
ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានព្រមានដកមន្រ្តីដែលជាអ្នកត្រួតពិនិត្យគុណភាពផ្លូវដែលក្រុមហ៊ុនសាងសង់កំពុងធ្វើនៅក្នុងប្រទេសកម្ពុជា បើទោះបីជាមន្រ្តីខ្មែរ ឬបរទេស ប្រសិនបើពួកគេហ៊ានរាយការណ៍មិនពិត ឬឃុបឃិតជាមួយក្រុមហ៊ុនសាងសង់។
ការថ្លែងនេះ នៅថ្ងៃទី៧ ខែសីហានេះកិច្ចប្រជុំស្តីពីការអនុវត្តកិច្ចសន្យាប្រកបដោយ គុណភាព ប្រសិទ្ធភាព និងបច្ចេសទេសនៃការសាងសង់ផ្លូវនៅកម្ពុជា ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង នាយកអង្គភាពគ្រប់គ្រងគម្រោង (PMU) មន្ទីរសាធារណការ និងដឹកជញ្ជូន២៥ រាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធផ្សេងៗទៀត។
លោក ស៊ុន ចាន់ថុល បានថ្លែងថា ក្រុមហ៊ុនត្រួតពិនិត្យគុណភាពផ្លូវដែលជាភ្នែកច្រមុះរបស់ក្រសួង ត្រូវតែខិតខំធ្វើការដោយឯករាជ្យ អព្យាក្រិត្យ ត្រូវធ្វើឲ្យក្រុមហ៊ុនសាង់សង់ខ្លាច ដោយមិនត្រូវខ្លាចក្រុមហ៊ុនសាងសង់នោះទេ ហើយបើការចុះធ្វើការមិនបានដិតដល់ នៅតែបន្តមានក្រុមហ៊ុនសាង់សង់ មិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសទៀត មិនត្រឹមតែមានក្រុមហ៊ុនពិនិត្យគុណភាពបរទេសត្រូវដកចេញទេ មន្ត្រីក្រសួងសាធារណការ ក៏ត្រូវតែដកចេញដែរ។
លោកបន្តថា «ក្រសួងសាធារណការ នឹងបង្កើតក្រុមត្រួតពិនិត្យពិសេស ដើម្បីក្រុមត្រួតពិនិត្យបរទេស និងក្រុមត្រួតពិនិត្យខ្មែរបន្ថែមទៀត ដោយមិនឲ្យដឹងមិនមុនទេ ជាមួយនឹងគ្រឿងសម្ភារៈគ្រប់គ្រាន់ដើម្បីធ្វើការងារទាំងអស់នេះ ចាំមើលថា ធ្វើបានល្អឬអត់ បើមិនបានទេនឹងដកចោលតែម្តង»។
លោកបន្ថែមថា ក្រុមហ៊ុនសាងសង់ផ្លូវមិនធ្វើតាមលក្ខណៈស្តង់ដារ និងនីតិវិធីត្រឹមត្រូវ នឹងដាក់ចូលក្នុងបញ្ជីខ្មៅលែងឲ្យដេញថ្លៃសាងសង់ទៀត ហើយមន្ត្រីត្រូវតែធ្វើតាមវិន័យរបស់ក្រសួងឲ្យត្រឹមត្រូវតាមមុខងាររបស់ខ្លួន ដោយចាប់ពីពេលនេះតទៅក្រសួងនឹងមិនអនុញ្ញាតឲ្យមានការសាងសង់ ដែលមិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដែលមិនបានជាប់រឹងមាំជូនជាតិទៀតនោះទេ ព្រោះវាខាតបង់ថវិកាជាតិដែលយកមកសាង់សង់ផ្លូវនេះ៕