
ខេត្តព្រះសីហនុ៖ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ប្រធានក្រុមហ៊ុនចិន Yunnan បានប្រាប់ពីគោលបំណងវិនិយោគលើប្រពន្ធលូទឹកភ្លៀង និងទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ។
លោក Lu Guo Bing អគ្គនាយកក្រុមហ៊ុនចិន Yunnan បានលើកឡើងថា ក្រុមហ៊ុនមានគោលបំណងវិនិយោគលើប្រព័ន្ធលូទឹកភ្លៀង និងលូទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ ស្របពេលដែលខេត្តព្រះសីហនុ កំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ន ដោយទាមទារឲ្យមានហេដ្ឋារចនាសម្ពន្ធជាច្រើន ពិសេសប្រព័ន្ធលូទឹកភ្លៀង និងលូទឹកកខ្វក់ ដើម្បីលើកកម្ពស់សោភណ័បរិស្ថាន ទីក្រុងពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងទេសចរណ៍។
លោកបានមកសិក្សាពីប្រព័ន្ធលូទាំងពីរប្រភេទនេះមួយចំនួនហើយនៅក្រុងព្រះសីហនុ តាំងពីឆ្នាំ២០១៣ ប៉ុន្តែមិនទាន់បានលំអិត និងស៊ីជម្រៅ ប្រសិនជារដ្ឋបាលខេត្តអនុញ្ញាត ក្រុមហ៊ុនលោកនឹងសិក្សាប្លង់លម្អិត ដើម្បីដាក់ជូនរដ្ឋបាលខេត្តធ្វើការពិនិត្យ។
លោក គួច ចំរើន បានស្វាគមន៍គម្រោងវិនិ យោគប្រពន្ធលូទឹកភ្លៀង និងទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ ប៉ុន្តែក្រុមហ៊ុនត្រូវមានផែនការ គម្រោងប្លង់គោលថាតើមានប្រព័ន្ធលូទឹកភ្លៀង ប៉ុន្មានគីឡូម៉ែត្រ លូទឹកកខ្វក់ប៉ុន្មានគីឡូម៉ែត្រ ទំហំលូ មុខកាត់ប៉ុន្មានម៉ែត្រ ស្ថានីយចម្រោះប៉ុន្មានកន្លែង បំពាក់ម៉ាស៊ីនក្នុងអាងចម្រោះ ហើយការសាងសង់រយៈពេលប៉ុន្មានខែ ឆ្នាំ និងតម្លៃ ដើម្បីឲ្យរដ្ឋបាលខេត្ត យកដាក់ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិនិត្យ វាយតម្លៃអនុម័ត។
លោកអភិបាលខេត្ត បានស្នើឲ្យក្រុមហ៊ុនសិក្សាបានចប់មុនថ្ងៃ២៧ ខែសីហា ឆ្នាំ២០១៩នេះ ដើម្បីយកទៅដាក់ជូនក្រសួងសេដ្ឋកិច្ច សិក្សាវាយតម្លៃថា តើគម្រោងនេះអាចទទួលយកបាន ឬមិនបានតាមលក្ខណជាក់ស្តែង ដើម្បីកែលម្អសោភណ្ឌភាពបរិស្ថានក្រុងទេសចរណ៍នាទិសនារតី៕