រដ្ឋាភិបាល សម្រេចឈប់ចេញអាជ្ញាប័ណ្ណអាជីវកម្មល្បែងតាម Online ក្រោយរកឃើញបទឧក្រិដ្ឋ និងបញ្ហាមួយចំនួន

ភ្នំពេញ៖ ក្រោយរកឃើញបទឧក្រិដ្ឋកម្មផ្សេងៗ និងបញ្ហាមួយចំនួនទៀត បានកើតឡើងជ្រកក្រោមក្រោមរូបភាពល្បែងភ្នាល់តាមប្រព័ន្ធ Online ដើម្បីធ្វើសកម្មភាពបោកប្រាស់ជំរិតទារប្រាក់ពីជនរងគ្រោះទាំងក្នុង និងក្រៅប្រទេស ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយក្នុងសង្គម រដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ឈប់ការចេញអាជ្ញាប័ណ្ណឲ្យប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិច Online គ្រប់ប្រភេទ ទាំងក្នុង និងក្រៅប្រទេស។

សារាចរណែនាំនេះ ត្រូវបានចុះហត្ថលេខា ដោយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ដោយត្រូវអនុញ្ញាតចាប់ពីថ្ងៃជូនដំណឹងនេះទៅ។ ក្នុងសារាចរណែនាំនោះមានចំនួន ៣ ចំណុចមានបញ្ជាក់ដូចខាងក្រោម៖

១៖ មន្រ្តីនគរបាលយុត្តិធម៌ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវប​ង្កើនការស្រាវជ្រាវ និងបង្រ្កាបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចតាមរយៈអ៉ិនធើណេនអនឡាយ ក្នុងនិងក្រៅប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាព ដែលធ្វើសកម្មភាពដោយមិនមានអាជ្ញាប័ណ្ណពីក្រសួង ស្ថាប័នមានសមត្ថកិច្ច។

២៖ ចំពោះអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីន អេឡិចត្រូនិចតាមរយៈអ៉ិនធើណែតអនឡាយ ក្នុងនិងក្រៅប្រទេសដែលមានអាជ្ញាប័ណ្ណ ត្រូវបានអនុញ្ញាតឲ្យធ្វើសកម្មភាពរហូតផុតសុពលភាព​ ដែលបានកំណត់ក្នុងអាជ្ញាប័ណ្ណ។ បន្ទាប់ពីនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមិនបន្តសុពលភាព នៃអាជ្ញាប័ណ្ណអនុញ្ញាត ឲ្យប្រកបអាជីវកម្មល្បែងភ្នាល់ប្រភេទនេះតទៅទៀតឡើយ។

៣៖ រាជរដ្ឋាភិបាល បញ្ឈប់ការផ្តល់គោលការណ៍ និងអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិច តាមរយៈអ៉ិនធើណេតអនឡាយទាំងក្នុង និងក្រៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃចុះហត្ថលេខាលើសារាចរណែនាំនេះតទៅ៕