
សៀមរាប៖ រសៀលថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៩ នេះ អាជ្ញាធរជាតិអប្សរា បានប្រកាសឲ្យដឹងថា ខ្លួនកំពុងរៀបចំអតីតចំណតរថយន្តបណ្ដោះអាសន្នមុខប្រាសាទអង្គរវត្ត ឲ្យទៅជាកន្លែងដាំស្មៅ និងកូនឈើឡើងវិញ។
ការប្រែក្លាយនេះ ធ្វើឡើងដើម្បីចូលរួមលើកកម្ពស់របៀបរៀបរយ សោភ័ណភាព បរិស្ថាន ទេសភាពបៃតងក្នុងរមណីយដ្ឋានអង្គរឲ្យស័ក្ដិសមជាតំបន់បេតិកភណ្ឌពិភពលោក ព្រមទាំងទាក់ទាញភ្ញៀវទេសចរឲ្យកាន់តែច្រើន អាជ្ញាធរជាតិអប្សរាបាននឹងកំពុងកែប្រែទីតាំងអតីតចំណតបណ្ដោះអាសន្ននៅបរិវេណមុខប្រាសាទអង្គរវត្ត ឲ្យក្លាយជាវាលស្មៅបៃតង និងដាំកូនឈើឡើងវិញជុំវិញបរិវេណនេះ។
ជាមួយគ្នានេះ ក្រុមការងារបច្ចេកទេសរបស់អាជ្ញាធរជាតិអប្សរា បានកំពុងធ្វើការកាយប្រភេទដីរឹង មានក្រួស ចេញពីទីតាំង ជំនួសមកវិញនូវប្រភេទដីជីជាតិអាចដាំដុះបាន។ ការរៀបចំនេះ គឺជាផ្នែកមួយនៃផែនការរួមក្នុងការរៀបចំរបៀបរៀបរយ សណ្ដាប់ធ្នាប់ នៅមុនប្រាសាទអង្គរវត្ត ដោយក្នុងនោះមានការដាំស្មៅ ដាំដើមឈើឡើងវិញ និងរៀបចំជាចំណតឲ្យបានត្រឹមត្រូវស្របទៅតាមលំហូរនៃយានយន្តនិងការចរាចរណ៍របស់ភ្ញៀវទេសចរនៅប្រាសាទអង្គរវត្ត៕