អាជ្ញាធរ​ជាតិ​អប្សរា​ចាត់វិធានការ​អ្នក​ក្រាលកន្ទេល និង​ដាក់​អង្រឹង​នៅលើ​វាលស្មៅ​ជុំវិញ​ប្រាសាទអង្គរវត្ត

សៀមរាប៖ អាជ្ញាធរ​ជាតិ​អប្សរា នៅ​ថ្ងៃទី ១៣សីហា​នេះ បានប្រកាស​ប្រាប់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ត្រូវ​បញ្ឈប់​ស​ក​ម្មភាព​ក្រាលកន្ទេល ដាក់​អង្រឹង និង​សម្ភារៈផ្សេងៗនៅ​ជុំវិញ​ត្រពាំង​សេស មុខ​ប្រាសាទព្រហ្មកិល និង​លើ​វាលស្មៅ ជុំវិ​ញ​​ក​សិ​ន្ទុ​ប្រាសាទអង្គរវត្ត ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​គុណ​តម្លៃ​នៃ​បេតិកភណ្ឌ​វប្បធម៌ បរិស្ថាន និង​សណ្តាប់ធ្នាប់​សារ​ធារ​ណៈ​នៃ​រមណីយដ្ឋាន​អង្គរ។

តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មាន​អាជីវករ និង​ភ្ញៀវទេសចរ​មួយចំនួន បា​ន​​ក្រាលកន្ទេល ដាក់​អង្រឹង និង​សម្ភារៈផ្សេងៗ នៅ​បរិវេណ​ជុំវិញ​ត្រពាំង​សេស មុខ​ប្រាសាទព្រហ្មកិល និង​នៅលើ​វា​ល​ស្មៅ​​ជុំវិញ​ក​សិន្ធុ​ប្រាសាទអង្គរវត្ត ដើម្បី​ពិសា​អាហារ និង​លំហែកាយ។
ដោយ​សកម្មភាព​ទាំងនេះ បាន​ប៉ះពាល់​ដល់​គុណ​តម្លៃ​នៃ​បេតិកភណ្ឌ​វប្បធម៌ ក៏ដូចជា​ប៉ះពាល់​ដល់​បរិស្ថាន និង​ស​ណ្តា​ប់​ធ្នាប់​សារ​ធារ​ណៈ​នៃ​រមណីយដ្ឋាន​អង្គរ។

កន្លងមក ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា បាន​សហការ​ជាមួយ​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ និង​អាជ្ញាធរ​មូ​ល​ដ្ឋា​ន ធ្វើការ​ណែនាំ​ឱ្យ​បញ្ឈប់​សកម្មភាព​ទាំងនេះ ប៉ុន្តែ​នៅតែមាន​បងប្អូន​អាជីវករ និង​ភ្ញៀវទេសចរ​មួយចំនួន​មិន​ព្រម​ប​ញ្ឈ​ប់​សកម្មភាព​ទាំងនេះ​ទេ ដោយ​យកតែ​ប្រយោជន៍​បុគ្គល​ជា​ចម្បង។

ក្នុងន័យនេះ ដើម្បី​លើកកម្ពស់ និង​តម្លៃ​លេចធ្លោ​ជាស​កល​នៃ​រមណីយដ្ឋាន​អង្គរ ក៏ដូចជា​កិត្តិយស​ជាតិ​អាជ្ញាធរ​ជាតិ​អ​ប្ស​រា សូមឱ្យ​អាជីវករ និង​ភ្ញៀវទេសចរ​ទាំងអស់ ចូលរួម​សហការ​បញ្ឈប់​សកម្មភាព​ក្រាលកន្ទេល ដាក់​អង្រឹង និង​ស​ម្ភា​រៈ​ផ្សេងៗ នៅ​បរិវេណ​ជុំវិញ​ត្រពាំង​សេស មុខ​ប្រាសាទព្រហ្មកិល និង​លើ​វាលស្មៅ​ជុំវិញ​ក​សិ​ន្ទុ​ប្រាសាទអង្គរវត្ត ដោយ​ទុក​រយៈ​ពេល ៤៥ថ្ងៃ(សែសិប​ប្រាំ​ថ្ងៃ) គិត​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ។

ករណី​អាជីវករ និង​ភ្ញៀវទេសចរ​នៅតែ​បន្តសកម្មភាព​ទាំងនេះ គណៈកម្មការ​ដឹកនាំ និង​សម្របសម្រួល​រៀបចំ​ស​ណ្តា​ប់​ធ្នា​ប់ អ្នកលក់ដូរ​នៅក្នុង​រមណីយដ្ឋាន​អង្គរ នឹង​អនុវត្ត​វិធានការ​រដ្ឋបាល រឹបអូស​សម្ភារៈ​ទាំងនោះ ដោយ​មិន​ទទួ​ល​ខុស​ត្រូវ​​រា​ល់​​ការ​ខូចខាត​ណាមួយ​ឡើយ៕