
ភ្នំពេញ៖ ក្នុងសន្នីសិទសារព័ត៌មានធ្វើឡើង ដើម្បីបកស្រាយស្ដីពីមូលហេតុដែលរដ្ឋាភិបាលសម្រេចកាត់បន្ថយថ្ងៃឈប់សម្រាកពី 28 ថ្ងៃមកត្រឹម 22 ថ្ងៃ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថាការរំលឹកទិវាកិច្ចព្រមព្រៀងក្រុងប៉ារីស ២៣ តុលាប្រៀបបាននឹងការបើកចំឲ្យបរទេសមកគ្រប់គ្រងកម្ពុជាដូច្នោះដែរ។
លោក ផៃ ស៊ីផាន ថ្លែងថាអង្គការមួយចំនួននៅកម្ពុជាតែងតែប្រើប្រាស់ទិវានេះ ដើម្បីហៅបរទេសឲ្យមកគ្រប់គ្រងកម្ពុជា ខណៈលោកបញ្ជាក់ថាកិច្ចព្រមព្រៀងនេះ គឺគ្រាន់តែជាសុបិន្តអាក្រក់មួយប៉ុណ្ណោះ ដោយជំរុញឲ្យប្រជាជនឲ្យតម្លៃដល់រដ្ឋធម្មនុញ្ញរបស់កម្ពុជាវិញ។
លោកផៃ ស៊ីផាន៖ « បើយើងរំលឹកកិច្ចព្រមព្រៀងក្រុងប៉ារីសបានន័យថាយើងបើកចំហឱ្យបរទេសមកគ្រប់គ្រងយើងផ្ទាល់! ក៏ប៉ុន្តែប្រសិនយើងរំលឹកទិវារដ្ឋធម្មនុញ្ញរបស់កម្ពុជា យើងអាចជជែកគ្នាបាន តើធ្វើយ៉ាងមិចឱ្យប្រទេសយើងជឿនលឿនតទៅទៀត? រក្សាស្ថិរភាពឱ្យបានរឹងមាំតទៅទៀត តើយើងធ្វើច្បាប់មួយការពារប្រយោជន៍របស់ប្រជាជនកម្ពុជាប្រាស់ចាកពីការជិះជាន់ពីមន្ត្រីអាក្រក់ » ។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នំា១៩៩១ មានប្រទេសចំនួន ១៨ បានចុះហត្ថលេខាទទួលស្គាល់ ក្នុងនោះមានទាំងមហាអំណាចទាំង ៥ផងដែរ ដូចជា ចិន រុស្ស៊ី បារាំង និងសហរដ្ឋអាមេរិក ជាដើម។
សូមបញ្ជាក់ថា៖ ក្នុងតារាងថ្ងៃឈប់សម្រាកសម្រាប់ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា កាត់បន្ថយចំនួន ៦ ថ្ងៃ ពី២៨ថ្ងៃមកនៅត្រឹម ២២ ថ្ងៃ។ ក្នុងចំណោមថ្ងៃដែលត្រូវកាត់ចេញនោះមានកិច្ចព្រមព្រៀងក្រុងប៉ារីស ២៣ តុលា និងទិវាសិទ្ធិមនុស្សអន្ដរជាតិ ១០ធ្នូ ត្រូវកាត់ចេញ។ ក្នុងនោះ ព្រះរាជពិធីបុណ្យចម្រើន ព្រះជន្មព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានកាត់បន្ថយ ០២ ថ្ងៃ ពោលថ្ងៃឈប់សម្រាកនៅសល់តែ ០១ថ្ងៃ។ ដោយឡែកបុណ្យមាឃបូជា ទិវាជាតិនៃការចងចាំ ទិវាកុមារអន្តរជាតិ ក៏បានត្រូវកាត់ចេញដូចគ្នា៕