រហាត់ទឹកដ៏ធំមួយ មានប្រវត្តិតាំងពីទសវត្សទី៦០ នឹងត្រូវជួសជុលឡើងវិញ

សៀមរាប៖ រហាត់ទឹកមួយកន្លែង ដែលមាន​ស្ថិតក្នុង​ទីតាំង​បណ្តុះ​កូនឈើ​ប្រាសាទតាកែវ​ក្នុង​ឧទ្យាន​អង្គរ មានប្រវត្តិតាំងពីទសវត្សទី ៦០ នឹងត្រូវធ្វើការ​ជួសជុល​ឡើង​វិញ ដោយអ្នកជំនាញ​អាជ្ញាធរ​ជាតិអប្សរា ​ក្រោម​ជំនួយ​ពី​សប្បុរសជន។

រហាត់ទឹក​ឈើ​ដ៏​ធំ​នោះ មាន​ស្ថិតក្នុង​ទីតាំង​បណ្តុះ​កូនឈើ​ប្រាសាទតាកែវ​ក្នុង​ឧទ្យាន​អង្គរ គឺ​បាន​កសាងឡើង​តាំងពី​សម័យ​សង្គមរាស្ត្រនិយម ដោយនៅទីនោះមាន​ផ្ទះ​លម្ហែកាយ​មួយ ប៉ុន្តែ​ត្រូវបាន​រង​នូវ​ការខូចខាត​ស្ទើរ​បាត់​រូបរាង​ដោយសារ​អាយុកាល និង​សង្គ្រាម​នា​សម័យ​ប៉ុលពត។ នេះ​បើតាម​ការរៀប​រាប់រប​ស់លោក ម៉ៃ មួន ដែលជា​អតីត​អ្នកគ្រប់គ្រង​រដ្ឋបាល​ព្រៃឈើ ខេត្តសៀមរាប ដែល​សព្វថ្ងៃ​បម្រើការ​នៅ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ​ទេសភាព​វប្បធម៌​ និង​បរិស្ថាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានប្រាប់។

លោក ម៉ៃ មួន បន្តថា ចូលដល់​សម័យ​ខ្មែរក្រហម រហាត់ទឹក​នេះ​ក៏បាន​ខូចខាត​ទាំងស្រុង តែ​ក៏​ត្រូវបាន​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប​ធ្វើការ​សាងសង់​ឡើងវិញ​នៅ​ចុង​ទស្សវត្សរ៍​ទី៨០ ប៉ុន្តែ​មិនមាន​ផ្ទះ​លម្ហែកាយ​ដូច​មុន​ទេ ដើម្បី​ទាញ​ទឹក​ពី​ស្ទឹង​សៀមរាប​មក​ស្រោចស្រព​កូនឈើ​នៅក្នុង​សួន​បណ្តុះ​កូនឈើ​ប្រាសាទតាកែវ​ដែល​ខ្លួន​គ្រប់គ្រង។

ក្រោយមក ពេល​អង្គរ​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក រហាត់ទឹក​ និង​សួន​បណ្តុះ​កូនឈើ​ប្រាសាទតាកែវ ត្រូវបាន​ប្រគល់​សិទ្ធិ​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​ជំនួស​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប។ ក្នុងដំណាក់កាល​គ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា រហាត់ទឹក​នេះ ក៏មាន​ការជួសជុល​ដោយ​សហការ​ជាមួយ​ជប៉ុន និង​សាលាសង្កាត់​នគរធំ និង​មាន​ដំណើរការ​ផ្គត់​ផ្គត់​ទឹក​សម្រាប់​ស្រោច​កូនឈើ​បាន​តិចតួច​ប៉ុណ្ណោះ ព្រោះ​រហាត់​ធំ ឯ​ទឹកស្ទឹង​មាន​តិច។ តែ​បច្ចុប្បន្ន រហាត់ទឹក​នេះ បាន​រង​នូវ​ការខូចខាត​ជា​ដំណំ សល់​តែ​រូបរាង​ពុកផុយ​មិនអាច​ដំណើរការបាន​តែម្តង។

ដោយ​មើលឃើញ​ពី​តម្លៃ​ដ៏​មាន​សារៈសំខាន់​ក្នុងការ​ទាញយក​ពី​ទឹកស្ទឹង​សៀមរាប មក​ស្រោចស្រព​កូនឈើ​នៅ​សួន​បណ្តុះ​កូនឈើ​ប្រាសាទតាកែវ និង​ជាការ​អត្តសញ្ញាណ​មួយ​នៃ​ខេត្តសៀមរាប​តាម​រយៈ​​ប្រវត្តិ​នៃ​រហាត់ទឹក​នេះ រួម​នឹង​តម្រូវការផ្សេងៗជា​ប្រយោជន៍​ក្នុងការ​ទាក់ទាញ​ភ្ញៀវ​ទេស​ជាតិ និង​អន្តរជាតិ​ផង​នោះ ព្រះ​តេជគុណ​ព្រះ​សទ្ធម្ម​ប្ប​កា​សេនី បណ្ឌិត តាត មហា​ទី ព្រះចៅអធិការ​វត្ត​ព្រះឥន្ទ​កោសា​និង​អាជ្ញាធរ​ជាតិ​អប្សរា បានស្នើ​សុំ​ដល់​លោកជំទាវ​ឧកញ៉ា សៀង ចាន់​ហេង អគ្គនាយិកា ក្រុមហ៊ុន ហេង​អភិវឌ្ឍន៍ សុំ​ជួយ​ជួសជុល​រហាត់ទឹក​នេះ​ឡើងវិញ។

ជា​កិច្ច​ឆ្លើយតប លោកជំទាវ ក៏បាន​ទទួលយក​សំណើរ​ជួសជុល​ដើម្បីឱ្យ​រហាត់ទឹក​នេះ​ដំណើរការ​ឡើងវិញ ហើយក៏​បានស្នើ​សុំឱ្យ​ខាង​អាជ្ញាធរ​ជាតិ​អប្សរា សិក្សា​និង​ពិភាក្សា​អំពី​តម្លៃ​ក្នុង​ការជួសជុល រួមទាំង​សម្ភារៈ​ដែល​ត្រូវយក​មកប្រើប្រាស់​ឱ្យបាន​គង់វង្ស​យូរអង្វែង។

អាជ្ញាធរ​ជាតិ​អប្សរា​សូម​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​ការរួមចំណែក​របស់លោក​ជំទាវ ឧកញ៉ា សៀង ចាន់​ហេង រួមទាំង​ព្រះ​តេជគុណ​ព្រះ​សទ្ធម្ម​ប្ប​កា​សេនី បណ្ឌិត តាត មហា​ទី ព្រះចៅអធិការ​វត្ត​ព្រះឥន្ទ​កោសា ក្នុង​ការកសាង​សមិទ្ធិផល​ក្នុង​តំបន់​អង្គរ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​សម្រាប់​ជា​ប្រយោជន៍​ដល់​ជនរួមជាតិ​គ្រប់​ជំនាន់៕