ឯកឧត្តម គួច ចំរើន ប្រាប់ឱ្យអាជីវករលក់ដូរនៅឆ្នេរអូឈើទាល ប្រញាប់សង់តូបតាមគំរូថ្មី ដើម្បីបង្កើនភាពទាក់ទាញ

បន្ទាប់ពីមានការរៀបចំសណ្តាប់ធ្នាប់ និងកែលម្អសោភ័ណភាពនៅក្រុងព្រះសីហនុទាំងមូល ជាពិសេសនៅតំបន់ទេសចរណ៍ឆ្នេរសមុទ្រនានាកាលពីពេលកន្លងទៅនោះ ពេលនេះតំបន់កម្សាន្តនៅក្នុងក្រុងព្រះសីហនុ មានការកើនឡើងនូវចំនួនភ្ញៀវទេសចរវិញហើយ។បន្ថែមពីនេះ ដើម្បីបង្កើនភាពទាក់ទាញកាន់តែខ្លាំង អភិបាលខេត្តព្រះសីហនុ បានជំរុញឱ្យអាជីវករទាំងអស់ដែលកំពុងប្រកបអាជីវកម្មនៅតំបន់ឆ្នេរអូរឈើទាល ត្រូវសាងសង់តូបជាថ្មីទាំងអស់ ដោយតម្រូវយកតាមគំរូថ្មីដែលចេញដោយក្រសួងទេសចរណ៍។

នៅក្នុងកិច្ចប្រជុំជាលើកទី២ ជាមួយបងប្អូនអាជីវករលក់ដូរ នៅឆ្នេរអូរឈើទាលចំនួន ៤៤តូប ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ ដើម្បីដាក់បង្ហាញប្លង់សាងសង់តូបគំរូថ្មី របស់គណៈកម្មការឆ្នេរកម្ពុជា នារសៀលថ្ងៃទី១៥ សីហា ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍ថា តាមការបង្ហាញរបស់មន្ត្រីមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ បញ្ជាក់ថា តាមប្លង់សាងសង់តូបគំរូថ្មី នៅឆ្នេរអូរឈើទាលមាន ២ប្រភេទ គឺតូបទោល និងតូបភ្លោះ ដែលគណកម្មការបាន ចុះវាស់កំណត់និយាមកា បោះតម្រុយព្រំដោយមានទំហំតូបគំរូ ឯកភាពគ្នាតាមបទដ្ឋាន បច្ចេកទេសគតិយុត្តិ ។

ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានថ្លែងថា «តាមការឯកភាពរបស់គណកម្មការឆ្នេរ បានរៀបចំគំរូប្លង់តូប ដើម្បីឱ្យបងប្អូនយកទៅសាងសង់ តាមគំរូថ្មីមានរចនាបទ សោភ័ណភាពក្នុងការទាក់ទាញភ្ញៀវ ដូច្នេះពេលបញ្ចប់កិច្ចប្រជុំនេះ បងប្អូនអាចរកជាងសាងសង់ ដោយខ្លួនឯងបាន ហើយមន្ត្រីជំនាញរបស់យើងនៅរង់ចាំ ជួយសម្របសម្រួលដើម្បីឲ្យ ការសាងសង់ប្រព្រឹត្តទៅដោយរលូន» ។

ឯកឧត្តម គួច ចំរើន បានគូសបញ្ជាក់ថា ការសាងសង់នៅពេលនេះ មានលក្ខណសមស្រប ព្រោះជារដូវភ្លៀងមិនសូវមានភ្ញៀវទេសចរ ហើយនូវរដូវប្រាំងខាងមុខភ្ញៀវទេសចរ នឹងមកលេងកម្សាន្ត នៅខេត្តព្រះសីហនុច្រើន ដូច្នេះបងប្អូនត្រូវជម្រុញ ការសាងសង់ឱ្យបានលឿន ដើម្បីត្រៀមរៀបចំទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលរដ្ឋបាលខេត្ត និងយកតំបន់ឆ្នេរអូរឈើទាលនេះ ជាកន្លែងបុណ្យឆ្លងឆ្នាំសកល ទន្ទឹមនិងដំណើរការសាងសង់តូប ត្រូវចូលរួមផលប៉ះពាល់អនាម័យ បរិស្ថាន ។

ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា ថ្វីដ្បិតយើងបានតូបគំរូល្អ ក៏ប៉ុន្តែយើងក៏ត្រូវរៀបចំ ប្រព័ន្ធទឹកកខ្វក់បន្តទៀត ដើម្បីឲ្យតំបន់ឆ្នេរអូរឈើទាល ក្លាយជាតំបន់ទេសចរណ៍ ដ៏ទាក់ទាញជាងគេ ក្នុងចំណោមតំបន់ឆ្នេរផ្សេងៗទៀត ក្នុងក្រុងព្រះសីហនុ ៕