
បន្ទាប់ពីបានពិភាក្សា និងសិក្សាទៅលើគម្រោងស្ថាបនាផ្លូវក្រោមដីមួយខ្សែ ដែលស្នើសុំដោយក្រុមហ៊ុន បុរី ប៉េង ហួត កាលពីពេលកន្លងទៅនោះ ពេលនេះ រដ្ឋបាលសាលារាជធានីភ្នំពេញ បានសម្រេចឯកភាព និងគាំទ្រទាំងស្រុងតបតាមសំណើ។
ជាការឆ្លើយតប និងប្រកាសជាសាធារណៈ អភិបាលនៃគណៈអភិបាលសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានជូនដំណឹងតាមរយៈការសរសេរនៅលើគណនីផ្ទាល់ខ្លួនបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយទំនាក់ទំនងសង្គម ដោយបង្ហាញពីការគាំទ្រទៅលើគម្រោងស្ថាបនាផ្លូវក្រោមដីមួយខ្សែនេះ។ ឯកឧត្តម ឃួង ស្រេង បានសរសេរយ៉ាងដូច្នេះថា “ខ្ញុំបានផ្ដួចផ្ដើមគំនិតសំណូមពរដល់ក្រុមហ៊ុន បុរី ប៉េងហួត នូវគម្រោងស្ថាបនាផ្លូវក្រោមដីដែលឆ្លងកាត់ពីបុរីប៉េងហួត(បឹងស្នោរ) មកផ្លូវជាតិលេខ១ ដើម្បីកុំឱ្យមានការកកស្ទះដល់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវជាតិលេខ១ និងប្រជាពលរដ្ឋរស់នៅក្នុងបុរីនេះផ្ទាល់ ដែលធ្វើដំណើរចេញចូលរាជធានីភ្នំពេញ”។
ឯកឧត្តមបានបន្តទៀតថា “រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុន បុរី ប៉េងហួត បានឯកភាពគ្នាលើគម្រោងស្ថាបនាផ្លូវក្រោមដីដែលតភ្ជាប់ពីផ្សារ PH ECO MALL ទៅផ្លូវជាតិលេខ១ ស្ថិតនៅក្នុងសង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជាមួយគ្នានេះត្រូវមានបង្កើតក្រុមការងារបច្ចេកទេស ដែលមានសមាសភាពជាស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការសិក្សាជាកញ្ចប់ឱ្យបានម៉ត់ចត់ មុននឹងធ្វើការសាងសង់ផ្លូវក្រោមដី កាត់ផ្លូវជាតិលេខ ១ដោយត្រូវគិតពីផលប៉ះពាល់សណ្តាប់ធ្នាប់ និងការកកស្ទះចរាចរណ៍ជាដើម” ៕