
ភ្នំពេញ៖ នៅឆ្នាំ២០១៩នេះមានបេក្ខជន-បេក្ខនារីជិត ១២ម៉ឺននាក់ នឹងចូលរួមប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែសីហាស្អែកនេះ ខណៈមិនមានវត្តមានមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចុះសង្កេតការណ៍ប្រឡងដូចរាល់ឆ្នាំ ប៉ុន្ដែក្រសួងអះអាងថា វិធានការលើការប្រឡងនឹងបន្តអនុវត្តន៍ដោយតឹងរឹង និងម៉ឹងម៉ាត់តាមគោលការណ៍ «ចេះគឺជាប់»។
ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ការប្រឡងបាក់ឌុបនៅឆ្នាំនេះ មានបេក្ខជនសរុប ១១៧,០២៤នាក់ ស្រី ៦០,៤២១នាក់ ថយចុះ ៣៧នាក់ បើធៀបនឹងឆ្នាំ២០១៨។ ដោយចែកចេញ ២០២មណ្ឌល (ថ្នាក់វិទ្យាសាស្ត្រ ៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម ១២៧មណ្ឌល) ស្មើនឹង ៤,៧២៥បន្ទប់។ បេក្ខជនប្រឡងថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤៤,៦៨៣នាក់ ស្រី២៥,២៨៥នាក់ (១,៨១០បន្ទប់) ថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៧២,៣៤១នាក់ ស្រី ៣៥,១៣៦នាក់ (២,៩១៥បន្ទប់)។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ក្រសួងបានរៀបចំ និងត្រៀមលក្ខណៈសម្បត្តិរួចរាល់អស់ហើយទាំងមន្ត្រីគ្រប់គ្រងការប្រឡង មណ្ឌល និងវិញ្ញាសារ។ ពោលអ្វីៗនឹងត្រូវប្រព្រឹត្តទៅតាមការគ្រោងទុក គ្មានអ្វីប្រែប្រួលនោះឡើយ ប៉ុន្ដែមានមណ្ឌលប្រឡងតែមួយប៉ុណ្ណោះនៅក្នុងខេត្តកំពត ត្រូវបានផ្លាស់ប្តូរដោយសារតែជំនន់ទឹកភ្លៀង។
លោក រស់ សុវាចា បានបញ្ជាក់ថា «ការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង១៩-២០ សីហា ឆ្នាំ២០១៩នេះ គឺបានរៀបចំរួចស្រេចទៅតាមការគ្រោងទុក ចំណែកឯហឹបវិញ្ញាសារទាំង៤០៤ ក៏បានដឹកទៅដល់មណ្ឌលប្រឡងរួចរាល់ផងដែរ»។
លោកបន្ថែមថា ដើម្បីធ្វើឲ្យការប្រឡងទទួលបានជោគជ័យតាមគោលដៅដែលបានគ្រោងទុក ក្រសួងបានពង្រាយមន្ត្រីគ្រប់គ្រងការប្រឡងនេះ សរុប ១៧,៤៣០នាក់ ក្នុងនោះ អប្បមាទ ៦០៦នាក់ ជំនួយការអប្បមាទ ដែលជាគរុនិសិ្សត ២,៤០៥នាក់ អនុរក្ស ១០,៦៣១នាក់ ប្រធានមណ្ឌល២០២ គណៈកម្មការត្រួតពិនិត្យតាមអគារ ១,១៨១នាក់ និងគណៈកម្មការកណ្តាល ២,៤០៥នាក់។
ការប្រឡងនៅថ្ងៃទី១៩ ខែសីហា ស្អែកនេះ សម្រាប់ថ្នាក់វិទ្យាសាស្ត្ររួមមានមុខវិជ្ជា៖ ប្រវត្តិវិទ្យា, ជីវវិទ្យា, គីមីវិទ្យា និងភាសាបរទេស។ ថ្នាក់វិទ្យាសាស្ត្រសង្គមរួមមានមុខវិជ្ជា៖ ផែនដី និងបរិស្ថានវិទ្យា, ប្រវត្តិវិទ្យា, ភូមិវិទ្យា និងភាសាបរទេស។
ជាមួយគ្នានេះ នៅថ្ងៃទី២០ ខែសីហា សម្រាប់ថ្នាក់វិទ្យាសាស្ត្ររួមមានមុខវិជ្ជា៖ អក្សរសាស្ត្រខ្មែរ, រូបវិទ្យា និងគណិតវិទ្យា។ ថ្នាក់វិទ្យាសាស្ត្រសង្គមរួមមានមុខវិជ្ជា៖ គណិតវិទ្យា, សីលធម៌ ពលរដ្ឋវិជ្ជា និងអក្សរសាស្ត្រខ្មែរ៕