
ហុងកុង៖ បន្ទាប់ពីបញ្ជូនកងកម្លាំងប៉ូលីសផ្នែកបង្កាប់ (China’s People’s Armed Police) ជាច្រើននាក់ ទៅក្បែរទីក្រុងហុងកុង ដើម្បីត្រៀមទប់ទល់នឹងក្រុមបាតុកម្មប្រឆាំង រដ្ឋាភិបាលក្រុងប៉េកាំងបានបញ្ចេញចង្កូមជាថ្មី ដោយបញ្ជាឲ្យធ្វើសមយុទ្ធផ្សេងៗ ដែលនេះសញ្ញាមួយចង់បង្ហាញទៅក្រុមប្រឆាំងឲ្យមានការខ្លាចរអា។
កម្លាំងប៉ូលីសប៉ារ៉ាប្រដាប់អាវុធ បានបន្តធ្វើសមយុទ្ធនៅក្នុងទីក្រុងសិនជិន ជាប់ព្រំដែនទីក្រុងហុងកុង កាលពីថ្ងៃសៅរ៍នេះ។ តាមការរំពឹងទុក កងកម្លាំងទាំងនោះ នឹងត្រូវបញ្ជូនទៅបង្ក្រាបការតវ៉ាភ្លាមប្រសិនបើស្ថានភាពផ្ទុះឡើងខ្លាំង។ ក្នុងសមយុទ្ធនោះ គេឃើញមានរថពាសដែកយោធាពណ៌ខៀវ និងរថយន្តធន់ធ្ងន់រាប់សិបគ្រឿងចតនៅខាងក្នុង និងខាងក្រៅបរិវេណនោះ។
យ៉ាងណា សារព័ត៌មានរដ្ឋចិននិយាយថា លំហាត់សមនានានៅទីក្រុងសិនជិន គឺមិនបានជាប់ពាក់ព័ន្ធនឹងភាពរំជើបរំជួលក្នុងទីក្រុងហុងកុងទេ ដោយវាគ្រាន់តែសមយុទ្ធមួយ ដែលមានការគ្រោងធ្វើតាំងពីមុនពេលមានការតវ៉ាកើតឡើងមកម្ល៉េះ៕