រថយន្តទំនើបៗផុតលេខ នាំចូលគេចពន្ធជាង ៥០០គ្រឿង ត្រូវបានគយរឹបអូសទុកក្នុងឃ្លាំង

ភ្នំពេញ៖ រថយន្តស៊េរីទំនើបៗផុតលេខដែល​លួចនាំចូលអត់ពន្ធប្រមាណ ៥០០គ្រឿង ត្រូវបានកម្លាំងគយ និង​រដ្ឋា​ករ​រកឃើញ និងរឹបអូសយកទុកនៅក្នុងឃ្លាំង បន្ទាប់ពីអគ្គនាយ​ក​ដ្ឋាន​គយ និងរដ្ឋាករ បានភ្ជាប់ប្រព័ន្ធ​ស្វ័យ​ប្រវត្តិ​កម្ម​ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីធ្វើការជាមួយគ្នា។

ប្រតិបត្តិការនេះ ជាគំនិតផ្តួចផ្តើមដឹកនាំដោយទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ​កម្ពុជា ក្រោមការជ្រោមជ្រែងពីឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ បានបង្កើតក្រុមការងារអន្តរក្រសួងមួយ។

កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ បាន​សម្រេច​ដាក់​ឲ្យ​​ដំណើរការយន្តការប្រព័ន្ធបច្ចេកវិទ្យា ដើម្បីចែករំលែកទិន្នន័យចុះបញ្ជីយានយន្ត និងទិន្នន័យពន្ធនាំចូល​យាន​យន្ត​ទៅវិញទៅមក និងតាមដានភាពមិនប្រក្រតីពាក់ព័ន្ធទាំងនេះ។ តាមការចេញផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញថា ការចាប់បានរថយន្តអត់ពន្ធទាំងនេះ គឺជាជោគ​ជ័យនៃកិច្ចសហការគ្នារវាងគយ និងរដ្ឋាករកម្ពុជាជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដោយ​បាន​តភ្ជាប់​ប្រព័ន្ធស្វ័យប្រវត្តិកម្មដឹកជញ្ជូនផ្លូវគោក និងប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ។

ក្រសួងសាធារណការបានបញ្ជាក់ថា កិច្ចសហការរវាងស្ថាប័នទាំងពីរបានផ្តល់លទ្ធផលជាវិជ្ជ​មា​នជាច្រើនដូចជាការចុះបញ្ជី​យាន​យន្ត​មានរយៈពេលខ្លីរហ័ស ធានាមិនមានការក្លែងបន្លំឯកសារសាធារណៈ ដែលអាចគេចផុតពីភ្នែកសមត្ថកិច្ច ទប់​ស្កាត់ និងចាប់រថយន្តមិនបង់ពន្ធនាំចូល បង្កើនប្រសិទ្ធភាពការអនុវត្តការប្រមូលពន្ធនាំចូលយានយន្ត និងបង្កើន​ចំណូលថវិកាជាតិ។

តាមរយៈកិច្ចសហការនេះបានចូលរួមធ្វើឱ្យចំណូលពន្ធនាំចូលយានយន្ត មានការកើន​ឡើង​ប្រមាណ៣៤% ក្នុងឆ្នាំ២០១៨ ធៀបនឹងឆ្នាំ២០១៧។ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការនេះឲ្យ​កាន់តែមានប្រសិទ្ធភាពថែមទៀតនោះ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩​ម្សិល​មិញនេះ ក្រុមការងារអន្តរក្រសួងនេះ បានចុះពិនិត្យជាក់ស្តែងចំពោះរថយន្តមានភាពមិនប្រក្រតី ដែល​មន្ដ្រី​គយ និងរដ្ឋាករមានសមត្ថកិច្ចបានឃាត់ទុកនៅឃ្លាំងគយបណ្តោយមហាវិថីឈ្នះឈ្នះ។

បេសកកម្មនេះត្រូវបានដឹកនាំដោយលោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ប្រ​ធា​ន​នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាសហប្រធានក្រុមការងារអន្តរក្រសួង តភ្ជាប់​ប្រព័​ន្ធ​​ស្វ័យប្រវត្តិកម្មដឹកជញ្ជូនផ្លូវគោក និងប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ និងលោក ប៉ោ សួន អនុប្រធាននាយ​ក​ដ្ឋាន​កិច្ចការច្បាប់ សវនកម្ម និងទំនាក់ទំនាក់ទំនងសាធារណៈ និងជាអនុប្រធានក្រុមការងារ ដោយមានការ​ចូល​រួម​ពីមន្ត្រីជំនាញពាក់ព័ន្ធមកពីអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងនា​យ​ក​ដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ។

លោក ហ៊ាង សុទ្ធាយុត្តិ បានថ្លែងថា ការចុះពិនិត្យរថយន្តជាក់ស្តែងនាពេលនោះ ត្រូវបានធ្វើឡើងក្នុងគោលបំ​ណ​ង​​ដើម្បីវាយតម្លៃលើភាព​មិនប្រក្រតីនៃ​រថយន្តគ្មានបង្កាន់ដៃពន្ធនាំចូល មិនមានផ្លាកលេខ ពាក់ផ្លាកលេខក្លែងក្លាយ ពាក់ផ្លាកលេខបានពីផលចោរកម្ម រថយន្តកាត់ត និងមានបញ្ហាលេខតួ លេខម៉ាស៊ីន ម៉ូដែល និងឆ្នាំផលិត និងទ្រង់ទ្រាយផ្សេងជាដើម។ ចំណែករថយន្តទាំងនោះ ត្រូវបានតម្រូវឲ្យបំពេញបែបបតាមច្បាប់ និងរឹបអូសទុក​កន្លែងមានសុវត្ថិភាព៕