
ភ្នំពេញ៖ ព្រះរាជអាជ្ញានៃអយ្យការសាលាដំបូងរាជធានីភ្នំពេញលោកកែវ សុធា បានសម្រេចចោទប្រកាន់ឧកញ៉ា ស្រី សុធា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន 7NG និងឧកញ៉ា ស្រី ចន្ធូ នាយកក្រុមហ៊ុន7NG ពីបទឆបោកពាក់ព័ន្ធការលក់ដីខ្យល់ទំហំ១ហិកតា ស្ថិតនៅភូមិព្រែកចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល តាមមាត្រា ៣៩១ និងមាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីកំឡុងឆ្នាំ២០០៨ ដល់ឆ្នាំ២០១៩។
តាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ គឺជនត្រូវចោទទាំង២នាក់ ត្រូវស្ថិតនៅក្រោមការឃុំខ្លួនបណ្តោះអាសន្ន ដើម្បីបង្ការ ឬបញ្ចប់បទល្មើស កុំឲ្យកើតឡើងជាថ្មី និងធានារក្សាជនត្រូវចោទទុកជូនតុលាការចាត់ការតាមនីតិវិធី ប៉ុន្តែបច្ចុប្បន្ននេះ ជនត្រូវចោទទាំង២នាក់ កំពុងស្ថិតនៅក្រៅឃុំ។
តាមបណ្ដឹងរបស់អ្នកស្រី ឈុន ណាវី អាយុ៣៨ឆ្នាំ បានបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០០៨ អ្នកស្រី បានទិញដីទំហំ១ហិកតា ស្ថិតនៅភូមិព្រែកចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលជាដីរបស់ក្រុមហ៊ុន 7NG ពីឈ្មោះ ស្រី សុធា គឺ«មានឯកសារត្រឹមតែលិខិតផ្ទេរសិទ្ធិកាន់កាប់ដីតែប៉ុណ្ណោះ»។ នៅដើមឆ្នាំ២០១៩នេះ អ្នកស្រីមានបំណងធ្វើរបងថ្មជុំវិញដីរបស់ខ្លួន ស្រាប់តែឈ្មោះ ស្រី សុធា និងឈ្មោះស្រី ចន្ធូ ពុំមានដីដូចទីតាំងខាងលើឲ្យអ្នកស្រីឡើយ ទើបអ្នកស្រីសម្រេចចិត្តប្ដឹងទៅតុលាការតែម្ដង។
សូមរំលឹកថា កាលពីពេលកន្លងទៅ ក៏មានការផ្ទុះការតវ៉ាដល់ទីស្នាក់ការក្រុមហ៊ុន 7NG ដែរ ប៉ុន្តែឧកញ៉ា ស្រី សុធា បានចេញមុខសម្របសម្រួល ដោយសន្យាថានឹងប្រគល់ដីជូនអតិថិជនទាំងអស់ ចាប់ពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ជាកំហិត។ ប្រសិនបើក្រុមហ៊ុនពុំមានដីប្រគល់ជូននោះ នឹងសន្យាសងប្រាក់វិញតាមតម្លៃទីផ្សារដីធ្លី៕