
ភ្នំពេញ៖ រសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានទទួលជួបតំណាងក្រុមហ៊ុន មីនេបៀ (MinebeaMitsumi) ដើម្បីពិភាក្សាគ្នាស្ដីពីដំណើរការបំពាក់អំពូល LED សម្រាប់ការបំភ្លឺផ្លូវពេលយប់ ចំនួន ៧,៣៥៩ បង្គោល ក្នុងទីក្រុងសំខាន់ៗរបស់កម្ពុជា។
ការដំឡើងអំពូល LED សម្រាប់ការបំភ្លឺផ្លូវពេលយប់ ហើយអំពូលភ្លើងនេះ បានចូលរួមក្នុងការសន្សំសំចៃការប្រើប្រាស់ចរន្តអគ្គិសនី។ អំពូលភ្លើងទាំងនេះត្រូវបានផលិតឡើងដោយក្រុមហ៊ុនជប៉ុនដែលវិនិយោគនៅកម្ពុជា និងប្រើប្រាស់កម្លាំងពលរដ្ឋកម្ពុជា។
លោក Yoshihisa KAINUMA បានបញ្ជាក់ថា គម្រោងនេះត្រូវបានអនុវត្តនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ សរុប អំពូលLED ចំនួន ៧ ៣៥៩ បង្គោលដែលបម្រើឲ្យទម្រង់នៃទីក្រុងវៃឆ្លាតនឹងត្រូវដាក់បរតិបត្តិការនៅឆ្នាំនេះ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនបានដំឡើងបានចំនួន ១,១៨៧ បង្គោលនៅតាមមហាវិថីចំនួន ៣ នៅរាជធានីភ្នំពេញ។ ចំណែកនៅខេត្តសៀមរាប ក្រុមហ៊ុនបានចុះអនុស្សរណនៃការយោគយល់ជាមួយរដ្ឋបាលសាលាខេត្តសៀមរាបរួចហើយ ដើម្បីដំឡើង LED បន្ថែមចំនួន ៥០០ ទៀត។ គម្រោងនេះក៏នឹងអាចបន្តអនុវត្តនៅខេត្ត្តព្រះសីហនុដែរ។
ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា ការប្រើប្រាស់ចរន្តអគ្គិសនីជាមួយនឹងអំពូលដែលស៊ីភ្លើងតិចមិនមែនត្រឹមតែជួយសន្សំសំចៃចរន្តអគ្គិសនី ប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលរួមកាត់បន្ថយការបំពុលដោយពន្លឺ ជួយសន្សំសំចៃថវិកា និងចូលរួមការពារបរិស្ថាន ហើយធ្វើឲ្យទីក្រុងមានផាសុកភាពក្នុងការរស់នៅ។ ឯកឧត្តម ក៏បានផ្តួចផ្តើមគំនិតរៀបចំសិក្ខាសាលាដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុនមីនេបៀនេះបង្ហាញនូវបច្ចេកវិទ្យាដែលជួយដល់បរិស្ថាននេះដល់ម្ចាស់បុរី និងម្ចាស់សំណង់នានា៕