិតខ្លាំងមានបរិមាណជាងរយមីលីម៉ែត្រស្ទើររៀងរាល់ថ្ងៃ ហើយបរិមាណសរុបរហូតដល់ ៨១៤មីលីម៉ែត្រ និងបន្ដធ្លាក់ទៅប៉ុន្មានថ្ងៃខាងមុខទៀត ដែលនេះជាហេតុបណ្ដាលឲ្យមានជំនន់ទឹកភ្លៀងធ្ងន់ធ្ងរកើតមានឡើង។
ការជន់លិចនេះ សម្រាប់ខេត្តព្រះសីហនុ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានបញ្ជូនគ្រឿងចក្រធុនធ្ងន់ រួមសហការជាមួយអាជ្ញាធរខេត្តដើម្បីជួយអន្ដរាគមន៍រំដោះទឹកផងដែរ។ ចំណែកខេត្តរតនគរី តាមរយៈនៃទន្លេស្រែពក ដែលផ្ទៃរងទឹកភ្លៀងប្រមាណ ៦០ភាគរយ ស្ថិតក្នុងទឹកដីប្រទេសវៀតណាម ធ្វើឲ្យទឹកទន្លេស្រែពកឡើងយ៉ាងគំហុក បណ្ដាលឲ្យមានការប៉ះពាល់ដល់ស្រុកចំនួន២ គឺស្រុកកូនមុំ និងស្រុកលំផាត់។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានឲ្យដឹងថា រហូតមកដល់ពេលនេះ ស្ថានភាពទឹកភ្លៀងនៅតែបន្ដគំរាមកំហែងយ៉ាងខ្លាំងដល់ខេត្តព្រះសីហនុ ខណៈដែលស្ថានភាពមិនដែលធ្លាប់កើតមានពីមុននោះឡើយ សម្រាប់ខេត្តតំបន់ទេសចរណ៍មួយនេះ។
លោកបន្ដថា នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូមែត្រលេខ៧-៨ ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទឹកជំនន់ទឹកភ្លៀង បានទឹកហូរច្រោះបាក់ផ្លូវអស់មួយចំហៀង ប៉ុន្ដែបច្ចុប្បន្ននេះកងកម្លាំងមូលដ្ឋានសមុទ្រ កងទ័ពជើងទឹកកំពុងធ្វើការជួសជុល។
លោកបញ្ជាក់ថា៖«សម្រាប់ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់ សូមមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសសុំផ្អាកធ្វើចរាចរណ៍ជាបណ្តោះអាសន្នចំពោះរថយន្តដឹកជញ្ជូនធុនធ្ងន់»៕