
ភ្នំពេញ៖ បន្ទាប់ពីមានវីដេអូអំពាវនាវពីកញ្ញា មាន សូនីតា អមដោយទិដ្ឋភាពគួរឲ្យសោកសង្រេង ដើម្បីឲ្យបងប្អូនខ្មែរទាំងអស់គ្នាចូលរួម មូលនិធិគន្ធបុប្ផាកម្ពុជា ម្នាក់ ៥ ពាន់រៀលក្នុងមួយខែ សម្រាប់ជួយជីវិតក្មេងៗតូចកម្ពុជា រាប់លាននាក់ ដែលកំពុងព្យាបាលជំងឺក្នុង មន្ទីរពេទ្យគន្ធបុប្ផា យុទ្ធនាការនេះ ហាក់កំពុងផូសផុរខ្លាំងពេញបណ្ដាញសង្គមរយៈពេល ៣ ថ្ងៃមកនេះ។
បងប្អូនខ្មែរជាច្រើន បានចាប់ផ្ដើមផូសផុរ ចូលរួម និងជំរុញឲ្យអ្នកមិនទាន់បានចូលរួម គួរតែចូលរួម ហើយបង្ហាញនូវអារម្មណ៍ក្ដុកក្ដួល ដោយអ្នកខ្លះ បានផូសរូបបង្ហាញពីការចូលរួម អមដោយពាក្យ «ខ្ញុំបានចូលរួមហើយ ចុះអ្នកវិញ?»
សម្រាប់មូលនិធិគន្ធបុប្ផាកម្ពុជា នេះកន្លងមក យើងក៏ឃើញមានសប្បុរសជនជាច្រើនទាំងក្នុង និងក្រៅប្រទេស បានចូលរួមជាហូរហែរ ហើយកាលពីព្រឹកថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០១៩ នេះ មូលនិធិក៏ទើបទទួលបាន ការបរិច្ចាគថវិកាចំនួន ៤១,៨៩០ ដុល្លារអាមេរិក និង ១,០០០ ដុល្លារអូស្ត្រាលី ព្រមទាំង ២៨០,០០០ រៀល ពីចំណងដៃក្នុងថ្ងៃចេញម្លប់គ្រប់ ១៥ ឆ្នាំ របស់កូនស្រីច្បង របស់ពីលោកឧកញ៉ា លី សេងឃាង។
សូមរំឮកថា៖ មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវរដ្ឋាភិបាលកម្ពុជា បើកដំណើរការជាផ្លូវជាងមួយឆ្នាំមកហើយ ដើម្បីទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា មិនឲ្យដួលរំលំ បន្តពីលោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ (Beat Richner) ខណៈមន្ទីរពេទ្យគន្ធបុប្ផា បានចំណាយថវិកាប្រមាណ ១២ ម៉ឺនដុល្លារ ក្នុងមួយថ្ងៃៗ ដើម្បីព្យាបាលជំងឺដោយឥតគិតថ្លៃដល់កុមារកម្ពុជា។
សម្រាប់បងប្អូន ដែលចង់ចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា អាចធ្វើការចូលរួមតាមរយៈគណនីដូចមានក្នុងរូបខាងក្រោមបាន។ សូមចូលរួមទាំងអស់គ្នា ដើម្បីទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា និងជួយកុមារកម្ពុជា ទទួលបានការព្យាបាលប្រកប់ដោយប្រសិទ្ធភាព៕