
បាត់ដំបង: ស្ពានច្រាំងចោត ស្ថិតនៅស្រុកបាណន់ និងស្ពានចំនួន៤ទៀត នៅស្រុកសំឡូត ស្រុកបវិល ស្រុកឯកភ្នំ និងស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវបានប្រកាសបើកឲ្យពលរដ្ឋធ្វើចរាចរណ៍ជាផ្លូវការ ក្រោយពីចំណាយពេលសាងសង់២ឆ្នាំ និងចំណាយទឹកប្រាក់រាជរដ្ឋាភិបាលសរុបប្រមាណជា ៤ ៩៧១ លានរៀល។
នៅថ្ងៃទី១៤ ខែសីហានេះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអមដំណើរសម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានច្រាំងចោត ស្ថិតនៅភូមិរូង ឃុំចែងមានជ័យ ស្រុកបាណន់ និងស្ពានចំនួន៤ទៀត នៅស្រុកសំឡូត ស្រុកបវិល ស្រុកឯកភ្នំ និងស្រុកកំរៀង ដែលឆ្លងកាត់ស្ទឹងសង្កែ និងស្ទឹងផ្សេៗទៀត ក្នុងភូមិសាស្ត្រទឹកដីខេត្តបាត់ដំបង។
លោក ស៊ុន ចាន់ថុល បានថ្លែងថា ស្ពានច្រាំងចោត មានប្រវែងសរុប ១៦២ម៉ែត្រ ទទឹង០៨ម៉ែត្រ ស្ថិតនៅភូមិរូង ឃុំចែងមានជ័យ ស្រុកបាណន់ ត្រូវបានអនុវត្តការសាងសង់ដោយបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការដ្ឋាននៃក្រសួងការពារជាតិ និងត្រូវបានត្រួតពិនិត្យការសាងសង់ដោយនាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធសាធារណៈនៃក្រសួងសាធារណការ និងដឹកជញ្ជូន ដោយចំណាយពេលសាងសង់ចំនួន ២ឆ្នាំ ចាប់ពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០១៧ និងបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ និងចំណាយថវិការាជរដ្ឋាភិបាលសរុបប្រមាណជា ៤ ៩៧១លានរៀល។
លោកបន្តថា ចំណែកស្ពានចំនួន៤ផ្សេងទៀតរួមមាន៖ ស្ពានប្រវែង ៤៥ ម៉ែត្រ ទទឹង០៨ម៉ែត្រ ស្ថិតនៅភូមិម៉ាក់ឃ្លឿ ឃុំព្រៃខ្ពស់ ស្រុកបវិល ស្ពានប្រវែង៧២ម៉ែត្រ ទទឹង១០ម៉ែត្រ ស្ថិតនៅភូមិព្រែកកញ្ច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ស្ពានប្រវែង៥៤ម៉ែត្រ ទទឹង០៨ម៉ែត្រ ស្ថិតនៅភូមិបឹងអូរជាង ឃុំកំរៀង ស្រុកកំរៀង និងស្ពានប្រវែង១០២ ម៉ែត្រ ទទឹង០៨ម៉ែត្រ ស្ថិតនៅភូមិអូររំចេកក្រោម ឃុំអូរសំរិល ស្រុកសំឡូត ត្រូវបានអនុវត្តការសាងសង់ដោយបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការដ្ឋាននៃក្រសួងការពារជាតិ និងត្រួតពិនិត្យការសាងសង់ដោយនាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធសាធារណៈនៃក្រសួងសាធារណការ និងដឹកជញ្ជូនក្រោមគម្រោងថវិការាជរដ្ឋាភិបាល។
គិតត្រឹមឆ្នាំ២០១៨ កន្លងទៅនេះកិច្ចការនៅខេត្តបាត់ដំបងរួមមាន៖ ការងារស្តារ និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិ និងផ្លូវខេត្តបានប្រវែងចំនួន ១៦ ២៩២ គ.ម បាន ក្រាលកៅស៊ូ និងបេតុង ប្រវែង ៨ ៦២០គ.ម ស្មើនឹង ៥៣ភាគរយ ក្នុងនោះផ្លូវជាតិកម្រិត១លេខ ក្រាលកៅស៊ូ និងបេតុងបាន ១០០% ផ្លូវជាតិកម្រិត២លេខ បាន៧២,៣០ភាគរយ និងផ្លូវខេត្តបាន ៣០,៤០ភាគរយ។
ដោយឡែក ផ្លូវជាតិដែលត្រូវពង្រីកជា៤គន្លងបានបញ្ចប់មានប្រវែង១៥៧គ.ម កំពុងសាងសង់ពង្រីក បន្ថែមមានប្រវែងសរុប ៤៣១ គ.ម ស្ពានធំៗ ដែលបានសាងសង់រួចមានចំនួន ១៧ ស្ពាន ប្រវែងសរុប ១៦ ០៦៧ ម៉ែត្រ និងស្ពានកំពុងសាងសង់ចំនួន១ ប្រវែង ១ ១៣១ ម៉ែត្រ៕