
ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជូនជនសង្ស័យម្នាក់ ឈ្មោះនួន វ៉ា ភេទប្រុស អាយុ ៣២ ឆ្នាំ ទៅតុលាការ ករណីបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ ដើម្បីទៅបោកប្រាស់អ្នកដទៃ។
ជនសង្ស័យ ឈ្មោះនួន វ៉ា ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនត្រង់ចំណុចផ្លូវឌួងងៀប ៣ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យ រូបនេះ បានធ្វើសកម្មភាព ដោយបានយករូបថត និងឈ្មោះថ្នាក់ដឹកនាំជាន់ខ្ពស់ និងលោកមេធាវី ប៊ុន ហ៊ួន ដែលជាមេធាវី ស្ម័គ្រចិត្ត សម្តេចតេជោ ទៅបង្កើតគណនីហ្វេសប៊ុកក្លែង (Fake Account) ដើម្បីធ្វើការឆបោក និងជំរិតទារប្រាក់។
ក្រោយពីការឃាត់ខ្លួន និងសាកសួរបំភ្លឺ ជនសង្ស័យបានសារភាពនូវកំហុសដែលខ្លួនបានប្រព្រឹត្តនាពេលកន្លងមក ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានថ្លែងដាស់តឿន និងក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ដែលប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមជាពិសេសបណ្តាញសង្គមហ្វេសប៊ុក ឲ្យមានការប្រុងប្រយ័ត្នក្នុងការទំនាក់ទំនង សន្ទនាជាមួយអ្នកដទៃ ឬមិត្តភក្តិ មុននឹងផ្តល់ព័ត៌មានផ្ទាល់ខ្លួន ទៅនរណាម្នាក់ត្រូវពិនិត្យពិចារណាអោយបានច្បាស់លាស់ ចៀសវាងការចាញ់ បោក ការលួងលោម មនោសញ្ចេតនា នាំអោយបាត់បង់កិត្តិយស សេចក្តីថ្លៃថ្នូរនិងទ្រព្យសម្បត្តិផ្ទាល់ខ្លួន៕