
ព្រះសីហនុ៖ ម្សិលមិញនេះ កម្លាំងសមត្ថកិច្ចចម្រុះ នៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ បើកប្រតិបត្តិការបានធ្វើការឃាត់ខ្លួនជនជាតិចិន ១២៧ នាក់ ពាក់ព័ន្ធករណីជម្រិតទារប្រាក់តាមប្រព័ន្ធអ៉ីនធ័រណែត (VOIP) នៅខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់បណ្ដាញពត៌មានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងដោយ កម្លាំងនាយកដ្ឋានរបស់លោក សហការនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម កម្លាំងស្នង ការដ្ឋាននគរបាលខេត្តព្រះសីហនុ និងកម្លាំងនគរបាលចិន ក្រោមការសម្របសម្រួលពីតំណាងអយ្យការ។
លោកប្រធាននាយកដ្ឋានរូបនេះ បានបញ្ជាក់ថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើង នៅពីរទីតាំង ផ្សេងគ្នា ដោយទីតាំងទី១ នៅអាគារ ៥ ជាន់ ស្ថិតក្នុងក្រុម ២៦ ភូមិ ២ សង្កាត់ ០៤ ក្រុងព្រះសីហនុ បានរកឃើញ និងឃាត់ខ្លួនជនសង្ស័យចំនួន ១១៧ នាក់ ស្រី ០៩ នាក់។ ក្នុងនោះត្រូវតាមដីកា ចំនួន ៥៣ នាក់ អត់ត្រូវតាមដីកា ស្រី ១២នាក់។ ទីតាំងទី២៖ វីឡាតឿរ៉ូយ៉ាល់ព្រីនសេស មានអាសយដ្ឋាននៅទីក្រុម ៤ ភូមិ៣ សង្កាត់២ ក្រុងព្រះ សីហនុ ដោយបានរកឃើញ និងឃាត់ខ្លួនជនសង្ស័យ ជនជាតិចិន ចំនួន ១៥ នាក់ ស្រី ០២ នាក់។
លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានបន្ថែមថា បច្ចុប្បន្នកំពុងរៀបចំឯកសារ ដើម្បីបញ្ជូនជនសង្ស័យទាំង ១២៧ នាក់នេះ មកកាន់អគ្គស្នងការដ្ឋាន នគរបាលជាតិ ដើម្បីសួរនាំ និងចាត់ការបន្ដតាមនីតិវិធី៕